ក្រសួង​ព័ត៌មាន​​ជំរុញ​​អង្គភាព​​សារ​ព័ត៌មាន​​ដែល​​រក​​ប្រាក់​ចំណូល​​ទៅ​ចុះ​​បញ្ជី​​នៅ​​ក្រសួង​​ពាណិជ្ជ​កម្ម​​

អនុរដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័​ណ្ឌ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ស្តី​ការក្រ​សួង​ព័ត៌មាន ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ក្រសួងព័ត៌មាន ជំរុញ​អង្គភាព​សារព័ត៌មាន​ទាំងអស់ដែល​រក​ប្រាក់ចំណូល ទៅចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដែល​ក្រសួង​ថា ដើម្បី​អនុវត្ត​ច្បាប់និង​ការពារ​ផលប្រយោជន៍​របស់​អង្គភាព។

ការជំរុញ​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្តី​ការក្រ​សួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​នីតិវិធី​ក្នុង​ការចុះបញ្ជី​ពាណិជ្ជកម្ម កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាននិង​សោ​តទស្សន៍។

អនុរដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័​ណ្ឌ មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ការជំរុញ​ឱ្យ​អង្គភាព​សារព័ត៌មាន​ដែល​រក​ប្រាក់ចំណូល ទៅចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធានា​ថា អត្តសញ្ញាណ​នៃ​អង្គភាព​ឬស្ថាប័ន​សារព័ត៌មាននិង​សោ​តទស្ស​ន៍នី​មួយ​ៗមិន​ជាន់គ្នា និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកស្នើ​សុំ​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្មនិង​បញ្ជី​ម៉ាក។ 

លោក​បន្ត​ថា ការចុះបញ្ជី​នេះ ក៏​ជា​ការ​ការពារ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ រួម​ទាំង​ជំរុញ​ការអនុវត្ត​ច្បាប់និង​បទ​ប្ប​ញ្ញ​ត្តិ​ផ្សេង​ៗក្នុង​វិស័យ​សារព័ត៌មាន​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួង​រូប​នេះ បញ្ជាក់​ដែរ​ថា កន្លងមក ក្រសួង​បាន​រក​ឃើញថា មាន​អង្គភាព​ឬ​ស្ថាប័ន​សារព័ត៌មាន​ខ្លះ​បាន​ប្រើប្រាស់​ស្លាក​សញ្ញានិង​ឈ្មោះ​ជាន់គ្នា។

លោក​បន្ថែម​ថា៖ «ពាក់ព័ន្ធ​ការចុះបញ្ជី​ម៉ាកនិង​ពាណិជ្ជ​នាម ក៏​មិនមែន​ជា​កាត​ព្វ​កិច្ច​តម្រូវ​ដែរ គឺជា​ការ​ស្ម័គ្រចិត្ត ដើម្បី​ការពារ​ផលប្រយោជន៍​របស់​បងប្អូន ដោយ​ថ្ងៃក្រោយ​ទៅ​កុំឱ្យ​គេ​ប្រើ​ឈ្មោះហ្នឹង កុំឱ្យ​គេ​ប្រើ​ឡូហ្គោ [Logo​] ហ្នឹង។ បងប្អូន​ខ្លាច​គេ​ប្រើ បងប្អូន​ត្រូវតែ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ការពារ​ម៉ាកឬកម្ម​សិទ្ធិបញ្ញា​របស់​យើង ថា​យើង​មានឈ្មោះ​មួយ ឡូហ្គោ​មួយ មិន​ឱ្យ​អ្នកណា​ប្រើ​បានទេ ព្រោះ​ក្រសួង​ពាណិជ្ជកម្ម​ទទួលស្គាល់​ផ្លូវច្បាប់​ហើយ»។

ប្រធាន​នាយកដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក តូ រិទ្ធ មានប្រសាសន៍​ថា អង្គភាព​សារព័ត៌មាន​ទាំងឡាយ​ណាដែល​ធ្វើអាជីវកម្ម​ផ្នែក​សោ​តទស្ស​ន៍ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។ 

លោក​បន្ត​ថា ការជំរុញ​ឱ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ការចុះបញ្ជី​លើ​អាជ្ញា​បណ្ណ ការចុះបញ្ជី​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​វិស័យ​សារព័ត៌មាននិង​សោ​តទស្សន៍។

លោក​បន្ថែម​ថា៖ «មានន័យថា ធ្វើ​ម៉េច​ការពារ​លើ​ការប្រើ​ប្រាស់​លើ​ម៉ាក​ឈ្មោះ​ពាណិជ្ជ​នាម កុំឱ្យ​មានការ​ជាន់គ្នា​ឬក៏​មាន​លក្ខណៈ​ស្រដៀងគ្នា ភ័ន្តច្រឡំ​គ្នា ដែល​ពាក់ព័ន្ធ​កម្ម​សិទ្ធិបញ្ញា​ហ្នឹង គឺ​យើង​ញែក​ឱ្យ​ដាច់​ពីគ្នា ដើម្បី​ចៀសវាង​ការ​កើតឡើង​នូវ​ជម្លោះ»។

បើ​តាមលោក តូ រិទ្ធ ការចុះបញ្ជី​ជា​លក្ខណៈ​ក្រុមហ៊ុនគឺ​បង់​តម្លៃ១លាន១ម៉ឺន​រៀល និង​ការចុះបញ្ជី​ជា​សហគ្រាស​មានតម្លៃ១៨ម៉ឺន​រៀល មាន​រយៈពេល៩៩ឆ្នាំ។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​ទូរទស្សន៍ PNN លោក ប៉ែន បូ​ណា គាំទ្រ​ឱ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ការពារ​ឈ្មោះ ម៉ាក និង​ពាណិជ្ជ​នាម​របស់​ខ្លួន។ លោក​ថា បញ្ហា​នេះគឺ​មាន​អ្នកសារព័ត៌មាន​មួយចំនួនមិនទាន់​បាន​យល់ និង​កំពុង​មានការ​ព្រួយបារម្ភដោយ​ខ្លាច​មាន​តម្រូវនិង​រឹ​តបន្ដឹង​ផ្សេង​ៗ។

តែ​យ៉ាងណា លោក​ថា ក្លឹប​អ្នកកាសែត​កម្ពុជា ក៏​គ្រោង​រៀបចំ​ជំនួប​មួយរវាង​អ្នកសារព័ត៌មាននិង​តំណាង​ក្រសួងព័ត៌មាន ដើម្បី​ឱ្យ​ក្រសួង​ពន្យល់​ឱ្យ​បាន​កាន់តែ​ច្បាស់​ដល់​អ្នកសារព័ត៌មាន​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គាំទ្រ​ឱ្យ​មានការ​ចុះបញ្ជី ពីព្រោះ​ដើម្បី​ការពារ​ឈ្មោះ ម៉ាក និង​ពាណិជ្ជ​នាម​របស់​យើង ក្នុងនាម​ជា​កម្ម​សិទ្ធិថា ឈ្មោះ​ហ្នឹង​ជា​របស់​ស្ថាប័ន​យើង ថ្ងៃក្រោយ​បើសិនជា​មាន​អ្នកណា​មក​បង្កើត​ឈ្មោះ​ដូច​យើង គឺ​អត់​បានទេ ពីព្រោះ​យើង​បាន​ចុះបញ្ជី​នៅ​ក្រសួងព័ត៌មាន​រួចហើយ អាហ្នឹង​ជា​ភាពរឹងមាំ​ផ្នែក​ផ្លូវច្បាប់​របស់​យើង ដែល​ខ្ញុំ​គិតថា យើង​គួរតែ​ធ្វើ​ដែរ»។

របាយការណ៍​របស់ក្រ​សួង​ព័ត៌មាន ចេញផ្សាយ​ឆ្នាំ២០១៩ បានឱ្យ​ដឹង​ថា កម្ពុជា​មាន​កាសែត​ដែល​ផ្សាយ​ជាប្រចាំ​ចំនួន៥១២អង្គភាព ព័ត៌មាន​ព្រឹ​តិ្ដ​បត្រ​ដែល​ផ្សាយ​តាម​អន​ឡា​ញចំនួន៧២អង្គភាព ស្ថានីយ​ទូរទស្សន៍​ផ្សាយ​តាម​រលកធាតុអាកាសនិង​ទូរទស្សន៍​ខ្សែកាប​ទាំង​ផ្សាយ​ផ្ទាល់និង​ផ្សាយបន្តផ្ទាល់ មាន​ចំនួន​ជាង២០០ និង​ស្ថានីយ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​មាន​ចំនួន៥​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ