មន្ត្រី​ការ​បរទេស​​ថា​ ព្រឹត្តិ​ការណ៍​​៣​វិច្ឆិកា​​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​មិត្តភាព​​កម្ពុជា​-​ហុងគ្រី​ឡើយ​

លោក ប្រាក់ សុ​ខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិ​ការអន្តរជាតិ និង​លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó​) រដ្ឋមន្រ្តី​ការបរទេស​និង​ពាណិជ្ជកម្ម​ហុងគ្រី ក្នុង​កម្មវិធី​សម្ពោធ​ការិយាល័យ​នៃ​ស្ថានទូត​ហុងគ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ក្រសួងការបរទេសកម្ពុជា)

រដ្ឋមន្ត្រីការបរទេសកម្ពុជា បាន​លើកឡើងថា ទោះជាមានឧបទ្ទវហេតុ​នៃការចម្លងជំងឺកូវីដ១៩នៅ​កម្ពុជា ក្នុងដំណើរទស្សនិច្ចរបស់​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ប៉ុន្តែករណីនេះមិនបានធ្វើឱ្យ​ប៉ះពាល់​ដល់មិត្តភាពនិង​ទំនាក់ទំនង​ការទូតនៃប្រទេសទាំងពីរឡើយ ខណៈរដ្ឋមន្រ្តីរូបនេះបានជួយប្រឆាំងនឹងការព្យួរ EBA ២០ភាគរយ ពីកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បាន​លើកឡើងក្នុងទំព័រហ្វេស​ប៊ុក​របស់​លោកនៅថ្ងៃព្រហស្បតិ៍នេះថា តាមរយៈការសន្ទនា​តាមទូរសព្ទ ​​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី លោក Péter Szijjártó បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងផ្ញើនូវការសុំទោស​ដែលលោកបង្កផល​លំបាកដល់កម្ពុជា ពាក់ព័ន្ធនឹងការចម្លងជំងឺកូវីដ​១៩នេះ។

លោកបន្តថា រដ្ឋមន្ត្រីការបរទេសហុងគ្រី បានអះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ តែយ៉ាងណា លោកថា រូប​លោក Péter Szijjártó ត្រូវ​បានផ្សព្វផ្សាយយ៉ាងល្បីល្បាញ​ក្នុងបណ្តាញសង្គមនៅកម្ពុជា និង​​​មាន​​ការធ្វើអត្ថាធិប្បាយបែបចម្រុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។

លោក​ ប្រាក់ សុខន បាន​បញ្ជាក់ថា៖ «យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេស​ជាសមាជិកសហភាពអឺរ៉ុបមួយ ដែលតែងហ៊ានចេញ​មុខការពារយុត្តិធម៌​ចំពោះកម្ពុជា»។

លោកបន្ថែមថា៖ «គាត់ [រដ្ឋមន្ត្រីការបរទេសហុងគ្រី] គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ២០% ពីកម្ពុជា»។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់ដែរថា គិត​មកដល់ពេលនេះ មានរយៈពេល១០ថ្ងៃមក​ហើយ ដែលលោកបានទទួលជួបប្រាស្រ័យ​ការងារជាមួយ​រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលបានមកបំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ហើយបច្ចុប្បន្ន ​ស្ថានភាពសុខភាពរបស់​លោកមានសភាពល្អ​ធម្មតា និង​មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ​១៩។

បើតាមក្រសួងសុខាភិបាល គិត​មកដល់ថ្ងៃទី១១ ខែវិច្ឆិកា អ្នកប៉ះពាល់ផ្ទាល់និងប្រយោល​​ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា មាន​មនុស្ស​ចំនួន​២ ៤៩៧នាក់ ត្រូវបាន​យកវត្ថុសំណាកទៅធ្វើតេស្ត ហើយ​លទ្ធផល​បង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ក្នុង​ព្រឹត្តិការណ៍នោះមានចំនួន៤នាក់ ខណៈអ្នកផ្សេងទៀតអវិជ្ជមានទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ