ក្រសួង​​ថា​ សំណល់​​ប្លាស្ទិក​​ជិត​២០០​តោន​​ត្រូវ​​បាន​​ប្រមូល​​ចេញ​ពី​​ទន្លេ​សាប​​ក្នុង​​ខេត្ត​សៀមរាប​

មន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​សកម្មភាព​ស្រង់​សំណល់​ប្លាស្ទិក​ពី​ទឹកបឹង​ទន្លេ​នៅ​ខេត្តសៀមរាប ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Neth Pheaktra​)

ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍​រស់នៅ​ជុំវិញ​និង​នៅ​លើ​បឹងទន្លេសាប កុំ​បោះចោលសំណល់​សំរាម ​ជាពិសេស​សំណល់​ប្លាស្ទិក​ ទៅ​ក្នុង​បឹងទន្លេសាប ខណៈ​របាយការណ៍​បង្ហាញថា មាន​សំណល់​ប្លាស្ទិកប្រមាណ​ជិត២០០តោន ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប។

ការ​អំពាវនាវ​នេះបាន​ធ្វើឡើង​ស្រប​ពេល​កម្ពុជាប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន ២៣ វិច្ឆិកា និង​ពិធីបុណ្យ​ទន្លេសាប​នារ​ដូវ​ទឹកសម្រក​ប្រចាំឆ្នាំ២០២០ នៅ​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា បឹងទន្លេសាប​មាន​ទេសភាព​ស្អាត​សម្បូរ​ដោយ​ជីវចម្រុះ ជាពិសេសមច្ឆជាតិ​ជាច្រើន​ប្រភេទ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ចាំបាច់​ត្រូវតែ​ទប់ស្កាត់​កុំឱ្យ​មានការ​បំពុល​ដោយ​ប្លាស្ទិក រក្សា​គុណភាព​ទឹក​ឱ្យ​បាន​ល្អ​សោភ័ណភាព​ស្រស់​ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន។

តែ​យ៉ាងណា លោក​ថា ទន្លេសាប​ត្រូវ​បាន​បំពុល​ដោយ​ថង់​ប្លាស្ទិក ដែល​ទាំង​សហគមន៍​ដែល​រស់នៅ​លើ​បឹងទន្លេសាប​នេះ​ផង និង​ការ​ហូរ​នាំ​យក​ប្លាស្ទិកដែល​ប្រជាពលរដ្ឋ​បោះចោល​គ្មាន​សណ្តាប់​ធ្នាប់ពី​តាម​ព្រែកនិង​តាម​ស្ទឹង​នានា ចាក់​ចូល​មក​ក្នុង​បឹងទន្លេសាប។

លោក​បន្ត​ថា តាម​របាយការណ៍​កាលពី​ឆ្នាំ២០១៩ សំណល់​ប្លាស្ទិក​ជាង៤ ០០០កា​រ៉ុង ឬមាន​ទម្ងន់​ប្រមាណ​ជិត២០០តោន ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ហើយ​នៅ​ឆ្នាំ២០២០នេះ សំណល់​ប្លាស្ទិក​ប្រមាណ​ជាង៥០០០ថង់ (ប្រមាណ​ជិត២៥០តោន​) ត្រូវ​បាន​ប្រមូល​យក​ទៅ​កែច្នៃ​ធ្វើជា​ឥដ្ឋ​បរិស្ថាន។

លោក ​នេត្រ ភក្ត្រា បញ្ជាក់​ថា៖ «នៅពេល​គេ​បោះចោល​ថង់​ប្លាស្ទិក​នៅក្នុង​បរិស្ថាន វា​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​ជីវ​ចម្រុះ​នៅក្នុង​ទឹក ជាពិសេស​មច្ឆជាតិ អាច​ទទួលរង​ពី​ការ​ធ្វើ​ឱ្យ​ស្លាក់​ ដោយសារតែ​ពួក​វា​គិតថា​ជា​ចំណី ហើយ​បាន​ស៊ី​ថង់​ប្លាស្ទិក​ទាំងនោះ ​[…] មួយផ្នែកទៀត ប្លាស្ទិកផ្ទុក​ដោយសារ​ធាតុគីមី​ពុល​អាច​ជ្រាបចូល​ទៅ​ក្នុង​ដីនិង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ដី ទឹក និង​ទឹក​ក្រោម​ដី ធ្វើ​ឱ្យ​មានការ​បំពុល​ទឹកនិង​ដី»។

ករណីនេះ លោក​ នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍​រស់នៅ​ជុំវិញនិង​នៅ​លើ​បឹងទន្លេសាប​ទាំងអស់ ដូចជា នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង រួមគ្នា​ការពារនិង​អភិរក្ស​បឹងទន្លេសាប ជាពិសេស​កុំ​បោះចោល​សំ​ណល់​ផ្សេង​ៗរួម​នឹង​សំណល់​ប្លាស្ទិក ​ទៅ​ក្នុង​បឹងទន្លេសាបដែល​ជា​បឹងធំ​ជាងគេ​លើ​ពិភពលោកនិង​សម្បូរទៅ​ដោយ​ត្រី។ 

លោក​ថា៖ «យើង​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹងទន្លេសាប ក៏ដូចជា​រស់នៅ​លើ​សហគមន៍​ក្នុង​បឹងទន្លេសាប កុំឱ្យ​គាត់​ចោលសំរាម​ផ្ដេសផ្ដាស​ឬដុត​សំរាម ហើយចូលរួម​ទប់ស្កាត់​នៅ​តាម​ប្រភព​ទឹ​កផ្សេង​ៗ ដូចជា ស្ទឹង បឹង ដែល​ជា​ប្រភព​ទឹកហូរ​ទៅ​បឹង​ទន្លេសាប​ ដើម្បី​កុំ​ឱ្យសំណល់​ប្លាស្ទិក​ធ្លាក់​ចូល​បឹងទន្លេសាប​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មានការ​បំពុល​ដល់​ជីវ​ចម្រុះ​ផ្សេង​ៗ បង្ក​ការ​លំបាក​ដល់​បរិស្ថាន»។

សមាជិក​សហគមន៍​នេសាទ«​ស្ដី​ក្រោម​រហាល​សួង» នៅ​ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង លោក ច្រឹក ធឿន មានប្រសាសន៍​ថា លោក​ចង់ឱ្យ​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​និង​ជំរុញ​ដល់ ប្រជាពលរដ្ឋ​ឱ្យ​បាន​ផុសផុលពី​ការ​អភិរក្ស​បឹងទន្លេសាប​នេះ ជាជាង​គ្រាន់តែ​ធ្វើការ​អំពាវនាវ។ 

លោក​ថា៖ «ត្រង់​ហ្នឹង​យល់​ល្អ ទាល់តែ​បើក​ប្រជុំ​តាម​ភូមិ​តាម​ឃុំឱ្យ​ខ្លាំង​បន្តិច ខ្ញុំ​ចង់ឱ្យ​ជំរុញ​អ៊ីចឹង បើ​មានតែ​ពួក​ខ្ញុំ​ ក៏​មិន​ងាយ​ដែរ»។

ប្រធាន​អង្គការ​មូលនិធិ​ទំពាំងស្នងឫស្សី លោក ស៊ា សុផល មានប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជា​សហគមន៍​នៅក្នុង​ខេត្តសៀមរាប បាន​យល់ដឹងនិង​កាត់បន្ថយ​ការ​បោះចោល​សំណល់​និង​ប្លាស្ទិក​ច្រើន។

លោក​ថា៖ «ពីមុន​ ប្រជាពលរដ្ឋ​ទូទៅ មិនថា​ប្លាស្ទិក មិនថា​កាកសំណល់​ដទៃ គឺជា​សំរាម អ៊ីចឹង​គាត់​បោះចោល ដល់​ឃើញ​ច្រើនពេក គាត់​បោស​ប្រមូល​ដុត ​[…] ដល់ពេល​យើង​ចាប់ផ្ដើម​ចុះ​អប់រំ​គាត់​ទាក់ទង​ប្លាស្ទិក ថា​ប្លាស្ទិក​មិនមែន​ជា​សំរាម​ដូច​ស្លឹកឈើ​ទេ វា​ជា​សំណល់​មួយ​ដែល​មាន​អាយុកាល​យូរ​នៅក្នុង​បរិស្ថាន ហើយ​ប្លាស្ទិក​បំពុល​បរិយាកាស គុណភាព​ទឹកអ៊ីចឹង​ទៅ ឥលូវ​គាត់​យល់ដឹង​ច្រើន»។

បើ​តាមលោ​ក ស៊ា សុផល អង្គការ​នេះ គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​សំណល់និង​សំរាម​ប្លាស្ទិក តាម​ដងទន្លេ​សាបពី​ខេត្តសៀមរាប រហូតដល់​ព្រែក​ទាល់​ ខេត្តបាត់ដំបង នៅ​ឆ្នាំក្រោយ​នេះ ហើយក៏​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការ​បោះចោល​សំណល់និង​ប្លា​សិ្ទ​កចូល​ទន្លេសាប​ ទៅដល់​ប្រជា​សហគមន៍​ផង​ដែរ។

កាលពី​ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយស្តី​ពីការគ្រប់គ្រង​ថង់​ប្លាស្ទិក ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​កាត់បន្ថយ​ការនាំចូល ការផលិត ចែកចាយ និង​ប្រើប្រាស់​ថង់​ប្លាស្ទិក ដើម្បី​ធានា​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង។

រដ្ឋាភិបាល​ថា បច្ចុប្បន្ន កាកសំណល់​ប្លាស្ទិក​កំពុង​បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​អភិវឌ្ឍ​មនុស្ស​នៅ​ទូទាំង​ពិភពលោក ដោយ​ថា កាកសំណល់​ប្រភេទ​នេះ ត្រូវ​ប្រើ​ពេលវេលា​យូរ ទើប​រលាយ​អស់ពី​ផែនដី ពោល​គឺ​ចាប់ពី៥០០ ទៅ១ ០០០ឆ្នាំ​ឯណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ