តុលាការ​នឹង​បន្ត​សវនា​ការ​សំណុំ​រឿង​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ជាង​១០០​នាក់​​​នៅ​ដើម​ឆ្នាំ​២០២១​

សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធផ្សេងៗ ឈរនៅពីមុខសាលាដំបូង ក្នុងថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សវនា​ការ​លើ​សំណុំរឿង​អតីតមន្ត្រី​ជាន់ខ្ពស់​បក្សនិង​សកម្មជន​អតីត​បក្ស​ប្រឆាំង ជាង១០០នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ «រួមគំនិតក្បត់» និង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» ទៅ​ខែមករា និង​ខែ​មីនា ឆ្នាំ២០២១ ក្រោយពី​បាន​សាកសួរ​ជនជាប់ចោទ​ជាង៣០នាក់។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ​ថា ក្រោយពី​បាន​បើក​សវនា​ការ​ពេញ​មួយ​ព្រឹក ក្រុមប្រឹក្សា​ជំនុំជម្រះបានសម្រេច​បញ្ចូល​សំណុំរឿង​ចំនួន៤ ទៅជា២សំណុំរឿង​វិញ ហើយនិង​បន្ត​សវនាការ​លើ​សំណុំរឿង​ទី១ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និង​សំណុំរឿង​ទី២ នឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២១។

លោក​បន្ត​ថា នា​ព្រឹកមិញ​នេះ មាន​ជនជាប់ចោទ​ចំនួន៣៤រូប បាន​ចូលរួម​ឆ្លើយ​បំភ្លឺ​នៅក្នុង​សវនា​ការ។

តែ​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ មិនបាន​បញ្ជាក់​ថា​តើ​សំណុំរឿង​ណាខ្លះ​ដាក់បញ្ចូល​គ្នាជា​សំណុំរឿង​ទី១ និង​សំណុំរឿង​ទី២នោះ​ទេ។

មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​មន្ត្រីនិង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង លោក សំ សុ​គង់ ឱ្យ​ដឹង​កាល​ពី​ថ្មី​ៗនេះ​ថា បើ​តាម​ដីកាកោះ​ទាំង៤លើកដែល​លោក​បាន​ទទួល មានកូន​ក្តី​លោក​ជិត១៥០នាក់ ខ្លះ​នៅក្នុង​ប្រទេសនិង​ខ្លះទៀត​នៅ​ក្រៅប្រទេស ត្រូវ​បង្ហាញខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ។

ស្រប​ពេល​តុលាការ​បើក​សវនា​ការ​លើ​សំណុំរឿង​អតីតមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិនេះ​ដែរ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ និង​ទប់ស្កាត់​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំនៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ