មេធាវី​​​បារម្ភ​​ពី​​ការ​​ឆ្លង​​​ជំងឺ​​កូវីដ​​១៩​ អំឡុង​​ពេល​​សកម្ម​ជន​​ CNRP ​ជិត​​១៥០​​នាក់​​ចូល​​បំភ្លឺ​​ក្នុង​​​ថ្ងៃ​​តែ​​មួយ​

ក្រុមស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សសង្គ្រោះជាតិ ឈរនៅខាងក្រៅរបងតុលាការ បំណងសុំជួបអ្នកជាប់ឃុំតែត្រូវបានហាមឃាត់ពីសមត្ថកិច្ច ក្នុងថ្ងៃសវនាការលើសកម្មជនទាំងនោះនៅតុលាការកំពូល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

មេធាវីការពារក្តីឱ្យសកម្មជននិង​ថ្នាក់​ដឹកនាំ​បក្សប្រឆាំង លោក សំ សុគង់ និយាយថា លោក​ព្រួយបារម្ភពីវិធានការការពារកូវីដ១៩ ខណៈកូនក្តីជិត១៥០នាក់ត្រូវបានតុលាការចេញដីកាបង្កាប់ឱ្យចូលបំភ្លឺតែមួយថ្ងៃ​ ពាក់ព័ន្ធនឹង​បទចោទ«ចូលរួមគំនិតក្បត់»

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាជាបន្តបន្ទាប់​កោះហៅសកម្មជន​និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប ឱ្យចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលនឹងចូលមកដល់នៅ៣ថ្ងៃទៀត ពាក់ព័ន្ធនឹង​បទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»

លោក សំ សុគង់ និយាយនៅថ្ងៃនេះថា បើតាមដីកាកោះទាំង៤លើកដែលលោកបានទទួល មានកូនក្តីលោកជិត១៥០នាក់ ខ្លះនៅក្នុងប្រទេសនិងខ្លះទៀតនៅក្រៅប្រទេស ត្រូវបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅសប្តាហ៍នេះ ត្រឹមតែ១ថ្ងៃ។ លោកថា បញ្ហានេះ កូនក្តីរបស់​លោក​ព្រួយ​បាម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​​កូវីដ​១៩ និងមិនអាចធានាពីការកាត់ក្តីដោយយុត្តិធម៌តបតាមគោលការណ៍​សកល​ដែលធានាដោយច្បាប់។

លោក សំ សុគង់ ប្រាប់ថា៖ «គាត់ [អ្នកបង្ហាញដីកា] បង្ហាញមកខ្ញុំហ្នឹង សំណុំរឿង ៤ ដែលត្រូវសវនាការថ្ងៃ២៦ហ្នឹង។ សរុបជាមនុស្ស យើងអត់ទាន់អាចកំណត់ពិតប្រាកដបាន ជិត១៥០នាក់ ​ក្នុង១ថ្ងៃហ្នឹង»។

លោកថា តាមគោលការណ៍សកល​ទាក់ទងនឹងការទទួលបានសវនាការដោយយុត្តិធម៌ គេត្រូវវិភាគឱ្យបានច្បា​ស់លា​ស់​ចំពោះជនជាប់ចោទដែលមានគ្នាច្រើន ត្រូវមានពេលវេលា និងទីកន្លែងសមរម្យ ពិសេសចំពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រ​ឆាំ​ងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់ថា តុលាការបានត្រៀមវិធានការការពារកូវីដ១៩នេះ​រួច​រាល់​ហើយ និងថា ចំនួនជនជាប់ចោទមិនច្រើនដូចការអះអាង​របស់មេធាវីទេ ប៉ុន្តែលោក​មិន​ប្រាប់​ពី​ចំនួន​មនុស្ស​ជាក់​លាក់​ដែល​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នោះ​ឡើយ។

លោក អ៊ី រិន្ទ ប្រាប់ថា៖ «តាមនីតិវិធី វាគ្រាន់តែបង្ហាញវត្តមាន ហើយដើរ​ចេញ។ វាមានតាមលំដាប់លំដោយ អត់អីទេ! ព្រោះអ្នកខ្លះគាត់គ្រាន់តែបង្ហា​​ញវត្តមានហើយ គាត់ចេញវិញ។ រឿងកូវីដ បារម្ភដូចគ្នា មិនមែនតែគាត់ទេ ប៉ុន្តែនៅខាងយើងៗធ្វើសេចក្តីណែ​នាំ​​ទា​ក់​​ទងនឹងការប្រឆាំងនឹងកូវីដ»។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​នោះ បាន​ឱ្យ​ដឹង​ថា សកម្មជន​​បក្ស​ប្រឆាំង​មាន​ឆន្ទៈ​ចូល​បំភ្លឺ​ទៅ​តាម​ដីកា​កោះ​របស់​តុលាការ ប៉ុន្តែអ្នកស្រី​មិន​បាន​បញ្ជាក់​ពី​ចំនួន​ជាក់​លាក់​នៃ​សកម្មជន​បក្ស​ប្រឆាំង​ដែល​គ្រោង​ចូល​បំភ្លឺ​នោះ​ឡើយ។

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​​បក្ស​ប្រឆាំង​រូប​នេះ ប្រដូច​ការ​​កោះ​ហៅ​ថ្នាក់​ដឹកនាំនិង​សកម្មជន​បក្ស​ប្រឆាំង​ដ៏​ច្រើន​បែប​នេះ ទៅ​នឹង​«របប​ខ្មែរ​ក្រហម​ដែល​ចោទ​ប្រកាន់​មនុស្ស​ទាំង​ហ្វូងៗ»

អ្នកស្រី មូរ សុខហួរ ប្រាប់​ថា​៖ «យើងនឹងឃើញសម័យខ្មែរក្រហមដែលគេកាត់ទោសម្តងទាំងពូជអ៊ីចឹងទៅ ហើយម៉ាភូមិអី គេកាត់យកទាំងអស់។»

អតីត​សមាជិក​ជាប់​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​របស់​​បក្ស​ប្រឆាំង​ លោក ឌឹម សាខឿន អះ​អាង​ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ព្រោះ​លោក​ចង់​ដឹង​ថា តើ​លោក​បាន​ប្រព្រឹត្តអ្វី​ខុស។

លោក ឌឹម សាខឿន ប្រាប់​ថា៖ «ខ្ញុំអត់មានកំហុសអីទេ ព្រោះអីក្រោយពីខ្ញុំជាប់ពន្ធនាគារព្រៃស ៣៣ថ្ងៃហ្នឹង ខ្ញុំបានគោរពកាតព្វកិច្ចរបស់តុលាការដែលគេឱ្យខ្ញុំបង្ហាញខ្លួន១ខែម្តងនៅប៉ុស្តិ៍ប៉ូលិស លក្ខខណ្ឌទាំងអស់ខ្ញុំគោរព ហើយការចុះមូលដ្ឋាន ការជួបជុំគ្នា ខ្ញុំមិនដែលជួប រឿងអីខ្ញុំខ្លាច»

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជាប្រវត្តិសាស្ត្រនិងជាលើកទី១ ដែលតុលាការកម្ពុជាប្រើពេលតែមួយថ្ងៃ​សម្រាប់សួរដេញដោលជនសង្ស័យដល់ទៅជាង១០០នាក់។ លោកថា នីតិវិធីនេះ​នឹងមិនអាចដោះស្រាយបញ្ហារបស់កម្ពុជាដែលកំពុងប្រឈមបានទេ។

លោក អំ សំអាត ប្រាប់ថា៖ «ការចោទប្រកាន់នេះ បើយើងមើល​តាំងពី២០១៩មក យើងនិយាយឱ្យចំ គឺព្រឹត្តិការណ៍ ៩ វិច្ឆិកា [ពេល​ដែលលោក សម រង្ស៊ី​ ប្រកាសចូលស្រុក​វិញ]។ អ៊ីចឹង អ្វីដែលយើងអាចដោះស្រាយបាន ខ្ញុំ​គិតថា វិលទៅរករឿងចាស់ទេ ដែលអ្នកនយោ​បាយ​ត្រូវឈរលើ​​ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយវិលទៅរកការចរចាគ្នាបញ្ចប់វិបត្តិនយោបាយ បានដោះស្រាយប​ញ្ហា​ហ្នឹងបាន»

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា នីតិវិធីរបស់តុលាការនៅពេលនេះ អាចជាសញ្ញាវិជ្ជមានផងនិងអវិជ្ជមានផងសម្រាប់កម្ពុជា។

លោក សេង សារី ប្រាប់ថា៖ «ប្រហែលជាមានយន្តការសម្របសម្រួលដោយប្រើប្រាស់យន្តការតុលាការ ដោយការលើកលែងការចោទប្រកាន់ ដើម្បីសម្រាលស្ថានភាពនយោបាយ ប៉ុន្តែមេដឹកនាំទាំងពីរ [លោក សម រង្ស៊ី និងលោក កឹម សុខា] អាចពន្យារពេលដល់២០២៤»

សហរដ្ឋអាមេរិក សប្តាហ៍មុននេះ តាមរយៈ​ស្ថានទូតរបស់ខ្លួន បានអំពាវនាវ​ឱ្យ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ ដើម្បី​ឱ្យ​ការបោះឆ្នោតឆ្នាំ២០២២និង២០២៣ខាងមុខ ដំណើរការ​ទៅ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ។

សហរដ្ឋអាមេរិក​និយាយ​ថា ខ្លួន​កំពុងធ្វើការ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​លើ​ករ​ណី​បណ្តឹង​តុលាការដែល​មាន​ចំនួន​កាន់តែ​ច្រើ​នឡើង ​លើ​សកម្មជន​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​នៃ​គណបក្ស​នយោបាយ​ធំជាង​គេ​មួយ​របស់​ប្រទេស​កម្ពុជា គឺ​​គ​ណ​បក្ស​សង្រ្គោះ​ជាតិ​កម្ពុជា និងគូសបញ្ជាក់​ថា «​ការ​អត់ឱន​ចំពោះ​មតិ​ប្រឆាំង ​មាន​សារៈសំខាន់​ចាំបាច់​នៅក្នុង​លទ្ធិប្រជាធិបតេ​យ្យ​​ពិតប្រាកដ​មួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ