អាមេរិក​​អំពាវ​នាវ​​ឱ្យ​​បើក​​ឡើង​វិញ​​នូវ​​លំហ​​នយោ​បាយ​ ​ដើម្បី​​ឱ្យ​​ការ​បោះ​ឆ្នោត​​ខាង​មុខ​​មាន​​ប្រជា​ធិប​តេយ្យ​​ពិត​​ប្រាកដ​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

សហរដ្ឋអាមេរិកអំពាវនាវ​ឱ្យ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ ដើម្បី​ឱ្យ​ការបោះឆ្នោត​ខាងមុខ ដំណើរការ​ទៅ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ខណៈ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​នៅឡើយ។

លោក កឹម សុខា ត្រូវ​បាន​ដកសិទ្ធិ​ធ្វើនយោបាយ​ជាង៣ឆ្នាំ​មក​ហើយ ក្រោយពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​អំឡុង​ឆ្នាំ២០១៧ ដូចគ្នា​ទៅ​នឹង​គណបក្ស​របស់​លោកដែល​មាន​សំឡេងឆ្នោត​គាំទ្រ​ជាង៤០ភាគរយ ត្រូវ​បាន​រំលាយ​ចោល មន្ត្រី​ថ្នាក់ដឹកនាំ១១៨រូបត្រូវ​បាន​ហាម​ធ្វើនយោបាយ​រយៈពេល៥ឆ្នាំ ក្រោមអំណាច​តុលាការ​កំពូល​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល ចោទ​ថា ឃុបឃិតជាមួយ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ បាន​និយាយ​ថា ខ្លួន​កំពុងធ្វើការ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​លើ​ករ​ណី​បណ្តឹង​តុលាការ ដែល​មាន​ចំនួន​កាន់តែ​ច្រើនឡើង​ទៅលើ​សកម្មជន​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​នៃ​គណបក្ស​នយោបាយ​ធំជាង​គេ​មួយ​របស់​ប្រទេស​កម្ពុជា គឺ​គណបក្ស​សង្រ្គោះ​ជាតិ​កម្ពុជា។

មហាអំណាច​លោកសេរី​មួយ​នេះ គូសបញ្ជាក់​ថា សេរីភាព​ក្នុង​ការ​ជួប​ប្រមូល​ផ្តុំគ្នា និង​សេរីភាព​ក្នុង​ការ​សម្តែង​មតិ និង​ការ​អត់ឱន​ចំពោះ​មតិ​ប្រឆាំង ​មាន​សារៈសំខាន់​ចាំបាច់​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ។

ស្ថានទូត​អាមេរិក​សរសេរ​ថា«យើង​សូម​អំពាវនាវ​ឱ្យអាជ្ញាធរ​ការពារ​សេរីភាព​ទាំងនេះ ដូចដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​ប្រកាន់​ជំហាន​ប្រកបដោយ​អត្ថន័យ ក្នុង​ការ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​លំហ​សម្រាប់​ពលរដ្ឋ​នៅក្នុង​អំឡុង​ពេល​ឈាន​ទៅ​រក​ការបោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣»។

ប្រធាន​ក្រុម​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា រដ្ឋាភិបាល​មិនដែល​បិទ​សិទ្ធិ​ធ្វើនយោបាយ​ដល់​គណបក្ស​ណាមួយ​នោះ​ទេ ហើយ​ថា វិធា​នកា​រក​ន្លង​ទៅ ជា​ចំណាត់ការ​ផ្លូវច្បាប់​ទប់ស្កាត់​ក្រុម​អនា​ធិប​តេយ្យ ដើម្បី​ស្ថិរភាព​សង្គម។

លោក ផៃ ស៊ី​ផាន ប្រាប់​ថា៖ «កន្លងមក​មានការ​ចាប់​ឃុំខ្លួន​មនុស្ស​ហ្នឹង​ ដោយសារ​មនុស្ស​ហ្នឹង​រំលោភ​លើច្បាប់​តើ! ហើយ​លំហ​ប្រជាធិបតេយ្យ​យើង​ ហើយ​ថ្មី​ៗនេះ​មានការ​រួបរួម​គ្នា៣គណបក្ស​បង្កើត​គណបក្ស​មួយ ហើយ​លក្ខណៈ​ដែល​យើង​មិន​អនុញ្ញាត​ឱ្យធ្វើ​អនាធិប​តេយ្យ​ វា​ប៉ះពាល់​ដល់​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​ គឺ​យើង​គ្រប់គ្រង​មិន​ឱ្យ​មានអំពើ​អនា​ធិប​តេយ្យ​ទេ»។

មួយវិញទៀត អ្នកនាំពាក្យ​រដ្ឋាភិបាលអះអាង​ថា រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​ការ​តាម​ដា​នប​ណ្តឹងនៅ​តុលាការ​ពីសំណាក់​សហរដ្ឋអាមេរិក ដោយ​ថា នីតិវិធី​សំណុំរឿង​បាន​ធ្វើឡើង​ជា​លក្ខណៈ​បើកចំហ ហើយ​ថា ការ​ជជែកនិង​សន្ទនា​រវាង​កម្ពុជានិង​អាមេរិកបាន​ធ្វើឡើង​ជាបន្តបន្ទាប់​ក្នុងនាម​ជា​មិត្ត​ល្អ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គឺ​លោក ចាន់ ចេន មានប្រសាសន៍​ថា កូន​ក្តី​លោក​គួរ​ត្រូវ​បាន​ទម្លាក់​ចោល​បទចោទប្រកាន់ ដោយ​ថា កូន​ក្តី​លោក​មិនបាន​ធ្វើអ្វី​ខុស​ដូច​ការចោទប្រកាន់​ទេ និង​ថា បច្ចុប្បន្ន​ កូន​ក្តី​នៅតែ​បន្ត​កិច្ចការ​មនុស្សធម៌​ ដូចជា​ការ​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ជាដើម ។

លោក ចាន់ ចេន ប្រាប់​ថា៖ «មួយវិញទៀត កូន​ក្តី បើ​តាមផ្លូវ​ច្បាប់ កូន​ក្តី​គាត់​ត្រូវ​បាន​ទទួល​សិទ្ធិ​ធ្វើការ​ជំនុំជម្រះ​ប្រកបដោយ​យុត្តិធម៌​និង​ឆាប់រហ័ស ក៏ប៉ុន្តែ ពេលនេះ តាំងពី​ប្តឹង​កូន​ក្តី​ខ្ញុំ​រហូត៣ឆ្នាំ​ហើយ អត់​ទាន់​ធ្វើការ​ជំនុំជម្រះ ធ្វើការ​ផ្តល់​យុត្តិធម៌​កូន​ក្តី​ខ្ញុំ​ទេ»។

សហ​មេធាវី​រូប​នេះនិយាយ​ទៀត​ថា ក្នុងនាម​លោក​ជា​ពលរដ្ឋខ្មែរ​ម្នាក់ លោក​ចង់​ឃើញ​ការបោះឆ្នោត​ខាង​មុខ ដំណើរការ​ទៅ​ដោយសេរី​ ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​គណបក្ស​នយោបាយ​គ្រប់​និន្នាការ​អាច​ចូលរួម​ប្រកួត​ដោយសេរី គ្មាន​ការ​គំ​រាម​កំហែង។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​លោក សំ សុ​គង់ មានប្រសាសន៍​ដែរ​ថា គិត​ចាប់ពី​គណបក្ស​នេះ​ត្រូវ​រំលាយ សកម្មជន​ជាង៣០០នាក់ត្រូវ​បាន​តុលាការ​ចេញដីកាកោះ​ហៅយក​ទៅ​សាកសួរ ក្នុង​នោះ​ជិត១៣០នាក់ រួម​ទាំង​ថ្នាក់ដឹកនាំ​ លោក សម រង្ស៊ី ផង​ដែរ ត្រូវ​តុលាការ​បង្គាប់​ឱ្យ​ចូល​សវនាការ​នៅ​ចុងខែ​នេះ។

លោក​និយាយ​ទៀត​ថា សំណុំរឿង​ចោទប្រកាន់ រួម​មាន «​បទ​ញុះញង់» «បទ​រួមគំនិតក្បត់» «ញុះញង់​ឱ្យ​យោធា​មិន​ស្តាប់​បង្គាប់» រួម​ទាំង​ «បទ​ឧបឃាត» ដែល​ថា «ស្មើនឹង​ទោស​ក្បត់ជាតិ»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា សហរដ្ឋអាមេរិក​នៅតែ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា ទាំង​សក្តា​នុ​ពល​សេដ្ឋកិច្ចនិង​ការទូត។

លោក ឯម សុវណ្ណ​រ៉ា ប្រាប់​ថា៖ «ការ​នាំ​ទំនិញ បើ​យើង​មើល​ឆ្នាំ២០២០នេះ ការ​នាំទៅ​សហរដ្ឋអាមេរិក​កើនឡើង​រហូតដល់៦ពាន់​លាន​ដុល្លារ។ បើ​តាម​ការ​សម្ភាស​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ដាក់​សម្ពាធ​បង្កក​ទ្រព្យសម្បត្តិ​ឥស្សរជន​នយោបាយ​លើស​កល​លោក​ខ្លាំង​ជាង​សហភាព​អឺរ៉ុប»។

អ្នកជំនាញ​នយោបាយ​រូប​នេះនិយាយ​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ប្រឈម​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​នៃ​រដ្ឋបាល​លោក ចូ បៃ​ឌិន​ ដែល​ទើបនឹង​ឈ្នះ​ឆ្នោត បើ​ស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំ​មុ​ខគេ​ក្នុង​ការជំរុញ​កម្ពុជា​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ចាប់តាំងពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ អាណត្តិ​ទី៦នេះ ដែល​បាន​ផាត់​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ។

ឥទ្ធិពល​នេះ​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​ឧកញ៉ា​ចំនួន ត្រូវ​បាន​អាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ ចោទ​ថា បាន​ពាក់ព័ន្ធ​ទៅ​នឹងការ​រំលោភសិទ្ធិ​មនុស្ស និង​ធ្វើ​ឱ្យ​ខូច​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំណែក​សហភាព​អឺរ៉ុប​វិញ​ បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ»​ ចំនួន២០ភាគរយ​ពី​កម្ពុជា ធ្វើ​ឱ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់​ជិត១ពាន់​លាន​ដុល្លារ​ក្នុង១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ