ពលរដ្ឋ​​ប្រហែល​១០០​នាក់​​មក​​ពី​​ខេត្ត​​កំ​ពង់ធំ​​ចោទ​​អាជ្ញាធរ​​ថា​​ឃុប​ឃិត​​គ្នា​​យក​​ដី​សម្ប​ទាន​​

ពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​ពីរ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ឡើង​មក​តវ៉ា​នៅមុខ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ទាមទារ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​កាន់កាប់​ដី​និង​បែងចែក​ដី ដោយ​អះអាង​ថា ដី​នោះ​ជា​ដី​រដ្ឋាភិបាល​សម្បទាន​ឱ្យ​ខ្លួន នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ប្រជាពលរដ្ឋ​ប្រហែល១០០នាក់​ មក​ពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កំ​ពង់​ធំ បាន​ប្រមូលផ្ដុំ​គ្នា​នៅមុខ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​សួរនាំ​អំពី​សំណើសុំ​អន្តរាគមន៍​របស់​ពួក​គេដែល​បាន​ស្នើ​ក្រសួង​មួយ​នេះ​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ពួក​គេ​ចោទ​អាជ្ញាធរ​ថា បាន​ឃុបឃិត​យក​ដីសម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ជួលនិង​អាស្រ័យផល​ខ្លួនឯង។

លោក ម៉ោញ នួន ដែល​អះអាង​ថា​ ជា​តំណាង​ប្រជាពលរដ្ឋ៣៦៧គ្រួសារ​ រស់នៅ​ឃុំ​ចំណារលើ ស្ថិត​ក្នុង​ស្រុក​ស្ទោង ប្រាប់​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ផាត់សណ្ដាយ បាន​យក​ដីសម្បទាន​សង្គមកិច្ច​ទំហំ១ ៧៨៥ហិ​កតា ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យផល​តាំងពី​ឆ្នាំ២០១៤នោះ ទៅ​ចែក​សាច់ញាតិនិង​ជួល​ឱ្យ​ប្រជាពលរដ្ឋ​ទៅវិញ។

លោក ម៉ោញ នួន ប្រាប់​ថា៖ «សម្ដេច​ថា ប្រជាជន​នៅ​ឃុំ​បណ្ដែត​ទឹក និង​ឃុំ​ផាត់សណ្ដាយ អត់មាន​ដី ហើយ​រក​នេសាទ​ក៏​មិនបាន។ ដូច្នេះ សម្ដេច​ក៏​សម្បទាន​ដី​ទៅ​ឱ្យ​ប្រជាជន​ឃុំ​ផាត់សណ្ដាយ ​ឱ្យ​បាន​អាស្រ័យផល។ ក្រោយមក ​ដី​នោះមិនទាន់​បាន​ដល់ដៃ​ប្រជាពលរដ្ឋ មាន​តែ​ឈ្មួញនិង​មន្ត្រី​ឃុបឃិត​គ្នា ខ្លះ​ពាក់ព័ន្ធ​នឹង​ដីស​ម្ដេច​ឆ្វៀល​ឱ្យ។ អ៊ីចឹង ប្រជាជន​មិនសុខចិត្ត​ នាំគ្នា​ឡើង​មក​តវ៉ា»។

ប្រាប់​ថា​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​កំពង់ចម្លង ឃុំ​ផាត់សណ្ដាយ លោក ញ៉ែម សុផល និយាយ​ថា រូប​គាត់និង​អ្នកភូមិ​អស់ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ហើយ បន្ទាប់ពី​ពួក​គាត់​បាន​នាំគ្នា​តវ៉ា​នៅ​ថ្នាក់​ខេត្ត​អស់​រយៈពេល៩ខែ​មក​ហើយ​នោះ ប៉ុន្តែគិត​មកដល់​ថ្ងៃនេះ នៅតែ​មិន​មាន​ដំណោះស្រាយ។

លោក ញ៉ែម សុផល ប្រាប់​ថា៖ «មិនដឹង​គាត់​ចែក​ឱ្យ​អ្នកណា បើ​មិនឃើញ​ដល់ដៃ ​ប្រជាពលរដ្ឋ​មក​តវ៉ា​នេះ អត់​បាន​ទាំងអស់។ បើ​អត់​បាន យើងខ្ញុំ​មានអី​អាស្រ័យផល? បើ​យើង​តវ៉ា​ទៅ​គាត់ ដី​ហ្នឹង​មាន​គេ​អាស្រ័យផល ខ្ញុំ​ចង់​សួរ​ថា ចំណុច​អាស្រ័យផល​ហ្នឹង តើ​លោក​អាស្រ័យផល​ហើយ​មុននឹង​សម្ដេច​ឆ្វៀល​ឱ្យឬក្រោយ​សម្ដេច​ឆ្វៀល​ឱ្យ ខ្ញុំ​ចង់​សួរ​ត្រង់​ហ្នឹង។ បើ​ក្រោយ​សម្ដេច​ឆ្វៀល​ឱ្យ ហេតុ​អី​មិន​ចែក​ឱ្យ​ពួក​ខ្ញុំ»។

បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ ពលរដ្ឋ លោក ម៉ោញ នួន ប្រាប់​ថា ក្រសួង​បាន​ទទួលយក​ញត្តិ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​សន្យា​ថា នឹង​ពិនិត្យ​លើ​សំណុំរឿង​នេះ​ទៅតាម​ការ​ទាមទារ​របស់​ក្រុម​អ្នកភូមិ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ឃុំ​ផាត់សណ្ដាយ លោក ហេង មនោ បានទេ។

អភិបាលស្រុក​កំពង់ស្វាយ លោក អ៊ុន បុត្ត បដិសេធ​ចំពោះ​ការចោទប្រកាន់ ដោយ​លោក​ថា ដី​ដែល​ប្រមុខ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឱ្យ​ប្រជាពលរដ្ឋ​នោះ អាជ្ញាធរ​មិនបាន​យក​ទៅ​ចែក​សាច់ញាតិ និង​ជួលឬលក់​ទេ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​នោះ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន៤២០គ្រួសារ​នៅ​ឃុំ​ផាត់សណ្ដាយ និង​ឃុំ​កំពង់គោ ដែល​បាននិង​កំពុង​អាស្រ័យផល​លើ​ដី​នោះ​ផ្ទាល់ ប៉ុន្តែសម្រាប់​ពលរដ្ឋ​នៅ​ឃុំ​ចំណារលើ​វិញ លោក​ថា មិន​ទទួល​បាន​ដី​ទេ។

លោក អ៊ុន បុត្ត ប្រាប់​ថា៖ «ពលរដ្ឋ៤២០គ្រួសារ គាត់​ទាមទារ​ដី ហើយ​គាត់​ធ្លាប់ធ្វើ​ពីមុន​មក។ ដល់​ពេល​ ស.ជ.ណ.១០៤៤ និង១០០៣ ចេញ​មក គឺ​រដ្ឋាភិបាល​នឹង​ប្រគល់​ដី​ឱ្យ​ប្រជាជន៤២០គ្រួសារ​ ឃុំ​ផាត់សណ្ដាយ និង​ឃុំ​កំពង់គោ បន្ត​សិទ្ធិ​អាស្រ័យផល។ អ៊ីចឹង ប្រជាជន​ដែល​តវ៉ា​នេះ អត់មាន​នៅក្នុង៤២០គ្រួសារ អត់មាន​ឈ្មោះ​ក្នុង​បញ្ជី​ហ្នឹង​ទេ ហើយ​គាត់​មាន​អ្នក​រៀបចំ​ញុះញង់​ឱ្យ​គាត់​ឡើង​មក​អ៊ីចឹង»។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្តកំពង់ធំ លោក សុខ រដ្ឋា ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត ឱ្យធ្វើ​ការសម្រប​សម្រួលនិង​ស្រាវជ្រាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់ពាក្យ​បណ្ដឹងទាមទារ​ដី​មុន​ពេល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឡើងវិញ។

លោក សុក រដ្ឋា ប្រាប់​ថា៖ «អាជ្ញាធរ​គួរតែ​ពិនិត្យ​ឡើងវិញ​នូវ​បញ្ជី​ឈ្មោះ​ដែល​ធ្វើការ​តវ៉ា​តាំងពីដើមមក ដែល​អាជ្ញាធរ​គាត់​ស្រង់​ពីដើម​មក នៅក្នុង​ពាក្យបណ្ដឹង​របស់​ពួក​គាត់​ យក​អាហ្នឹង​មក​ពិនិត្យ​ឡើងវិញ»។

លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ធ្វើការ​ដោះស្រាយ​ទេ លោក​ថា ជម្លោះដីធ្លី​នេះ​នឹង​កាន់តែ​ធំឡើង ដោយសារ​ប្រជាពលរដ្ឋ​នៅ​បន្ត​តវ៉ានិង​ទាមទារ​ដី​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​ពួក​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ