សហ​គមន៍​​ខ្មែរ​​កម្ពុជា​ក្រោម​ ស្នើ​​តុលា​ការ​​ទម្លាក់​​ចោល​​បទ​​ចោទ​​លើលោក ថាច់ សេដ្ឋា

(រូបកាន់មេក្រូ) លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ក្នុងយុទ្ធនាការមួយកាលពីពេលកន្លងទៅ។ (ទំព័រសហគមន៍ខ្មែរកម្ពុជាក្រោម Khmer Kampuchea Krom Community)

​សហគមន៍​ខ្មែរ​កម្ពុជាក្រោម អំពាវនាវ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើលោក ថាច់ សេដ្ឋា អតីត​សមាជិកព្រឹទ្ធសភា​អតីត​បក្ស​ប្រឆាំង។

ការ​អំពាវនាវ​របស់​សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​ធ្វើឡើង​ស្រប​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនា​ការ​លើ​សំណុំរឿង​របស់លោក ថាច់ សេដ្ឋា និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង១០០នាក់ នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍ខាងមុខនេះ។

សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជាក្រោម នៅ​ថ្ងៃទី២៤ ខែវិច្ឆិកានេះ បាន​លើកឡើង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញដីកាកោះឱ្យ​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម និង​ជា​អតីត​សមាជិកព្រឹទ្ធសភា ចូល​សវនាការ​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ «រួមគំនិតក្បត់ និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

សេចក្តី​ថ្លែងការណ៍ បញ្ជាក់​ថា លោ​ក ថាច់ សេដ្ឋា ជា​មនុស្ស​ស្អាតស្អំ ស្មោះត្រង់​នឹងជា​តិ និង​គ្មាន​ចេតនា​ណាមួយ​ក្នុង​ការ​រួមគំនិតក្បត់​ជាតិ មាតុភូមិ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ អសន្តិសុខ និង​បំបែកបំបាក់​ពូជសាសន៍​ក្នុង​សង្គម​ខ្មែរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ឡើយ។

ករណីនេះ សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​ចោល​នូវ​ការចោទប្រកាន់​ទៅលើ​លោក ថាច់ សេដ្ឋា ដោយ​ឥត​លក្ខខណ្ឌ ខណៈ​ដែល​សហគមន៍​មួយ​នេះ​អះអាង​ដែរ​ថា លោ​ក ថាច់ សេដ្ឋា កំពុង​មាន​ជំងឺ​គាប​សរសៃ​បេះដូង​ធ្ងន់ធ្ងរ​​ផង​ដែរ។

វី​អូ​ឌី ពុំទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ជុំវិញ​បញ្ហា​នេះបាន​នៅឡើយ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ