សកម្ម​ជន​​អតីត​​បក្ស​​ប្រឆាំង​​ថា​សារ​​នាយក​​រដ្ឋ​មន្ត្រី​​ដែល​​ថា ចាប់​ពី​៥​នាក់​​ឡើង​​ទៅ​​មាន​​មនុស្ស​​របស់​លោក​​នោះ​ ជា​​សារ​​បែប​​គំរាម​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

​សកម្មជន​អតីត​គណបក្ស​ប្រឆាំង រិះគន់​សារ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​មនុស្ស​ចាប់ពី៥នាក់​ឡើង​ទៅ អាច​មាន​មនុស្ស​របស់​លោក ថា​ជា​ការ​គំរាមកំហែងនិង​បំបែកបំបាក់។

នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាលនិង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា បណ្តុំ​មនុស្ស ដែល​ចំនួន​ចាប់ពី៥នាក់​ឡើង​ទៅ គឺ​អាច​មាន​គ្នា​របស់​លោក​ក្នុង​នោះ​ហើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា លោក ហូរ វ៉ាន់ អតីតមន្ត្រី​បក្ស​ប្រឆាំង បាន​ផ្ញើ​សារ​ជា​សំឡេង​តាម​បណ្តាញ​សង្គម (Group Chat​) ពី​សហរដ្ឋអាមេរិក ទៅកាន់​ក្រុម​អ្នក​តវ៉ានៅ​កម្ពុជា អំពី​ផែនការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន។

លោក​បន្ត​ទៀត​ថា លោក​ពុំ​បាន​លួច​ថត​សំឡេង​របស់លោក ហូរ វ៉ាន់ នោះ​ទេ ព្រោះ​ក្នុង​ក្រុម​ឆ្លងឆ្លើយ​តាម​សារ​ក្នុង​បណ្តាញ​សង្គមដែល​លោក ហូរ វ៉ាន់ និយាយ​នោះ ក៏​មាន​មនុស្ស​របស់​លោក​ដែរ ហើយ​បុគ្គល​នោះបាន​យក​សំឡេង​របស់លោក ហូរ វ៉ាន់ ផ្ញើ​ទៅ​លោក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ផ្តាំ​ទៅវិញ នៅក្នុង​គ្រុប​ហ្វេសប៊ុ​ក ហើយ​នៅក្នុង​គ្រុប​ហ្វេសប៊ុ​ក មាន​មនុស្ស​របស់​យើងនៅក្នុង​ហ្នឹង អ៊ីចឹង​វា​មានរឿង​អី​ដែល​ជា​អាថ៌កំបាំង បញ្ជា​មក​តាម​គ្រុប​ហ្វេសប៊ុ​ក មនុស្ស​ឱ្យ​តែ​ចាប់ពី៥នាក់​ឡើង​ទៅ វា​មាន​មនុស្ស ហ៊ុន សែន នៅក្នុង​នោះ​ហើយ កុំ​ឆ្ងល់​ពេក។ អ៊ីចឹងវា​មានអី​ជា​អាថ៌កំបាំង ព្រោះ​អ្នក​នៅក្នុង​ក្រុម​ហ្នុង មាន​រាប់​សិប​នាក់​ឯណោះ ហើយ​អ្នក​ហ្នុង គេ​បញ្ចេញ​មក​ឱ្យ​យើង។ អ្នកឯងចង​ក្រុម​ទៀត​ទៅ ហើយ​គេ​ចូល​មើលតាម​ជាមួយ​អ៊ីចឹង ក្រុម​តេឡេក្រាម ក្រុម​ស៊ូ​ម [Zoom​] ក្រុម​ហ្វេសប៊ុក អាហ្នឹង​មានទាស់អី»។

ជាមួយគ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ដែរ មាន​មេធាវី​ម្នាក់ដែល​បាន​និយាយ​ថា លោក​បាន​លួច​ថត​សំឡេង​របស់លោក ហូរ វ៉ាន់ ហើយ​វិនិច្ឆ័យ​ថា លោក​បានធ្វើខុស​រដ្ឋធម្មនុញ្ញ។

លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​ការ​លើកឡើង​នេះ​ថា ជា​ភាព​ល្ងង់ខ្លៅរបស់​មេធាវី​រូប​នោះ ដែល​មិនដឹង​អង្គហេតុ​ច្បាស់លាស់​ ថា​តើ​លោក​បាន​សំឡេង​របស់លោក ហូរ វ៉ាន់ មក​ពី​ប្រភព​ណាឬតាមមធ្យោបាយ​ណាមួយ។ 

លោក​បាន​បន្ថែម​ថា ការដែល​លោក​លើកឡើង​ពី​ករណី​របស់លោ​ក ហូរ វ៉ាន់ នេះ ដោយសារ​លោក​ចង់​ណែនាំ​ដល់​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ឱ្យ​ដឹង​ច្បាស់​ពី​អង្គហេតុ​ជាមុន​សិន មុននឹង​ឈាន​ដល់​ការ​សន្និដ្ឋាន​ពី​អង្គច្បាប់​ក្នុង​ការ​ការពារ​កូន​ក្តី​របស់​ខ្លួន។ 

អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក​ អ៊ុំ យឿត បាន​និយាយ​ថា ជា​រឿង​ពិបាក​នឹង​ជឿ ដែល​ថា​ លោក ហ៊ុន សែន មាន​ចារកម្ម​របស់​លោក​ម្នាក់ ក្នុងចំណោម​មនុស្ស​ចំនួន៥នាក់​នោះ។

លោក​ថា៖ «នេះ​គ្រាន់តែ​ជា​អំនួត​របស់​គាត់​ [នាយក​រដ្ឋមន្ត្រី​] តែប៉ុណ្ណោះ ខ្ញុំ​មិន​បារម្ភ​នោះ​ទេ។ វា​អាច​ទៅរួច ​ម្នាក់​ក្នុងចំណោម១ ០០០នាក់ ដែល​អាច​ជា​ចារកម្ម​របស់​គាត់ ប៉ុន្តែ​នោះ​ជា​ជម្រើស​របស់​ពួក​គេ ​[…] ការ​លើកឡើង​របស់​គាត់ គ្រាន់តែ​ចង់ឱ្យ​យើង​មិន​ទុកចិត្ត​គ្នា និង​បំបែកបំបាក់​យើង​តែប៉ុណ្ណោះ»។

អតីតមន្ត្រី​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃឿន វីរៈ បាន​លើកឡើង​ថា សារ​របស់​នាយក​រដ្ឋមន្ត្រីដែល​លើកឡើង​បែបនេះ មិន​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

លោក​ថា៖ «ប្រសិនបើ​គាត់​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គាត់​ត្រូវតែ​គោរព​សិទ្ធ​និង​សេរីភាព​របស់​ប្រជាជន ហើយ​មិន​ត្រូវ​លប​ស្តាប់​ទូរសព្ទ​របស់​ប្រជាជន និង​ដាក់​ចារកម្ម​ដើម្បី​តាមដាន​ប្រជាជន និង​ប្រជាជន​ដែល​បាន​តវ៉ា​ទាមទារ​សិទ្ធិ​និង​សេរីភាព​របស់​ពួក​គេ​នោះ​ទេ»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើង​នេះ មិនមែន​ជា​ការ​បំបែកបំបាក់​ផ្ទៃក្នុង​ក្រុមសកម្ម​ជន​អតីត​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​ជា​ការ​លើកឡើង​ពី​ទិដ្ឋភាព​ជាក់ស្តែង​មក​បង្ហាញ​ដល់​អ្នក​ទាំងនោះ។

លោក​ថា៖ «ការ​លើកឡើង​របស់​សម្តេច ​[ហ៊ុន សែន​] ទេ ដែល​ធ្វើ​ឱ្យ​ក្រុម​ឧទ្ទាម​ដេកមិនលក់​នោះ ដោយ​សង្ស័យ​គ្នាឯង​ក្បែរ​ក្លៀក […] គោលបំណង​របស់​សម្តេច​មានប្រសាសន៍​ហ្នឹង មិនមែន​បំបែកបំបាក់​នោះ​ទេឬបំភិតបំភ័យ​នរណា​នោះ​ទេ តែ​និយាយ​ការពិត​ ដើម្បី​ឱ្យ​ក្រុម​ឧទ្ទា​មក្រៅ​ច្បាប់យល់ថា អ្នកឯង​ចង់​លាក់ការណ៍​អី​ក៏ដោយ គឺ​លាក់​អត់​ជិត​ទេ គឺ​គ្នា​អ្នកឯង​កំពុងធ្វើការ​ឱ្យ​សម្តេច»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​យ៉ាង​ចម្រូងចម្រាស​ក្នុង​ឆ្នាំ២០១៧ ហើយ​អ្នកគាំទ្រ​បាន​ប្រឈម​នឹង​ការ​ចាប់ខ្លួន។ បើ​យោង​តាម​អតីត​មន្រ្តី​គណបក្ស​និង​ស្ត្រី​មួយ​ក្រុម​ដែល​បាន​តវ៉ា​ជា​រៀងរាល់ថ្ងៃ​សុក្រ ទាមទារ​ឱ្យ​ដោះលែង​ប្តី​របស់​ពួក​គេ ឱ្យ​ដឹង​ថា នៅ​ឆ្នាំនេះ យ៉ាងហោចណាស់ មាន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជិត៣០នាក់​ហើយត្រូវ​បាន​ចាប់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ