កម្លាំង​​សន្តិ​សុខ​​ចម្រុះ​​ជា​ច្រើន​​នាក់​​ត្រូវ​​បាន​​ដាក់​​ពង្រាយ​​ចំ​​ខួប​៣​ឆ្នាំ​​នៃ​​ការ​​រំលាយ​​បក្ស​​ប្រឆាំង​

ក្រុម​មន្ត្រី​សមត្ថកិច្ច​យក​ដីកាកោះហៅ​អតីត​មេដឹកនាំ​និង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ បិទ​នៅ​ទីតាំង​អតីត​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​កម្លាំង​សន្តិសុខ​ចម្រុះ​ជាច្រើន​នាក់ និង​រនាំង​ដែក​ជាច្រើន​ផ្ទាំង ត្រូវ​បាន​គេ​ឃើញ​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីស្នាក់ការ​កណ្ដាល​ដែល​ត្រូវ​បាន​ហាមឃាត់​របស់​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃនេះ ចំ​ខួប៣ឆ្នាំ​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

អ្នករាយការណ៍​ព័ត៌មាន​វី​អូ​ឌី​ដែល​ស្ថិតនៅ​ទីតាំង​នោះ បាន​រាយការណ៍​ថា សន្តិសុខ​ចម្រុះ​ជាច្រើន​នាក់ ក្នុង​នោះ​មាន​ទាំង​ស្លៀកពាក់​ឯកសណ្ឋាននិង​ស្លៀកពាក់​ស៊ីវិល បាន​ឈរជើង​នៅ​ជុំវិញ​បរិវេណ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រុម​សន្តិសុខ​ចម្រុះ​ទាំងនោះត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ទីស្នាក់ការ​បែបនេះ បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា ក្រុមសកម្ម​ជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ប្រហែលគ្រោង​លើកគ្នា​ទៅ​ពិនិត្យមើល​ដីកា​របស់​តុលាការ​ នៅ​ចំ​ខួប៣ឆ្នាំ​នៃ​ការ​រំលាយ​បក្ស​មួយ​នេះ។

គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ចុងឆ្នាំ២០១៧ នៅក្នុង​បណ្ដឹង​មួយ​ដែល​ចោទ​ថា មេដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា បាន​ឃុបឃិតជាមួយ​រដ្ឋ​បរទេស ឬ «ក្បត់ជាតិ» មានបំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់។

ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ហាមឃាត់ និង​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន​ចាប់តាំងពី​ដើមឆ្នាំ២០១៨មក នៅក្នុង​បណ្ដឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​អតីតប្រធាន​បក្ស​នេះ គឺ​លោក សម រង្ស៊ី ពីសំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំ​រិន។

លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ឯក្រៅ​ប្រទេស​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​ចាញ់ក្ដី​នៅក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​នេះ ហើយ​តុលាការ​ក៏បាន​បង្គាប់​ឱ្យ​បង់​សំណង​ជំងឺចិត្ត​ទៅ​លោក ហេង សំ​រិន ចំនួន២៥០លាន​រៀល ឬប្រហែល​នឹង៦២ ៥០០ដុល្លារ និង​សំណង​ជំងឺចិត្ត​ទៅ​លោក ហ៊ុន សែន ចំនួន៤ ២៥០លាន​រៀល ឬប្រហែល​នឹង១លាន ៦ម៉ឺន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ