អាជ្ញាធរ​​ចោទ​​សង្គម​​ស៊ីវិល​​ថា​​បាន​​ដឹក​នាំ​​ក្រុម​​ភរិយា​​អតីត​​សកម្ម​ជន CNRP តវ៉ា​

ក្រុមស្ត្រីនិងសាច់ញាតិរបស់អតីតមន្ត្រីបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ ប្រមូលផ្ដុំតវ៉ាជាថ្មីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រដោះស្រាយករណីសាច់ញាតិរបស់ពួកគេ។ (ខាន់ លក្ខិណា)

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទម្លាក់កំហុស​ទៅលើ​សង្គម​ស៊ីវិល​ដែល​ឈរ​ឃ្លាំមើល​ការ​តវ៉ា​ថា បាន​ដឹកនាំ​ក្រុម​ភរិយានិង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ប្រមូល​ផ្តុំ​តវ៉ាដាក់​ញត្តិ​នៅមុខ​ព្រះបរមរាជវាំង បង្ក​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សា​ធារ​ណៈ។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ក្រុម​ស្ត្រី​ប្រហែល២០នាក់បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំនិង​ស្រែក​ទាមទារ​នៅ​ខាង​ត្បូង​ព្រះបរមរាជវាំងជាថ្មី​ទៀត ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រព្រះរាជទាន​ជួយ​អន្តរាគមន៍​ឱ្យ​មានការ​លើកលែងទោស​ដល់​ស្វាមីនិង​ឱពុក​ម្ដាយ​របស់​ពួក​គេដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

ប៉ុន្តែ​ការ​ស្រែក​ទាមទារ​នេះ ត្រូវ​បាន​សន្តិសុខ​ខណ្ឌដូនពេញ បាន​រារាំងនិង​រុញច្រាន​ពួក​គេឱ្យទៅ​ប្រមូល​ផ្តុំ​ឆ្ងាយ​ពីរ​បង​ព្រះបរមរាជវាំង ដោយ​អាជ្ញាធរ​ថា ការ​ស្រែក​ទាមទារ​នេះបានធ្វើ​ឱ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណៈនិង​ប៉ះពាល់​សិទ្ធិមនុស្ស។

គណៈ​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌដូនពេញដែល​ជិះតាមរថយន្ត បាន​ស្រែ​កតាម​ឧគ្ឃោសនសព្ទ​ ដោយ​ស្នើ​ឱ្យ​សង្គម​ស៊ីវិលដែល​ពួក​គេ​ថា​ជា​អ្នកដឹកនាំ​ការ​ប្រមូល​ផ្តុំ​នោះ ឱ្យ​ជួយ​សម្របសម្រួល​ជាមួយ​ក្រុម​អ្នក​ប្រមូល​ផ្តុំ កុំឱ្យ​ស្រែក​តវ៉ា​បែបនេះ។ 

គណៈ​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌដូនពេញ បាន​ថ្លែង​ថា៖ «ជាពិសេស បង​អង្គការ​ដែល​ដឹកនាំ​មក សូម​ឱ្យ​សម្រល​សម្រួល អញ្ជើញ​គាត់​ឱ្យមក​សួនច្បារ​នេះ​មក ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ កុំឱ្យ​មានការ​រំខាន​ដល់​ព្រះបរមរាជវាំង។ លោក​-លោកស្រី​ដែល​ជា​អង្គការ​ដែល​ឃ្លាំមើល​ អញ្ជើញ​ពួក​គាត់​ឱ្យមក​ខាង​សួនច្បារ ចៀសវាង​មក​ប្រមូលផ្ដុំ ស្រែក​ឡូឡា សំឡេង​រំខាន​ដល់​ព្រះបរមរាជវាំង»។

វី​អូ​ឌី មិន​អាច​សុំ​ការអធិប្បាយ​ពីអ​ភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញ​វុធ បានទេ។ 

ភរិយា​លោក កាក់ កុម្ភា​រ អតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​អ្នកស្រី ព្រុំ ចន្ថា ប្រាប់​អ្នកសារព័ត៌មាន​ថា ពួក​គាត់​ចេញ​តវ៉ា​រៀងរាល់​សប្ដាហ៍​ មិន​មាន​អង្គការ​សង្គម​ស៊ីវិលឬស្ថាប័ន​ណាមួយ​ដឹកនាំ​ឡើយ។ អ្នកស្រី​បន្ត​ថា ការដែល​ពួក​គាត់​តវ៉ា​នេះ ដោយសារការ​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​ស្វាមីនិង​អ្នក​ពាក់ព័ន្ធ​ដោយ​អយុត្តិធម៌។

អ្នកស្រី​ថា៖ «[អង្គការ​សង្គម​ស៊ីវិល​] មិនបាន​ដឹកនាំ​ទេ ពួក​ខ្ញុំ​ឈឺចាប់​ រង​អំពើ​អយុត្តិធម៌ គេ​ចាប់​ប្ដី​ ចាប់​ឪពុក ​ចាប់​ម្ដាយ។ អ៊ីចឹង​ពួក​ខ្ញុំ​ជា​ស្រ្តី​ដែល​ពិបាក​បំផុត ត្រូវ​ទាមទារ​រក​យុត្តិធម៌ ព្រោះ​ពួក​គាត់​អត់មាន​ខុស​អី​ផង ​[…] អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវតែ​មានការ​ទាមទារ ចាប់​ប្ដី​ខ្ញុំ​ទៅ បង្គោល​គ្រួសារ​ខ្ញុំ​ទៅ បោក​ឆ្នាំងបាយ​ពួក​ខ្ញុំ​ទៅ សួរ​ថា ​ពួក​ខ្ញុំ​មិន​ត្រូវ​ទាមទារ? ហើយ​ឱ្យ​ខ្ញុំ​នៅ​ស្ងាត់ស្ងៀម​មែន?»

កូនស្រី​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ម្ដាយ​របស់​ពួក​គេ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កញ្ញា ផាន សាត បាន​និយាយ​ថា ពួក​គេ​មិន​ចង់ទៅ​ស្រែក​តវ៉ា ហើយ​មក​ទ្រាំ​ឱ្យ​អាជ្ញាធរ​រុញច្រាន​បែបនេះ​ទេ ប៉ុន្តែ​ដោយ​យល់ថា ការ​ចាប់ខ្លួននិង​ការចោទប្រកាន់​លើ​ម្ដាយ​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ពួក​គាត់ ទើប​ពួក​គាត់​ធ្វើបែប​នេះ។

កញ្ញា ផាន សាត បន្ត​ថា៖ «គេ​ចាប់​ខ្ញុំ​ ម្ដាយ​ខ្ញុំ​ អ៊ីចឹង​គឺ​ត្រូវតែ​មក​ហើយ បើ​គាត់​មាន​កំហុស ខ្ញុំ​ក៏​មិន​មក​ដែរ តែ​គាត់​គ្មាន​កំហុស​សោះ អយុតិ្តធម៌​សម្រាប់​គាត់ដែល​ចាប់​គាត់​ហ្នឹង»។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR លោកស្រី ចក់ សុភាព មានប្រសាសន៍​ថា ក្រុមការងារ​របស់​លោកស្រី​ចុះទៅ គឺ​ក្នុងនាម​ជា​អ្នកសង្កេតការណ៍និង​ឃ្លាំមើល​មិនមែន​ជា​អ្នកដឹកនាំ​ការ​ប្រមូល​ផ្តុំ​តវ៉ាដូច​ការចោទប្រកាន់​ឡើយ។ 

លោកស្រីបន្ត​ថា ការ​ចុះទៅ​សង្កេត​ឬឃ្លាំមើល​របស់​អង្គការ​នេះ គឺ​ធ្វើឡើង​គ្រប់​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង មិនមែន​ធ្វើ​តែ​លើ​គ្រួសារ​អតីត​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ។ លោកស្រី​ចាត់ទុក​ការ​លើកឡើង​របស់​អាជ្ញាធរ​នេះ ថា​មិនបាន​យល់​ពី​តួនាទី​របស់​សង្គម​ស៊ីវិល។ 

លោកស្រី ចក់ សុភាព​ ថា៖ «មួយ​រយៈ​នេះ ក្រុមការងារ​ដែល​យើង​ចុះទៅ​អង្កេត​ការ​ក៏​ទទួល​នូវ​ការ​គំរាមកំហែង​មួយចំនួន​ដែរ ដូច​ការ​លើកឡើង​របស់​សមត្ថកិច្ច​ ធ្វើការ​ចោទប្រកាន់​ថា ​ក្រុមការងារ​យើងជា​អ្នកបម្រើ​ឱ្យ​បរទេស ​ដូច​ព្រឹកមិញ​នេះ ខាង​សារព័ត៌មាន​បានឃើញ​ដូចគ្នា ​គឺ​មានការ​ចោទប្រកាន់​ថា​ យើង​នៅ​ពីក្រោយខ្នងឬយើង​ជា​អ្នកដឹកនាំ​បាតុកម្ម​ជាដើម»។

នេះ​ជា​លើក​ទី៣ ដែល​ក្រុម​ភរិយា​និង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ស្វែងរក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ប៉ុន្តែ​ការ​ដាក់​ញត្តិនិង​ស្រែក​ទាមទារ​នេះ មិន​មាន​មន្ត្រី​ព្រះបរមរាជវាំង​ចេញ​មក​ទទួល​ញត្តិ​ឡើយ។

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ពួក​គាត់​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ទូត​នានា អស់​រយៈពេល២២សប្តាហ៍​មក​ហើយ គិត​មកដល់​ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ