តុលាការពន្យាសវនាការកាត់ក្តីលើសំណុំរឿងលោក សម រង្ស៊ី និងមន្ត្រី​​អតីតបក្សប្រឆាំង៨រូប​

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិ (FB: លោក សម រង្សុី)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការជាថ្មី លើបណ្តឹង​ចោទប្រកាន់​អតីតមេដឹកនាំជាន់​ខ្ពស់៩រូប របស់អតីត​​គណបក្សប្រឆាំង ទៅពាក់កណ្តាល​ខែក្រោយ បន្ទាប់ពីអវត្តមានមេធាវី​ជនជាប់ចោទ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា តុលាការសាលាដំបូង បាន​បើកសវនការ​លើសំណុំរឿងរបស់ លោកសម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ៨រូបទៀត​​ ពាក់ព័ន្ធ​នឹង​បទ «ឧបឃាត» ឬ «ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ» ម្តងមកហើយ ប៉ុន្តែមេធាវី​ជនជាប់ចោទបានស្នើសុំពន្យាពេល​ ក្រោម​ហេតុ​ផលថា ពុំមានពេល​វេលាគ្រប់គ្រាន់​​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​សំណុំរឿង​នេះ ទើបតុលាការ​សម្រេច​លើក​​ពេល​សវនាការ មកថ្ងៃទី២៥ ខែវិច្ឆិកានេះវិញ។

ក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឌុច សុខសារិន បានប្រកាស​លើកពេលសវនាការ ទៅថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២០​វិញ ដោយសារតែអវត្តមាន​មេធាវីជនជាប់ចោទ គឺលោក សំ សុគង់​។

លោកចៅក្រម មានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើរបាយការណ៍ទៅគណៈមេធាវីអំពីអវត្តមានរបស់មេធាវី សំ សុខគង់»។

ក្រុម​មេដឹកនាំ និង​មន្ត្រី​​​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប ដែលរងការចោទពីបទ «ឧបឃាត»នោះ រួមមាន លោក សម រង្ស៉ី​, លោក អេង ឆៃ​អ៊ា​ង, អ្នកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬទិ្ធ​, លោក ហូរ វ៉ាន់​, លោក ឡុង រី​, លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ​, អ្នកស្រី ជូ​ឡុង សួ​មួ​រ៉ា និង​លោក នុត រំដួល។

លោក សំ សុគង់ មេធាវីការពារក្តីឱ្យ​អតីតមេដឹកនាំ និងមន្ត្រីអតីតបក្សប្រឆាំង មានប្រសាសន៍ថា លោក​​​​មិន​បាន​ទទួលដីកា​ឱ្យ​​ចូលរួមសវនាការនៅថ្ងៃពុធនេះទេ។

លោកបន្ត​​ថា អំឡុងសវនាការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្តល់ជម្រើស​​ដល់លោកថា ប្រសិនបើដាក់អសយដ្ឋានថ្មីសម្រាប់កូនក្តី តុលាការនឹងមិនបន្តសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកានេះទេ។

លោកថា៖ «ខ្ញុំបានដាក់អសយដ្ឋាន[ថ្មី​]របស់កូនក្តីកាលពីសប្តាហ៍មុន។ ដូច្នេះខ្ញុំគិតថា ថ្ងៃនេះមិនចាំបាច់នោះទេ»។

លោកបន្ថែមថា តាមនីតិវិធីក្រមព្រហ្មទណ្ឌតម្រូវឱ្យ​បញ្ចូនដីកាទៅអយសដ្ឋានចុងក្រោយរបស់ជនជាប់​ចោទ ប៉ុន្តែថា តុលាការបែរជាបញ្ចូនដីកាទៅអតីតទីស្នាក់ការគណបក្សដែលគ្មានមនុស្ស និងត្រូវបានហាមឃាត់ដោយតុលាការនោះ។

ទោះជាយ៉ាងណា អំឡុងពេល​​សវនាការរយៈជាង ៣៥​នាទី លោកព្រះរាជអាជ្ញារង សេង ហៀង បានលើកឡើងថា ការដាក់លិខិតដោយបញ្ចូលអសយដ្ឋានថ្មីរបស់កូនក្តីមេធាវី សំ សុគង់​ គឺមិនអាចទទួល​យកបាន។

លោកថា នេះគ្រាន់តែជាចេតនាចង់គេចវេសពីសវនការ ហើយថា តុលាការបានបំពេញទៅតាមនីតិវិធីត្រឹមត្រូវ និងបានកំណត់យកអសយដ្ឋានចុងក្រោយរបស់ជនជាប់ចោទទាំងអស់ នៅក្នុងរាជធានីភ្នំពេញ តាំងពីដំណាក់កាលស៊ើបអង្កេត ដំណាក់កាលអយ្យការ និងដំណាក់កាលចៅក្រមស៊ើប។

លោកព្រះរាជអាជ្ញារង បានបន្ថែមថា ជនជាប់ចោទ ក៏មិនបានប្រកាសពីអសយដ្ឋានរបស់ខ្លួននៅទីតាំង​ណាផ្សេងដែរ ដូច្នេះតុលាការកំណត់យកអសយដ្ឋានក្នុងរាជធានី​ភ្នំពេញ ជាអសយដ្ឋានចុងក្រោយ​របស់ជនជាប់ចោទ។

លោក សេង ហៀង ថ្លែង​ថា៖ «ខ្ញុំសុំទាត់ចោល [ លិខិត ] វាបង្ហាញពីចេតនាទុច្ចរិត»។

លោក សួង ចាន់ថន មេធាវីរាជរដ្ឋាភិបាល បានគាំទ្រការលើកឡើងរបស់លោកព្រះរាជអាជ្ញារង សេង ហៀង ដោយលោកអះអាងថា តុលាការបានបំពេញតាមនិតិវិធីគ្រប់ដំណាក់កាលដែលមានន័យថា អសយដ្ឋានចុងក្រោយរបស់ជនជាប់ចោទស្ថិតនៅរាជធានីភ្នំពេញ ហើយការភៀសខ្លួនទៅបរទេស​ជារឿងរបស់ជនជាប់ចោទ។

លោកថា៖ «យើងស្វាគមន៍ការចូលរួមរបស់គាត់ យើងអត់បិទសិទ្ធិទេ”។

ចំណែក លោកមេធាវី កៅ សីហា ដែលជាមេធាវីចាត់តាំងដោយ​គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារក្តីអតីតមេដឹកនាំនិងមន្ត្រីបក្សប្រឆាំង​​ទាំង៩រូបនេះ ក៏បានស្នើឱ្យ​តុលាការបន្តសវនា​ការផងដែរ។ លោករិះគន់អវត្តមានរបស់ លោកមេធាវី​ សំ សុគង់ ថា នាំឱ្យ​ប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយ​ការកកស្ទះសំណុំរឿង ក៏ដូចជាប៉ះពាល់ដល់​វិជ្ជាជីវៈមេធាវី។

លោកមានប្រសាសន៍ថា៖ «ខ្ញុំម្នាក់ឯងក៏មានសមត្ថភាពការពារអ្នកទាំង៩នេះដែរ»។

ក្រៅពី​សំណុំរឿង​នេះ មេដឹកនាំនិង​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំង៩រូប​នេះ រួម​នឹង​សកម្មជន​គណបក្ស​នេះ​ជាច្រើន​រូប​ទៀត ក៏​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង ចេញដីកាកោះ​ឱ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ស្អែកនេះ ដើម្បី​ចូលរួម​សវនាការ​​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ