តុលាការ​ខេត្ត​​កោះកុង​​ចាត់​ទុក​​បណ្ដឹង​​ប្រឆាំង​​តំណាង​​ពលរដ្ឋ​៣​នាក់​​នៅ​​ស្រុក​ស្រែ​​អំបិល​​មិន​​ពាក់​ព័ន្ធ​​នឹង​​វិវាទ​​ដី​ធ្លី​​

ពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំគ្នាកាន់បដានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការដោះលែងតំណាងខ្លួននិងដោះស្រាយបញ្ហាដីធ្លីដែលកំពុងជួបប្រទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

សាលាដំបូង​ខេត្តកោះកុង អះអាង​ថា ករណី​តំណាង​ពលរដ្ឋ៣នាក់​នៅ​ឃុំ​ជីខក្រោម ស្រុកស្រែ​អំបិល ដែល​កំពុង​ជាប់​បណ្តឹ​ងនៅ​តុលាការខេត្ត​នេះ មិនមែន​ជា​សំណុំរឿង​ជាប់ពាក់ព័ន្ធ​វិវាទ​ដីធ្លី​នោះ​ទេ។

ការ​អះអាង​របស់​តុលាការ​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកភូមិ​ប្រមាណ៥០០នាក់​មក​ពី​ស្រុក​ចំនួន៣នៃ​ខេត្តកោះកុង បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃម្សិលមិញ​ ខណៈ​តំណាង​ពលរដ្ឋ៣នាក់​ចូល​បំភ្លឺ​នៅចំពោះមុខ​តុលាការ​ទៅ​តាម​បណ្តឹ​ងរ​បស់​បុគ្គល​ម្នាក់​ឈ្មោះ ឆាយ វី។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី១៨ ខែវិច្ឆិកា សាលាដំបូង​ខេត្តកោះកុង​ឱ្យ​ដឹង​ថា តំណាង​ពលរដ្ឋ៣នាក់ រួម​មាន​ អ្នកស្រី ផាវ ញ៉ើង អ្នកស្រី សេង លីន និង​អ្នកស្រី ខន ផុន ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ ចោទប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មានការ​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិ​ហារ​កេរិ៍្តជា​សាធារណៈ» ដែល​មាន​អ្នកស្រី ឆាយ វី ជា​ដើម​បណ្តឹង។

តុលាការខេត្ត​កោះកុងបាន​លើកឡើង​ថា កាលពី​ម្សិលមិញ​នេះ តំណាង​ពលរដ្ឋ​ទាំង៣នាក់​នោះ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ ហើយ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​មក​ពី​ស្រុកស្រែ​អំបិល ស្រុក​បទុ​មសាគរ និង​គិរីសាគរ បាន​មក​ស្រែក​តវ៉ា​មុខ​តុលាការ​សុំ​ឱ្យ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​ទៅវិញ។

សេចក្តី​ថ្លែ​ងការណ៍​ដដែលបញ្ជាក់​ថា សំណុំរឿង​របស់​តំណាង​ពលរដ្ឋ៣នាក់​នោះជា​សំណុំរឿង​ព្រហ្មទណ្ឌ មិនមែន​ជា​សំណុំរឿង​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី ផាវ ញ៉ើង នៅតែ​អះអាង​ថា ករណី​អ្នកស្រី ឆាយ វី ប្តឹង​ពួក​គាត់​ទៅ​តុលាការ​នោះគឺ​ពាក់ព័ន្ធ​វិវាទ​ដីធ្លី ដោយ​អ្នកស្រី​ថា រឿង​នេះ​កើតឡើង​ដោយសារ​អ្នកស្រីនិង​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បាន​យក​ពាក្យបណ្តឹង​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​លើករណី​អ្នកស្រី ឆាយ វី បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​សហគមន៍​ទៅឱ្យ​អ្នកមាន​លុយ​មានអំណាច។

អ្នកស្រី ផាវ ញ៉ើង ប្រាប់​ថា៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​អ្នកស្រី ឆាយ វី វិញ​ហើយ​កាលពី​ម្សិលមិញ។ ខ្ញុំ​ចោទ ឆាយ វី វិញ ពី​បទ​បរិ​ហា​រកេរ្តិ៍​ខ្ញុំ​វិញ ដោយសារ​គាត់​បាន​លួច​លក់​ដី​មែន ខ្ញុំ​មាន​ទាំង​សាក្សីនិង​ភស្តុតាង»។

បើ​តាម​អ្នកស្រី ផាវ ញ៉ើង ក្រោយ​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​ចៅក្រម​ស៊ើបសួរ​កាលពី​ម្សិលមិញ តុលាការ​បានសម្រេច​ឱ្យ​ពួក​គាត់​នៅ​ក្រៅ​ឃុំ និង​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។

អ្នកស្រី ឆាយ វី ដែល​ជា​ដើម​បណ្តឹង និង​ជា​អតីត​តំណាង​ពលរដ្ឋ​សហគមន៍១៧៥ ប្រាប់​វី​អូ​ឌី​ម្សិលមិញ​ថា អ្នកស្រី​មិនបាន​លួច​លក់​ដី​រដ្ឋឬដី​សហគមន៍​ដូច​តំណាង​ពលរដ្ឋ៣នាក់​នោះ​លើកឡើង​ទេ។ អ្នកស្រី​នៅតែ​ទាមទារ​ឱ្យ​តំណាង​ពលរដ្ឋ៣នាក់​នោះ បង្ហាញ​ឯកសារនិង​ភស្តុតាង។

អ្នកស្រី ឆាយ វី ប្រាប់​ថា៖ «បើ​រក​ភស្តុតាង​មិនឃើញ​ដូច​គាត់​ចោទប្រកាន់​ខ្ញុំ​ទេ ខ្ញុំ​សុំ​ឱ្យ​គាត់​សងជំងឺចិត្ត​ខ្ញុំ២ម៉ឺន​ដុល្លារ និង​ជាប់គុក​រយៈពេល៥ឆ្នាំ»។

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន ប្រាប់​ថា ករណី​តុលាការ​ហៅ​ពលរដ្ឋ​ឱ្យ​ឆ្លើយ​បំភ្លឺ​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី។ លោក​ថា ការដែល​យក​ប្រព័ន្ធ​តុលាការ​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​បែបនេះ គឺជា​ការ​គំរាមកំហែងនិង​បំបាក់ស្មារតី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី មិន​ឱ្យ​ហ៊ាន​តវ៉ា​ទៀត​តែ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា​ឆ្នាំមុន ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​សហគមន៍១៧៥ ស្ថិតនៅ​ឃុំ​ជីខលើ និង​ជីខក្រោម ស្រុកស្រែ​អំបិល បាន​នាំគ្នា​ផ្តិត​មេដៃ​ប្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដោយ​ចោទប្រកាន់​អ្នកស្រី ឆាយ វី អតីត​តំណាង​ពួក​គេ​ថា​បាន «ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដី​សេសសល់​បម្រុងទុក​របស់​សហគមន៍ ទៅ​ឱ្យ​ឧកញ៉ានិង​អ្នកមាន​លុយ​មានអំណាច» នៅក្នុង​ខេត្តកោះកុង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ