សមត្ថ​​កិច្ច​​រឹត​​បន្តឹង​​សន្តិសុខ​ ខណៈ​​ក្រុម​​មន្ត្រី​​អតីត​​បក្ស​​ប្រឆាំង​​ជាង​១០០​នាក់​​បំភ្លឺ​​នៅ​​តុលាការ​​

សមត្ថកិច្ច​រឹត​បន្ដឹង​សន្តិសុខ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​មាន​ពលរដ្ឋ​ជាច្រើន​មក​គាំទ្រ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​សវនាការ​នៅ​សាលាដំបូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ខាន់ លក្ខិ​ណា​)

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ បាន​រឹត​បន្តឹង​សន្តិសុខ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ ខណៈ​ពេល​តុលាការ​បើកសវនាការ​លើ​សំណុំរឿង​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​និង​សកម្មជន អតីត​បក្ស​ប្រឆាំង​ជាង១៥០នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ «រួមគំនិតក្បត់» និង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍»

នៅ​បរិវេណ​មុខ​តុលាការ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ក៏​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​រឹត​បន្តឹង​ផ្នែក​សន្តិសុខ ដោយ​ពុំ​អនុញ្ញាត​ឱ្យ​មានការ​ប្រមូល​ផ្តុំឬឈរ​នៅ​ទីនោះ​ទេ។ 

អតីត​ចៅសង្កាត់​អូរ​ចា នៅ​ខេត្តបាត់ដំបង និង​ជាសកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត បាន​លើកឡើង​ថា កម្លាំង​សមត្ថកិច្ចបាន​រឹតត្បិត​មិន​ឱ្យ​មានការ​ឈរ​ប្រមូល​ផ្តុំតាមដាន​សវនា​ការ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ។ 

អតីត​ចៅសង្កាត់​អូរ​ចា នៅ​ខេត្តបាត់ដំបង និង​ជាសកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេ​ត មក​ចូលរួម​គាំទ្រ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​សវនាការ​នៅ​សាលាដំបូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ខាន់ លក្ខិ​ណា​)

កញ្ញា​បន្ត​ថា៖ «រដ្ឋាភិបាលគួរណាស់តែ​លុបចោល​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាពរបស់​ពលរដ្ឋ ពីព្រោះ​យើង​មកនេះ មិនមែន​មក​ធ្វើបាតុកម្ម​អី​ទេ យើង​មក​លើកទឹកចិត្ត​អ្នក​ដែល​គាត់​ត្រូវ​បាន​ឡើង​តុលាការ​ […] ខ្ញុំ​ចង់​ដឹង ចង់​តាមដានការ​កាត់ក្តី​របស់​តុលាការ តើ​សម្រេច​យ៉ាងណា​ចំពោះ​ពួក​គាត់»។

កញ្ញា​បន្ថែម​ថា៖ «ហើយ​ថ្ងៃនេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែលគេ​បាន​កោះ​អញ្ជើញ​ឱ្យ​ពលរដ្ឋខ្មែរ​ជាង១០០នាក់ ឱ្យ​ឡើង​សវនាការ»។

ចំណែកអ្នកស្រី សេង ធារី ជា​ស្ថាបនិក​អង្គការ​ផ្នែក​តស៊ូ​មតិ និង​ជា​បុគ្គល​មួយ​រូបដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ចូល​សវនា​ការ​នៅ​ថ្ងៃនេះ បាន​និយាយ​ថា អ្នកស្រី​ពុំ​មានការ​ភ័យខ្លាច​នោះ​ទេ ហើយក៏​ចូល​បំភ្លឺ​នៅ​តុ​លា​ការ​តាម​ការ​កោះហៅ។

អ្នកស្រី​ថា៖ «ក្នុង​ការ​ធ្វើដំណើរ​ដោយ​អហិង្សា យើង​នឹង​ជោគជ័យ បើ​អ៊ីចឹង​ចំពោះ​រូបកាយ​ខ្ញុំ ចំពោះ​អ្វី​ដែលគេ​ធ្វើ​ចំពោះ​ខ្ញុំ ខ្ញុំ​បាន​គិតដល់​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ខ្លាច​ទេ»។

មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​មន្ត្រីនិង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង លោក សំ សុ​គង់ ឱ្យ​ដឹង​កាល​ពី​ពេលថ្មី​ៗនេះ​ថា បើ​តាម​ដីកាកោះ​ទាំង៤លើកដែល​លោក​បាន​ទទួល មានកូន​ក្តី​លោក​ជិត១៥០នាក់ ខ្លះ​នៅក្នុង​ប្រទេសនិង​ខ្លះទៀត​នៅ​ក្រៅប្រទេស ត្រូវ​បង្ហាញខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ