ក្រសួង​សុខា​ភិបាល​​អនុ​ញ្ញាត​​ឱ្យ​​មន្ទីរ​​សម្រាក​​ព្យា​បាល​ ​លី​ ស្រី​វីណា​ បើក​​ព្យាបាល​​អ្នក​ជំងឺ​​ឡើង​វិញ​​

ទិដ្ឋភាព​ខាងមុខ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វីណា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន អះអាង​ថា ការសម្រេច​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វីណា បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​បាន​បិទ​មួយ​រយៈ​នោះ គឺ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌនិង​កិច្ចសន្យា​ត្រឹមត្រូវ។

មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វីណា ត្រូវ​បាន​ក្រសួងសុខាភិបាល​សម្រេច​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃនេះ បន្ទាប់ពី​បាន​បិទ​មួយ​រយៈ​ដោយសារ​ខ្វះ​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ជួយសង្គ្រោះ​អ្នកជំងឺ ក្រោយពី​អ្នកជំងឺ​ម្នាក់​ស្លាប់។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន បាន​ផ្ញើ​សារ​ប្រាប់​អ្នកសារព័ត៌មាន​តាម​តេឡេក្រាម​នៅ​ថ្ងៃនេះ​ថា ក្រសួង​បានសម្រេច​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វីណា ដំណើរការ​ឡើងវិញ ដោយសារ​គោរព​តាម​ការកំណត់​បម្រើ​តែ​សេវា​បឋម និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ក្រសួងសុខាភិបាល​បានសម្រេច​បិទ​មន្ទីរ​សំរាក​ព្យាបាល​ឈ្មោះ លី ស្រី​វីណា ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​លោកស្រី លី ស្រី​វីណា ដោយហេតុ​ផល​ថា មន្ទីរ​សម្រាក​ព្យាបាល​នេះពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​សង្គ្រោះ​អ្នកជំងឺ បន្ទាប់ពី​អ្នកជំងឺ​ម្នាក់​ស្លាប់។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សម្រាក​ព្យាបាល លី ស្រីវីណា នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ម្សិលមិញ បានឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល​នេះនឹង​ចាប់ផ្តើម​បើក​ទទួល​ព្យាបាល​អ្នកជំងឺ​ឡើងវិញ​ ចាប់ពី​ម៉ោង៣រសៀល ​ថ្ងៃទី២០ ខែវិច្ឆិកា​នេះ​តទៅ។

នៅពេល​ស្នើសុំ​បកស្រាយ​នៅ​ថ្ងៃនេះ អ្នកស្រី លី ស្រី​វីណា ប្រាប់​ថា អ្នកស្រី​សុំ​មិន​បកស្រាយ​ទៅកាន់​អ្នកសារព័ត៌មាន​នោះ​ឡើយ។

បី​ថ្ងៃក្រោយ​ពី​ក្រសួងសុខាភិបាល​បាន​ប្រកាស​បិទ​មន្ទីរ​សម្រាក​ព្យាបាល​នេះ អ្នកស្រី លី ស្រី​វីណា ដែល​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​សំ​ណើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ។

ក្រោយមក​ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​នោះ​ដែរ លោកស្រី លី ស្រី​វីណា ក៏បាន​សរសេរ​លិខិត​ដាច់ដោយឡែក​ទៀត​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា។

ក្រោយពី​មាន​សំ​ណើពី​នាយក​រដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជ​ក្រឹត្យ ចុះ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រាស់​បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញដល់​លោកស្រី លី ស្រី​វីណា ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល៥ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​សមា​គម​អាដ​ហុក លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា ការ​បើក​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល​នោះ ទំនងជា​រង​សម្ពាធ​នយោបាយ​ច្រើនជាង​ហេតុផល​ដែល​ក្រសួង​អះអាង​ថា គោរព​តាម​ការកំណត់​បម្រើ​តែ​សេវា​បឋម និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា៖ «បញ្ហា​នេះ​ ខ្ញុំ​គិតថា វា​អាច​ពាក់ព័ន្ធ​ស្ថានភាព​នយោបាយ ពីព្រោះ​យើង​ឃើញ​រូបភាព​ចុងក្រោយ យើង​ឃើញ​មាន​លិខិតស្នើ​សុំចុះចូល​ផង [ចុះ​ចូល​ជាមួយ​គណបក្សប្រជាជន​] មាន​លិខិតស្នើ​សុំ​នីតិសម្បទា​ឡើងវិញ។ វា​ទាល់តែ​មាន​រូបភាព​បែបហ្នឹង​ហើយ​ បាន​យើង​ឃើញ​មានការ​ផ្តល់​នូវ​សិទ្ធិ​ឡើងវិញ បើសិនជា​យើង​ប្រតិបត្តិ​ច្បាប់ បើសិនជា​មិន​មាន​លក្ខ​ណៈ​បច្ចេកទេស វិជ្ជាជីវៈ​ត្រឹមត្រូវ ប្រហែលជា​មិន​អាច​ឱ្យ​បើក​ឡើងវិញ​បានទេ»។

ករណីនេះ លោក ករុណា ជំរុញ​ទៅ​ក្រសួងសុខាភិបាល​ត្រូវ​ធ្វើការ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​បិទនិង​បើក​ឡើងវិញ​ ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​លោកស្រី លី ​ស្រី​វីណា ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​លើ​បញ្ហា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ