បុគ្គ​លិក​​សណ្ឋា​គារ​​សូ​ហ្វី​តែល​​ភ្នំពេញ​​ស្នើ​​ទៅ​​ក្រសួង​ការងារ​​បញ្ជូន​​វិវាទ​​ពួក​គេ​​ទៅ​​ក្រុម​ប្រឹក្សា​​អាជ្ញា​​កណ្ដាល​

បុគ្គលិក​សណ្ឋាគារ សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា ឈរ​តវ៉ា​នៅ​ពីមុខ​សណ្ឋាគារ​ករណី​ថៅកែ​បញ្ឈប់​ពី​ការងារ​ដោយ​មិនបាន​ដោះស្រាយ​ត្រឹមត្រូវ​តាមច្បាប់​ការងារ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​បុគ្គលិក​សណ្ឋាគារ​ សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា ដែល​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ បាន​ស្នើ​ទៅ​ក្រសួងការងារ​ឱ្យបញ្ជូន​សំណុំរឿង​វិវាទ​ការងារ​របស់​ពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ខណៈ​ដែល​ពួក​គេ​អះអាង​ថា វិវាទ​ការងារ​មួយ​នេះ​បាន​អូស​បន្លាយពេល​អស់​ជិត៣ខែ ​គ្មាន​ដំណោះស្រាយ។

កាលពី​ថ្ងៃទី១ ខែសីហា​កន្លងមក​នេះ បុគ្គលិក៥៣នាក់​របស់​សណ្ឋាគារ ​សូ​ហ្វី​តែល​ភ្នំពេញ ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ​បញ្ឈប់​ពី​ការងារ ក្រោម​ហេតុផល​ថា សណ្ឋាគារ​មាន​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី១៩ ប៉ុន្តែក្រុម​កម្មករ​អះអាង​ថា ការ​បញ្ចប់​កិច្ចសន្យា​ការងារ​នោះ គឺ​ថៅកែ​មិនបាន​ដោះស្រាយ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ ដែល​ធ្វើឱ្យកម្មករ​មិន​ពេញចិត្តនិង​បាន​តវ៉ា។

តំណាង​បុគ្គលិក​ប្រមាណ១០នាក់​របស់​សណ្ឋាគារ​ សូ​ហ្វី​តែល​ភ្នំពេញ​ នៅ​ថ្ងៃអង្គារ​នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងការងារ​ ដើម្បី​សុំឱ្យ​រដ្ឋមន្ត្រី​ក្រសួងការងារ លោក អ៊ិ​ត សំ​ហេង បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​របស់​ពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​បន្ត។

ប្រធាន​សហជីព​សាមគ្គី​ឯករាជ្យ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ លោក ផាត់ សា​រួន ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ដាក់​ញត្តិ​នៅ​ក្រសួងការងារ​នា​ព្រឹក​នេះ​ថា ម្ចាស់​សណ្ឋាគារ​បាន​បញ្ឈប់​បុគ្គ​លិ​កភ្លាម​ៗដោយ​មិនបាន​ជូនដំណឹង​មុន និង​ដោះស្រាយ​សំណងមិនបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ។

ប្រធាន​សហជីព​រូប​នេះ ឱ្យដឹង​ថា វិវាទ​ការងារ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​នេះ គឺ​កន្លងមក​មន្ត្រី​ក្រសួងការងារ​បាន​សម្របសម្រួល​ផ្សះ​ផ្សា​ដែរ ប៉ុន្តែមាន​ចំណុច​មួយចំនួន​មិន​ត្រូវគ្នា​ឡើយ។

លោក ផាត់ សា​រួន ប្រាប់​ថា៖ «ការបញ្ឈប់​នេះ គឺ​ពួក​គាត់​ទទួលរង​ការ​ប្រឈម​ខ្លាំង។ ពួក​គាត់​ប្រឈមមុខនឹង​ការ​អត់​ការងារ​ធ្វើ។ សព្វថ្ងៃ​នេះ ភាគច្រើន​ពួក​គាត់​អត់​ទាន់​មានការ​ងារ​ថ្មី​ធ្វើ​ទេ។ គាត់​សម្រាក​នៅផ្ទះ។ អ្នកខ្លះ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត។ ទាំងនេះ​ជា​ផល​លំបាក​របស់​ពួក​គាត់»។

បើ​តាម​ញត្តិ​ដាក់​ទៅ​ក្រសួងការងារ គឺ​ក្រុម​បុគ្គលិក​ទាមទារ​សំណង​បន្ថែម ក្នុង​នោះ​មាន​ប្រាក់សំណង​ជំងឺចិត្ត ប្រាប់​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​យក​ប្រាក់ឈ្នួល​គោល​បូក​ជាមួយ​ប្រាក់​បន្ទាប់បន្សំ​ក្នុង​ការ​គណនា​ជូន​បុគ្គលិក និង​ផ្តល់​ប្រាក់​ដែល​ថៅកែ​កាត់​ទុក​សម្រាប់​ការ​បាក់បែក​ជូន​បុគ្គលិក​វិញ។

បុគ្គលិក​ផ្នែក​ចុងភៅ កញ្ញា វួច លីន អាយុ២៦ឆ្នាំ បម្រើការ​ងា​រនៅស​ណ្ឋា​គារ សូ​ហ្វី​តែល​ភ្នំពេញ​រយៈពេល៦ឆ្នាំ​ហើយ​នោះ និយាយ​ថា តាំងពី​ថៅកែ​បញ្ឈប់​ពី​ការងារ​រហូត​ពេលនេះ កញ្ញា​មិនទាន់​រក​ការងារ​ធ្វើ​បាន​នៅឡើយ​ទេ ដែល​ធ្វើឱ្យកញ្ញា​កំពុង​ប្រឈមមុខនឹង​បញ្ហា​ជីវភាព​គ្រួសារ។

កញ្ញា វួច លីន ប្រាប់​ថា៖ «គេ​បញ្ឈប់​ភ្លាម​ៗអ៊ីចឹង ខ្ញុំ​រក​ការងារ​ថ្មី​ធ្វើ​អត់​បានទេ​រហូតមកដល់​ពេល​ឥលូវហ្នឹង ហើយ​ខ្ញុំ​ត្រូវ​ទទួលបន្ទុក​ក្នុង​គ្រួសារ​មួយចប់​តាំងពី​លុយ​បង់​ធនាគារ ម្តាយ​ខ្ញុំ​ឈឺ ថ្លៃ​សា​លា​ក្មួយ​ៗរៀន។ ហើយ​ខ្ញុំ​ទាមទារ​ចង់បាន​អ្វី​ដែល​ច្បាប់​ការងារ​បាន​កំណត់​ទេ ខ្ញុំ​អត់​ចង់បាន​លើស​ហ្នឹង​ទេ»។

បុគ្គលិក​ផ្នែក​ចុងភៅ​ម្នាក់ទៀត លោក ជា សូ​នី អាយុ៤៥ឆ្នាំ បម្រើការ​ងារ​នៅ​សណ្ឋាគារ សូ​ហ្វី​តែល ​រយៈពេល១០ឆ្នាំ​មក​ហើយ​នោះ និយាយ​ថា ប្រសិន​សំណុំរឿង​វិវាទ​ការងារ​នេះ​ធ្លាក់​ដល់ដៃ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល គឺ​ពួក​គាត់​ឈ្នះក្តី ហើយ​ទទួល​បាន​សំណង​ដូច​ការ​ទាមទារ។ លោក​ថា ប្រសិនជា​មិន​ទទួល​បាន​សំណង​បន្ថែម និង​រក​ការងារ​ធ្វើ​អត់​បាន​ទៀត​នោះ គ្រួសារ​លោក​ប្រឈម​ជំពាក់បំណុល​គេ​ទ្វេដង។

លោក ជា សូ​នី ប្រាប់​ថា៖ «ឥលូវ​កំពុង​ស្វែងរក​ខ្ចីគេ​ពី​ខាងក្រៅ ​ដើម្បី​យក​ទៅ​បង់​សង​ធនាគារ ហើយ​ឥលូវសំណង​ក៏បាន​តិច ការងារ​ក៏​រក​មិន​ទាន់​បាន​ធ្វើ​ទៀត និយាយទៅ​ជួប​ការ​លំបាក​ច្រើនណាស់»។

មន្ដ្រី​ទទួលបន្ទុក​ផ្នែក​ដោះស្រាយ​វិវាទនិង​កូដកម្មនៃ​ក្រសួងការងារ លោក និន វណ្ណៈ ដែល​បាន​ទទួ​លញ​ត្ដិ​ពី​តំណាង​បុគ្គលិក​សណ្ឋាគារ ​សូ​ហ្វី​តែល ប្រាប់​វី​អូ​ឌី​ថា លោក​នឹង​បញ្ជូន​សំណើ​របស់​បុគ្គលិក​នេះ​ទៅ​រដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យនិង​ចាត់ចែង​បន្ត។

លោក និន វណ្ណៈ ប្រាប់​ថា៖ «ព្រឹកមិញ​នេះ ខ្ញុំ​បាន​ទទួល​ញត្តិ​ពី​បងប្អូន​នៅ​សូ​ហ្វី​តែល ​ដូច​លោក​បានដឹង​ហើយ។ ហើយ​ក្នុងនាម​ខ្ញុំ​ជា​អ្នកទទួល​នូវឯកសារ​ទាំងអស់​នេះ ខ្ញុំ​បាន​រៀបចំ​ដើម្បី​បញ្ជូន​ទៅ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ដើម្បី​ចាត់ការ។ អ៊ីចឹង​លទ្ធផល​យ៉ាង​ណាៗ ចាំ​មើល​ពេលក្រោយ»។

ប្រធាន​គ្រប់គ្រង​ធនធានមនុស្ស​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ភ្នំពេញ អ្នកស្រី សែម សុភាព សុំ​មិនទាន់​បកស្រាយ​ច្រើន​ទេ ដោយ​ថា អ្នកស្រី​កំពុង​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សណ្ឋាគារ​ពាក់ព័ន្ធ​ករណីនេះ ប៉ុន្តែប្រាប់​ថា សណ្ឋាគារ​សម្រេច​បញ្ចប់​កិច្ចសន្យា​ការ​ងារបុគ្គលិក​ក្នុង​ចំនួន​ច្រើន​នេះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩។

អ្នកស្រី សែម សុភាព ប្រាប់​ថា៖ «យើង​ដឹង​ហើយ​ទាក់ទង​បញ្ហា​ជំងឺ​កូ​វីដ។ ឥលូវខ្ញុំ​សុំ​មិន​ comment [បញ្ចេញមតិ​] ច្រើន​ទេ ដោយសារ​ខ្ញុំ​កំពុង​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​បញ្ហា​នេះ។ ចាំ​ទាក់ទង​ខ្ញុំ​ពេលក្រោយ​ទៀត»។

ប្រធាន​សហជីព​សាមគ្គី​ឯករាជ្យ​នៃ​សណ្ឋាគារ​ សូ​ហ្វី​តែល​ភ្នំពេញ លោក ផាត់ សា​រួន ឱ្យដឹង​ថា សណ្ឋាគារ​ សូ​ហ្វី​តែល​ មាន​បុគ្គលិក​សរុប​ប្រមាណ៣៣៨នាក់ ប៉ុន្តែបច្ចុប្បន្ន បាន​បញ្ឈប់​ជាបន្តបន្ទាប់​ប្រមាណ​ជាង៥០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ