ក្រសួង​បរិស្ថាន​​និង​​ដៃ​​គូរ​​អភិ​វឌ្ឍន៍​ រួម​គ្នា​​ប្រយុទ្ធ​​ប្រឆាំង​​សំណល់​​ប្លាស្ទិក​​នៅ​​តាម​​ឆ្នេរ​សមុទ្រ​​

ឯកអគ្គ​រាជទូត លោក មិ​កាមិ ម៉ា​សា​ហ៊ី​រ៉ូ និង​លោក នីក ប៊ែ​រេស​ហ្វ​ត អ្នកតំណាង​និវេសនដ្ឋាន យូ​អិន​ឌី​ភី ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជំនួយឥតសំណង​ដែល​មាន​ទឹកប្រាក់​ចំនួន ៣ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទប់ស្កាត់​សំណល់​ប្លាស្ទិក​សមុទ្រ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖

ក្រសួងបរិស្ថាន ស្ថានទូត​ជប៉ុន និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP​) ជំរុញ​ការអនុវត្ត​គោលការណ៍ 4RS ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សំណល់​ប្លាស្ទិក​នៅ​តាម​ឆ្នេរសមុទ្រ​កម្ពុជា។

ការជំរុញ​នេះ បាន​ធ្វើឡើង​តាមរយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អនុវត្តន៍ «គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ​នៅ​កម្ពុជា» រវាងស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ UNDP ដែល​បាន​ធ្វើឡើងនៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន។ 

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់ក្រ​សួង​បរិស្ថាន ស្ថានទូត​ជប៉ុន និង​អង្គការ UNDP នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​លើកឡើង​ថា គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ​នៅ​កម្ពុជា នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង UNDP ក្នុង​គោលបំណង​ទប់ស្កាត់និង​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​លើ​ដីនិង​ក្នុង​សមុទ្រ តាមរយៈ​ការជំរុញ​ឱ្យ​មានការ​អនុវត្ត​តាម​គោលការណ៍ 4Rs។

គោលការណ៍ 4RS រួមមាន កុំ​ប្រើ (Refuse​) កាត់បន្ថយ (Reduce​) ប្រើ​ឡើងវិញ (Reuse​) និង​កែច្នៃ​យក​មក​ប្រើប្រាស់ (Recycle​)។ 

សេចក្តី​ប្រកាស​ព័ត៌មាន បន្ត​ថា បច្ចុប្បន្ន មាន​ប្រទេសនិង​ទីក្រុង​ជាង១០០ រួម​ទាំង​កម្ពុជា​ផង​ដែរ កំពុង​ដាក់​ឱ្យ​អនុវត្ត​វិធាន​កា​រថ្មីៗ​ជុំវិញ​សំណល់​ប្លាស្ទិក ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជាបាន​ជំរុញ​ឱ្យ​មានការ​អនុវត្ត​ក្របខណ្ឌ 4Rs តាំងពី​ឆ្នាំ២០១៨ ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្លាស្ទិក​នៅក្នុង​ប្រទេស ដូចជា ការ​ចេញ​នូវ​អនុក្រឹត្យ ដើម្បី​គិតថ្លៃ​សេវា​បន្ថែម​លើ​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ជាដើម។ 

សេចក្តី​ប្រកាស​ព័ត៌មាន បន្ត​ទៀត​ថា ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ដោយសារ​ប្លាស្ទិក គម្រោង​ថ្មីនេះនឹង​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្តិ បង្កើន​ការយល់​ដឹង និង​កាត់បន្ថយ​សំណល់​ប្លាស្ទិក​នៅ​តាម​តំបន់​គោលដៅ ព្រមទាំង​ជំរុញ​ឱ្យ​មានការ​កែច្នៃ​សំណល់ និង​ការប្រើ​ប្រាស់​សម្ភារ​ផ្សេង​ក្រៅ​ពី​ប្លាស្ទិក។

តំបន់​គោលដៅរួមមាន ក្រុង​ធំៗនិង​ខេត្ត​ដែល​នៅ​តាម​តំបន់ឆ្នេរ ដូចជា ខេត្តសៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និង​កោះកុង ដើម្បី​កាត់បន្ថយ​ការ​បំពុល​ប្លាស្ទិក​នៅ​តាម​សមុទ្រ​ឱ្យ​មានប្រសិទ្ធភាព នៅ​តាម​តំបន់​ប្រភព​សំណល់​តែម្ដង។

លោក Mikami Masahiro ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍​ថា ការ​បំពុល​ប្លាស្ទិក​នៅ​តាម​សមុទ្រ​បាន​ក្លាយជា​វិបត្តិ​បរិស្ថាន​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក។ 

លោក​បន្ត​ថា៖ «ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស G20 ដែល​ធ្វើឡើង​នៅ​ទីក្រុង​អូ​សា​កា កាលពី​ឆ្នាំ២០១៩ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាសអនុវត្ត​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ ដើម្បី​ជំរុញ​ឱ្យ​មានការ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ប្រឆាំង​ទៅ​នឹង​ការ​បំពុល​ប្លាស្ទិក​នៅ​តាម​សមុទ្រ»។

តំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ​កម្ពុជា លោក Nick Beresford បាន​លើកឡើង​ថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ប្លាស្ទិក គឺជា​កិច្ច​ការ​ដ៏​សែនពិបាក​មួយ។ ប៉ុន្តែគម្រោង​នេះ​នឹង​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​អនុភាព​នៃ​ការ​ងាក​ទៅ​រក​សេដ្ឋកិច្ច​វិល​ជុំ​បែប​បៃតង»។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ មានប្រសាសន៍​ថា ការកាត់បន្ថយ​សំណល់​ប្លាស្ទិក​ឱ្យ​មានប្រសិទ្ធភាព ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់ភាគីពាក់ព័ន្ធ។

លោក​បន្ត​ថា៖ «តាមរយៈ​គម្រោង​នេះ យើង​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ឧត្តមា​នុ​វត្តន៍​នៃ​អន្តរាគមន៍​កាត់បន្ថយ​ប្លាស្ទិក​ ដែល​អាច​ជួយ​ឱ្យ​បណ្ដា​ប្រទេស​នានា​នៅ​អាស៊ាន​យក​គំរូ​តាម​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​បំពុល​ប្លាស្ទិក​នៅ​តាម​សមុទ្រ»។ 

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម បរិមាណ​ប្លាស្ទិក​សរុប​ក្នុង​សកលលោក​ទាំងមូល ​បាន​កើនឡើង​ដល់៨,៣ពាន់​លាន​តោន ហើយ​ជា​រៀងរាល់​ឆ្នាំ មាន​ប្លាស្ទិក១៣លាន​តោនហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ដែល​ស្មើនឹង​ការ​ចាក់សំរាម​មួយ​ឡាន​ដឹក​សំរាម​ពេញរៀងរាល់​មួយ​នាទី​ម្ដង។ សំណល់​ប្លាស្ទិក​ប្រមាណ ៩០​% ដែល​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​មាន​ប្រភព​ពី​ទន្លេ​ធំៗ​ចំនួន១០ ដែល​ក្នុង​នោះ​មាន​ទន្លេមេគង្គ​មួយ​ផង​ដែរ។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ទៀត​ថា បញ្ហា​ធំជាង​គេ​នោះ គឺ​ថង់​ប្លាស្ទិក​មិន​ងាយ​នឹង​រលាយ​ក្នុង​ដី​នោះ​ឡើយ ហើយ​បន្ត​វត្តមាន​នៅ​លើ​ភពផែន​ដី​រាប់​រយ​ឆ្នាំទៅ​មុខ​ទៀត។ ដោយឡែក​ នៅក្នុង​សមុទ្រ​វិញ មាន​ថនិកសត្វ ត្រី និង​បក្សី​ជាង១លាន​ក្បាលដែល​រងគ្រោះ​ថ្នាក់ ដោយសារ​ការ​លេប​ប្លាស្ទិក​ចូល​ទៅ​ក្នុង​ពោះឬត្រូវ​រុំ​ជាប់​ជាមួយនឹង​វត្ថុ​ដែល​ធ្វើ​ពី​ប្លាស្ទិក។ បក្សីនិង​ត្រី​ជាង ៩០​% មាន​កម្ទេច​ប្លាស្ទិក​នៅក្នុង​ពោះ​របស់​វា។ សារធាតុគីមី​ពុល​ទាំងនេះបន្ត​ការ​កើនឡើង ហើយ​ហូរ​ចូល​ទៅ​ក្នុង​របប​អាហារនិង​ក្នុង​រាង​កា​យ​របស់​មនុស្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ