ក្រសួង​សុខា​ភិបាល​​ថា​ ជោគជ័យ​​ព្រឹត្តិ​​ការណ៍​៣​វិច្ឆិកា​ ជា​​សមត្ថ​ភាព​​អច្ឆរិយ​​របស់​​មេ​ដឹក​នាំ​​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ថ្ងៃ​អញ្ជើញ​ថ្វាយព្រះ​រាជដំណើរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ម៉ែ ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

ក្រសួងសុខាភិបាលនិយាយ​ថា វិធានការ​ដ៏​មានប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ មិន​ឱ្យ​ឆ្លង​ចូល​សហគមន៍ ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ជា​សមត្ថភាព​អច្ឆ​រិយរបស់​នាយក​រដ្ឋមន្ត្រី ខណៈ​លទ្ធផល​ធ្វើតេស្ត​លើក​ទី៤ ដែល​ជា​តេ​ស្ត​លើក​ចុងក្រោយ​លើ​មនុស្ស​ជាង១ពាន់​នាក់កាលពី​ម្សិលមិញ គឺ​អវិជ្ជមាន​ទាំងអស់។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន បាន​លើកឡើង​តាមរយៈ​អត្ថបទ​មួយចេញផ្សាយ​លើ​បណ្តាញ​សង្គម​របស់ក្រ​សួង នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ​ថាកម្ពុជា​ពិតជា​មានសំណាង​ដែល​មាន​ប្រមុខ​ដឹកនាំ​ប្រទេសមាន​សមត្ថភាព​អច្ឆរិយ ឈ្លាសវៃ ធ្វើ​ឱ្យ​កម្ពុជាមិន​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ និង​មិនទាន់​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយរហូត​មកទល់​ពេលនេះ។

លោកស្រី​សរសេរ​ទៀត​ថា៖ «ព្រឹត្តិ​ការណ៍៣វិច្ឆិកា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រទេស​តូចតាច​មួយ​នេះ ក្រោម​កណ្តាប់​ដៃ​ដែកថែបរបស់​នាយក​រដ្ឋមន្ត្រី គឺ​ពិតជា​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការគ្រប់គ្រង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ដ៏​កាច​សាហាវ​មួយ​នេះ បាន​ទាន់ពេល​វេលា​ ប្រកបដោយ​ប្រសិទ្ធភាព​ល្អ​ប្រសើរ​បំផុត ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជាអាច​ចៀស​ផុត​បាន​នូវ​ការ​ចម្លង​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ»។

លោកស្រី ឱ វណ្ណ​ឌីន គូសបញ្ជាក់​ថា ការ​ជួយ​ផ្តល់​ជា​ជំនួយសម្ភារ​និង​បរិ​ក្ខា​រពេទ្យ​ដល់​ប្រជាជន​ឡាវ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩នា​ពេល​ថ្មី​ៗនេះ ក៏បាន​បង្ហាញ​ដល់​បណ្តា​ប្រទេស​នានានិង​ពិភពលោក​ទាំងមូល​ថា កម្រមាន​ប្រទេស​ណា​ដែល​គ្រប់គ្រង​ស្ថានការណ៍​បាន​រហ័ស លឿន​ទាន់ពេល​វេលា និង​កាត់​ផ្តាច់​បាន​នូវ​ខ្សែចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​បាន​ឆាប់និង​ល្អ​ប្រសើរ​ដូច​មេដឹកនាំ​កម្ពុជា។

ប៉ុន្តែ​នៅពេល​សួរ​ថា តើ​ព្រឹត្តិ​ការណ៍៣វិច្ឆិកា​នេះ ក្រសួង​ចំណាយ​ថវិកាជាតិ​អស់​ប៉ុន្មានក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​នេះ លោកស្រី​ថា មិនទាន់​មាន​ព័ត៌មាន​ពីរ​ដ្ឋ​មន្ត្រី​នៅឡើយ ។

លោកស្រី​ថា៖ «គាត់​ [រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​លោក ម៉ម ប៊ុ​នហេង​] អត់​ប្រាប់​ខ្ញុំ​ផង ខ្ញុំ​មិនដឹង»។

វី​អូ​ឌី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់ពីរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុ​នហេង បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ប្រាប់​ថា​ជាប់​ប្រជុំ។

ប៉ុន្តែក្រសួង​ធ្លាប់​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ​ថា សម្រាប់​ជនបរទេស​ម្នាក់​ការ​ធ្វើតេស្ត​ម្តង ត្រូវ​បង់១០០ដុល្លារ។ ប៉ុន្តែព្រឹត្តិ​ការណ៍៣វិច្ឆិកា​នេះ រដ្ឋាភិបាល​ប្រកាស​ថា រដ្ឋ​ជា​អ្នក​ចំណាយ បូក​ទាំង​មណ្ឌ​លសម្រាប់​ធ្វើ​ចត្តាឡីស័​កផង​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ផ្ទាល់មាត់ឱ្យ​មន្ត្រី​ប្រើពាក្យ​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ជំនួស​ការប្រើ​ពាក្យ​ការ​ឆ្លង​កូ​វីដ១៩នៅ​កម្ពុជា កើត​ចេញពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុងគ្រី ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ដើម្បី​កុំឱ្យ​ប៉ះ​ពាល់​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-ហុងគ្រី។

បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រីធ្លាប់​ដាក់ចេញ​នូវ​អនុសាសន៍​ឱ្យ​បញ្ចប់​ព្រឹត្តិការណ៍៣វិ​ច្ឆិកា​នេះ ត្រឹម៣សប្តាហ៍ ចាប់ពី​ថ្ងៃ​ដែល​កម្ពុជា​បាន​ប៉ះពាល់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ដែល​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុក​កូ​វីដ១៩ពេល​ទៅដល់​ប្រទេស​ថៃ បន្ទាប់​ពីបញ្ចប់ទស្សនកិច្ច​ផ្លូវការ​រយៈពេល១ថ្ងៃ​នៅ​កម្ពុជា​។

លោក​ថា៖ «ដើម្បី​រំលត់​សភាពការណ៍ ដែល​ហៅថា៣វិច្ឆិកា​នេះបាន​ ទាមទារ​ឱ្យ​មានធ្វើ​ចត្តា​ឡី​ស័ក​ឱ្យ​បាន​ហ្មត់​ចត់​បំផុត បើមិនដូច្នោះទេ ​មហន្តរាយ​នឹង​កើតមាន​សម្រាប់​ប្រទេស​យើង មិន​ខុសពី​ប្រទេស​ដទៃ​ដែល​កំពុងតែ​ឆ្លងកាត់​នូវ​រោគរាតត្បាត​ទូទាំង​ប្រទេស​ដែល​ត្រួតត្រា​មិនបាន»។

បើ​តាម​ក្រសួងសុខាភិបាល ព្រឹត្តិ​ការណ៍៣វិច្ឆិកា មាន​មនុស្ស១ ៤២២នាក់ រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ផង ត្រូវ​ក្រសួងសុខាភិបាល​ប្រកាស​ថា បាន​យក​សំណាក​មក​ធ្វើតេស្តរហូត៤ដង ដើម្បី​តាមដាន​សុខភាព​ តែ​លទ្ធផល​អវិជ្ជមាន។ តែ​យ៉ាងណា មាន​មនុស្ស៤នាក់បាន​ឆ្លង​វីរុស​នេះ​ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ប៉ុន្តែ​បាន​ព្យាបាល​ជាសះស្បើយ​ម្នាក់ នៅសល់៣នាក់​ទៀតកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ហៅ​ការ​អះអាង​ពី​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា​នេះ ថា​ជា​ដំណឹងល្អ​សម្រាប់​កម្ពុជា។ ប៉ុន្តែលោក​ថា ព្រឹត្តិការណ៍​នេះអាច​ប៉ះពាល់​ដល់​ការ​ចំណាយ​ថវិកាជាតិ សម្រាប់​គាំពារ​ដល់​យុទ្ធនាការ​ទប់ស្កាត់ ខណៈ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ស្រាប់។

លោក​ព្រួយបារម្ភ​ថា ហានិភ័យ​របស់​ប្រទេសអាច​មិន​បញ្ចប់​ត្រឹម​ព្រឹត្តិ​ការណ៍៣វិច្ឆិកា​នេះ​ទេ បើ​រដ្ឋាភិបាល​នៅ​បន្ត​ធ្វេសប្រហែស នៅពេល​ជួប​មន្ត្រី​នានាក្នុង​ទំនាក់ទំនង​ការទូត​នោះ។

លោក​ថា៖ «ការ​ធ្វេសប្រហែស ដូច​ការដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​អញ្ជើញ​មក​ហ្នឹង នេះ​ជា​ការ​ធ្វេសប្រហែស​មួយ​ធំ អាច​បង្ក​ហា​និ​ភ័យ​ដល់​សុខភាព​សាធារណៈ​ណាស់។ យើង​គួរតែ​បន្ត​ធ្វើតាម​គោលការណ៍​ណែនាំ​ផ្នែក​សុខភាព​ពី​អង្គការសុខភាព​ពិភពលោក ទាក់ទង​ទៅ​នឹង​យន្តការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍​ថា៖ «ការ​ធ្វេសប្រហែស​របស់​រដ្ឋ​ហ្នឹង ​ធ្វើ​ឱ្យ​បន្ទុក​ចំណាយ​របស់​រដ្ឋ​កាន់តែ​ខ្ពស់​ថែមទៀត មិន​ត្រឹម​ប៉ុណ្ណឹង​ទេ វា​ប៉ះ​ទៅដល់​ការ​រកទទួលទាន​របស់​ប្រជាពលរដ្ឋ​យើង ពិសេស​អ្នក​ដែល​ប្រកបមុខរបរ​តូចតាចនិង​មធ្យម​អី​ហ្នឹង ​គឺ​យើង​ឃើញថា​មានការ​ប៉ះពាល់»។

លោ​ក មឿន តុលា លើក​ជាឧទាហរណ៍​ថា ពេល​ពលរដ្ឋ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​រឿង​ដីធ្លី​ជាដើម អាជ្ញាធរ​រារាំងឬបំបែក​ ក្រោម​ហេតុផល​ថា ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ប៉ុន្តែ​ថា កម្មវិធី​របស់​រដ្ឋ​មួយចំនួនមានការ​ជួបជុំ​មនុស្ស​ច្រើនជាង​អ្នក​តវ៉ា តែម​ន្ត្រី​ភាគច្រើន​មិនបាន​ពាក់​ម៉ាស តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ទេ។

ទោះ​យ៉ាងណា ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍៣វិ​ច្ឆិ​កានៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​កាលពី​ថ្ងៃម្សិលមិញ ខណៈ​ខេត្ត​មួយចំនួន​ទៀត​នឹង​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័​កជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​រៀប​អាពាហ៍​ពិពាហ៍ ពិធីបុណ្យ​តាម​បែប​សាសនា សារមន្ទីរ រោងភាពយន្ត ចាប់ពី​ថ្ងៃនេះ ខណៈ​ការ​បើក​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ទីរួមខេត្ត​កណ្តាល នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ ដោយ​ត្រូវ​គោរព​តាម​វិធាន​សុខភាព​របស់ក្រ​សួង​សុខាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ