អតីតតំណាងរាស្ត្របក្សប្រឆាំងលោកស្រី លី ស្រីវីណា ទទួល​​បាននីតិសម្បទាធ្វើ​នយោ​បាយ​​ឡើង​វិញ

លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ។ (រូបថតពីហ្វេស​ប៊ុក គ្លីនិកលី ស្រីវីណា)

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទាធ្វើ​​នយោបាយឡើងវិញ ​ដល់​អតីតតំណាង​រាស្រ្តបក្សប្រឆាំង លោកស្រី លី ស្រីវីណា។

យោងតាមព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ ដល់​លោកស្រី លី ស្រីវីណា ដែលត្រូវបាន​ហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព្រះរាជក្រឹត្យ​របស់ព្រះមហាក្សត្រ បាន​ធ្វើឡើងក្រោយពីមាន​ការស្នើពី​នាយករដ្ឋមន្ត្រី និងក្រោយ​ពីលោកស្រី លី ស្រីវីណា បាន​ដាក់សំណើរទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសុំលើកបម្រាមសិទ្ធិនយោបាយ និងសុំផ្តល់នីតិសម្បទាឡើងវិញ។

បើតាម​លិខិតមួយរបស់ច្បាប់របស់ លោកស្រី លី ស្រីវីណា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ខែវិច្ឆិកា និងត្រូវបានផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុងស្រុក​មួយ គឺលោកស្រី លី ស្រីវីណា​ ក៏បាន​ស្នើសុំ​ចូល​រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​​ផងដែរ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសំរាកព្យាបាល​ឈ្មោះ លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង លោកស្រី លី ស្រីវីណា ដោយហេតុផលថា មន្ទីរសម្រាកព្យាបាលនេះ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ​ផ្តល់សេវាសង្គ្រោះអ្នកជំងឺ បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់។​

គួរបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល​​៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ​ដោយអំណាច​សាលក្រមតុលាការ។

រហូតមកដល់ពេលនេះ មានអតីតមន្ត្រី​គណបក្សសង្រ្គោះជាតិ ជាង១០នាក់​ហើយ ដែលត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់នីតិសម្បទាឡើងវិញ ក្រោយពីបាន​ស្នើសុំលើកបម្រាម​សិទ្ធិ​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ