លោក ហ៊ុន សែន ថ្លែង​ថា បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​លោក​​នៅ​តុលាការ​បារាំង​កំណត់​ពេល​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​២០២២

រូបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបង្ហោះលើហ្វេសប៊ុករបស់លោកនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា បណ្ដឹង​បរិហារ​កេរ្តិ៍​​មួយ​ដែល​លោក​ដាក់​នៅ​​តុលាការ​បារាំង ត្រូវ​បាន​កំណត់​យក​ទៅ​បើក​ជំនុំ​ជម្រះ​នៅ​​ឆ្នាំ​២០២២​ខាង​មុខ ដែល​​នាំ​ឱ្យ​លោក​រិះគន់​ចំពោះ​ភាព​យឺត​យ៉ាវ​នៃ​ដំណើរការ​នីតិវិធី​ច្បាប់​របស់​តុលាការ​ប្រទេស​មហា​អំណាច​មួយ​នេះ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នៅ​ឯ​​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «បណ្តឹងបរិហាកេរ្តិ៍ប្តឹងតាំងពីឆ្នាំ២០១៩ តុលាការទើបកំណត់ថ្ងៃសវនាការម៉ោង១.៣០នាទី ថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២២»។​

​លោក ហ៊ុន សែន បាន​ប្រតិកម្ម​តប​ទៅ​នឹង​អ្នក​រិះគន់​ដំណើរការ​នីតិ​វិធី​របស់​តុលាការ​កម្ពុជា ដោយ​ឱ្យ​មើល​ភាព​យឺត​យ៉ាវ​នៃ​ដំណើរការ​នីតិវិធី​របស់​តុលាការ​បារាំង​មាន​រយៈ​ពេល​ដល់​ទៅ ៣​ឆ្នាំ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «គ្រាន់តែរឿងបរិហាកេរ្តិ៍ប្រើពេលរហូតដល់ ៣ឆ្នាំ រឿងអីមកគៀបសង្កត់តុលាការភ្នំពេញឱ្យកាត់ក្តីរឿងធំៗមួយចំនួនបានឆាប់រហ័សជាងហ្នឹង។ សួរខ្លួនឯងមើល៍ នេះជាប្រទេសដែលគេចាត់ទុកថាជាតុលាការឯករាជ្យ តុលាការឆាប់រហ័ស មានរឿងអ៊ីចឹងដែរ»

លោក ហ៊ុន សែន និង​កូន​ប្រសារ​របស់​លោក គឺ​លោក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ដាក់​បណ្ដឹង​មួយ​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩​ ទៅ​តុលាការ​បារាំង​នៅ​ទីក្រុង​ប៉ារីស ​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​បណ្ដឹង​នោះ លោក ហ៊ុន សែន និង​កូន​ប្រសារ​ប្រុស​លោក បាន​ចោទ​​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​ថា​បាន​បរិហារ​កេរ្តិ៍​​លោកជា​សាធារណៈ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី កាល​ពី​ឆ្នាំ​២០០៨។

​អតីត​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ហុក ឡង់ឌី ដែល​ជា​ដន្លង​ជាមួយ​លោក​ ហ៊ុន សែន ផង​ដែរ​នោះ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ