អាជ្ញាធរ​​ខេត្ត​​ឧត្តរ​មាន​ជ័យ​ ចាប់​ខ្លួន​​ពល​រដ្ឋ​៤​នាក់​ ក្រោយ​​ពួក​​គេ​ដាក់​​គ្រឿង​ចក្រ​​ឈូស​​ឆាយ​ដី​​មាន​​ជម្លោះ​

សមត្ថកិច្ចខេត្តឈរយាមពីមុខច្រកចូលស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

​អ្នកភូមិអះអាង​ថា ពលរដ្ឋ៤នាក់ រស់នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​នៅក្នុង​សប្តាហ៍​នេះ ដោយ​សមត្ថកិច្ច​បាន​ចោទ​ពួក​គេ​ថា ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​រដ្ឋ​ខុសច្បាប់ ខណៈ​ពលរដ្ឋ​ថា ​ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​ពួក​គេ។ 

អ្នកស្រី សុង ឡុន រស់នៅ​ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់វែង ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា កាលពី​ថ្ងៃទី១១ និង​ទី១២ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​ស្រុក​អន្លង់វែង បាន​ចាប់ខ្លួន​ឪពុកក្មេក​របស់​អ្នកស្រី ឈ្មោះ ជ័យ ឡាំ អាយុ៧០ឆ្នាំ និង​អ្នកបើកបរ​គ្រឿងចក្រ៣នាក់ រួម​ទាំង​បាន​រឹបអូស​យក​គ្រឿងចក្រ២គ្រឿង ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ។ 

អ្នកស្រី​អះអាង​ថា ករណី​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ទាំង៤រូប​នោះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​ឪពុក​របស់​អ្នកស្រី​ ដាក់គ្រឿង​ចក្រ​ឈូស​ឆាយដី​ចម្កា​របស់​គាត់ ដើម្បី​ដាំដំឡូង​មី។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ឆ្ងល់​ដែរ មិនដឹងជា​គេ​ចាប់​គាត់​រឿង​អី បើ​គ្រាន់តែ​គាត់​ឈូស​ដី​បង្កបង្កើនផល​ចិញ្ចឹមជីវិត។ មាន​ដី​តែប៉ុណ្ណោះ ហើយ​កូន៥នាក់​នៅក្នុងបន្ទុក​ទៀត ហើយ​គាត់​អាយុ​ប៉ុន្មាន​ហើយ។ ខ្ញុំ​ស្រណោះ​ពុក​ណាស់ គាត់​មាន​រោគប្រចាំកាយ​ទៀត ទឹកនោមផ្អែម លើសឈាម ជាតិ​អាស៊ីត​ក៏​ឡើង។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច​ជួយ​អន្តរាគមន៍​ដោះលែង​ឱ្យ​ពុក​ខ្ញុំ​បាន​ចេញ​មកវិញ​ផង»។

បើ​តាមអ្នកស្រី សុង ឡុន ឪពុកក្មេក​របស់​អ្នកស្រី បាន​ចូល​ទៅ​រស់នៅ​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ​រយៈពេល១៧ឆ្នាំ​ហើយ ដោយ​បាន​កាន់កាប់​ដី​ទំហំ៣ហិ​កតា សម្រាប់​បង្កបង្កើនផល​ដាំ​ស្វាយចន្ទី ដំឡូងមី ធ្វើស្រែ និង​ទុក​បែងចែក​ទៅ​ឱ្យ​កូន​ៗ៥នាក់។

ពលរដ្ឋ​ម្នាក់ទៀត លោក ជឹម វណ្ណា និយាយ​ថា ប្រជាពលរដ្ឋ១៤២គ្រួសារ បាន​រស់នៅ​និង​បង្កបង្កើនផល​លើ​ដី​ទំហំ៤៥៨ហិ​កតា ក្នុង​ឃុំ​អន្លង់វែង តាំងពី​ចន្លោះ​ឆ្នាំ២០០០ ដល់​ឆ្នាំ២០០៤ និង​ចាប់ផ្តើម​មាន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​តាំងពី​ឆ្នាំ២០១៦ ដោយ​អាជ្ញាធរ​ចោទ​ពលរដ្ឋ​ថា រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់។

លោក​បន្ត​ថា កន្លងមក អ្នកភូមិ​ធ្លាប់​បាន​តវ៉ានិង​សុំ​អន្តរាគមន៍​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ដូចជា ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ផ្សេងទៀត ក្នុង​នោះ អាជ្ញាធរ​ថ្នាក់​ជាតិ​ធ្លាប់​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជូន​ពលរដ្ឋ​ផង​ដែរ ប៉ុន្តែ​មកដល់ពេលនេះ​ នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

លោក​បន្ថែម​ថា៖ «ពលរដ្ឋ​ខ្លះទៅ​រស់នៅ​តំបន់នោះ ​មានកូន​ពីរបី​នាក់​ហើយ អាជ្ញាធរ​នៅតែ​ថា ដី​ដែល​រស់នៅ​ជា​ដី​សហគមន៍ ដី​ទីទួល​សុវត្ថិភាព មិនព្រម​ដោះស្រាយ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​សមរម្យ។ ចែក​ឱ្យ​មួយ​ហិ​កតា ពីរ​ហិ​កតា ពលរដ្ឋ​ម៉េច​ព្រមយក បើ​កូន​ច្រើនយ៉ាង​នេះ ហើយ​គាត់​មាន​ដី​ម្នាក់៣ហិ​កតាឬ៤ហិ​កតា​ហ្នឹង។ បើ​អស់លោក​ហ្នឹង​បាន​ដី​លក់​ឱ្យ​គេ​មួយ​កន្លែង​សុទ្ធតែ៣០ទៅ៤០ និង១០០ហិ​កតា នៅ​ក្បែរ​ៗនេះ។ គេ​ចង់​ដេញ​ប្រជាពលរដ្ឋ​ចេញ ហើយ​យក​ដី​ហ្នឹង​លក់​ហ្នឹង​ណា»។

ទោះជាយ៉ាងណា អធិការរង​នគរបាល​ស្រុក​អន្លង់វែង លោក កេត សុធា មានប្រសាសន៍​ថា សមត្ថកិច្ច​ចាប់ខ្លួន​ពលរដ្ឋ​ទាំង៤នាក់​នោះ ដោយសារតែ​ពួក​គេ​បាន​ទៅ​រុករាន​យក​ដី​រដ្ឋ​ខុសច្បាប់ ហើយ​កាលពី​ថ្ងៃម្សិលមិញ ពួក​គេ​ត្រូវ​បានបញ្ជូន​ខ្លួន​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី។

លោក​បន្ថែម​ថា៖ «ពួក​គាត់​តែងតែ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​នៅត្រង់​ចំណុច​ហ្នឹងឯង ដី​ហ្នឹង​គឺ​យើង​រក្សាទុក​សម្រាប់​ធ្វើ​ទីទួល​សុវត្ថិភាព។ ករណី​ហ្នឹង ខាង​អាជ្ញាធរ​យើង​បាន​ចាប់​ប្រគល់​ឱ្យទៅ​ខាង​អាវុធហត្ថ​ស្រុក គាត់​ចាត់ការ​តាម​នីតិវិធី ខ្ញុំ​អត់​ដឹង​ថា គាត់​ដាក់​ទៅ​ខាងណា​ទៀត​ទេ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យបានទេ នៅ​ថ្ងៃសុក្រ​នេះ។

អភិបាលខេត្ត​ឧត្តរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍​ថា លោក​មិនទាន់​ទទួល​បាន​ដំណឹង​ពាក់ព័ន្ធ​ដែលថា អាជ្ញាធរ​ស្រុក​អន្លង់វែង ចាប់​ពលរដ្ឋ​ទាំង៤នាក់​នោះ​ទេ។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ខេត្ត​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ចប់​​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ។

លោក​បន្ថែម​ថា៖ «ក្នុងនាម​អាជ្ញាធរ​ខេត្ត ខ្ញុំ​កំពុង​គិត​ដើម្បី​រក​វិធី​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​កំណត់​ឱ្យ​បាន[នូវ]ច្បាប់​អំពី​ដី​ដែល​ទុក​សម្រាប់​ធ្វើ​ទីទួល​សុវត្ថិភាព​នោះ»។

មន្រ្តី​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណា​រ៉េ​ន យល់ថា ប្រសិនបើ​ពលរដ្ឋ​ទាំងនោះពិតជា​បាន​រំលោភ​យក​ដី​រដ្ឋ​មែន អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យគួរតែ​ចុះ​អប់រំ​ពលរដ្ឋ​ជាមុន​សិន ជាជាង​មាន​វិធានការ​ចាប់ខ្លួន​បែបនេះ។ ម្យ៉ាងទៀត លោក​ថា អាជ្ញាធរ​គួរតែ​បោះព្រំ​កំណត់​ដី​រដ្ឋ​ដែល​ទុក​ធ្វើ​ទីទួល​សុវត្ថិភាព​នោះឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ ប្រសិនបើ​ពួក​គេ​បាន​ចូល​ទៅកាន់​កាប់ដី​តំបន់​នោះ​យូរឆ្នាំដូច​ការ​អះអាង​របស់​ពួក​គេ។

លោក​បន្ថែម​ថា៖ «ការដែល​សមត្ថកិច្ច​គាត់​ចុះទៅ​អនុវត្ត​បែបហ្នឹង វា​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​សុំ​ឱ្យ​ការអនុវត្ត​នេះ ឱ្យ​វា​មាន​ភាពស្មើគ្នា ពីព្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ​នេះ មានរឿង​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​បែបនេះ។ មួយទៀត ​ត្រូវតែ​ធ្វើការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​សិន​ទៅ ថា​ហេតុអ្វីបានជា​លោក​ចូល​ទៅកាន់​កាប់​នៅ​តំបន់​ដែលគេ​ហាមឃាត់។ បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ គឺ​ពួក​គាត់​បាន​ទៅ​រស់នៅ​តំបន់​នោះ មុន​ពេល​មាន​បញ្ហា​តាម​ព្រំដែន​ទៀត អ៊ីចឹង​បើ​ដូច​ការ​អះអាង​របស់​ពលរដ្ឋ​មែន អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ​ជាគោល​នយោបាយ​ជូន​ពលរដ្ឋ»។

ពាក់់​ព័ន្ធ​នឹង​ករណីនេះ​ដែរ ក្រុម​ប្រជាពលរដ្ឋបាន​ព្រមាន​ថា នឹង​នាំគ្នា​រាប់​សិប​នាក់​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សាលាខេត្ត​ឧត្តរមានជ័យ ប្រសិនបើ​អាជ្ញាធរ​មិន​ដោះលែង​ពលរដ្ឋ​ទាំង៤នាក់​នោះ​ឱ្យ​មាន​សេរីភាព​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ