អ្នក​​វិភាគ​​មិន​​សំចៃ​​មាត់​ លោក​ គឹម​ សុខ​ ត្រូវ​​តុលាការ​​កោះ​​ហៅ​​ចូល​​បំភ្លឺ​​ជុំ​វិញ​​បទ​​ចោទ​​ប្រកាន់​​​បរិហារ​​កេរ្តិ៍និង​​ញុះ​ញង់

អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ ក្រោយត្រូវបានតុលាការដោះលែង

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​រង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ជុំ​វិញ​ការ​បញ្ចេញ​មតិ​នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​នេះ ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍ជាសាធារណៈនិង​បទ​ញុះញង់។

ក្នុង​ដីកា​ចេញ​កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ស៊ិត វណ្ណៈ បាន​កោះ​ហៅ​លោក គឹម សុខ ឱ្យ​ចូល​ខ្លួន​​ទៅ​​តុលាការ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ខាង​មុខ​នេះ ដើម្បី​បំភ្លឺ​ជុំ​វិញ​ការ​ចោទ​ពី​បទ​ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» និង ​​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​សន្តិសុខ​សង្គម»

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី វិញ សុំមិនធ្វើអត្ថាធិប្បាយ នៅពេលអ្នកសារព័ត៌មានសួរថា តើ​លោក គឹម សុខ ​«បរិហារ​កេរ្តិ៍» និង​​ «ញុះ​ញង់​បង្កឱ្យ​មាន​ភាព​វឹក​វរ​សន្តិសុខ​សង្គម» ពាក់ព័ន្ធនឹងរឿងអ្វី? ហើយនៅកន្លែងណាដែរ?

លោក សួស វិទ្យារ៉ាឌី ប្រាប់ថា៖ «ព្រះរាជអាជ្ញាអ្នកចេញ ព្រះរាជអាជ្ញា ស៊ិត វណ្ណៈ។ អូខេ ចាំមើលខ្ញុំទាក់ទងគាត់សិន»​។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គឹម សុខ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយផ្អាកមិនចូលរួមកិច្ចពិភាក្សានយោបាយរយៈពេល២​ខែ ហើយលោកនឹងវិលទៅកាន់វេទិកាពិភាក្សានយោបាយវិញ​នៅថ្ងៃទី១ ខែមករា ឆ្នាំក្រោយ​នេះ បន្ទាប់​ពី​លោករកឃើញយុទ្ធវិធីដែលជឿជាក់ថា នឹងអាចសង្គ្រោះប្រជាធិបតេយ្យកម្ពុជាបាន។

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ចាត់ទុកការកោះហៅរបស់តុលាការថា ជារឿងនយោបាយ។

លោក គឹម សុខ ប្រាប់ថា៖ «តុលាការកម្ពុជា​គ្រាន់តែជាសេនាធិការ​នយោបាយ​​លោក ហ៊ុន សែន ដែលចាំស្ដាប់​បញ្ជារបស់លោក ហ៊ុន សែន ​ទាំងស្រុង​ ហើយលោក ហ៊ុន សែន បានសន្យារាប់ខែហើយ​ថា យកយន្តហោះមកដឹកខ្ញុំ ​មកដឹកខ្ញុំទៅធ្វើមហាបាតុកម្ម​មហាជននៅទីក្រុងភ្នំពេញ​ មកដល់ពេលនេះ ខ្ញុំចាំបាត់ៗ​។ ដូច្នេះ គ្មានមូលហេតុអ្វីដែលខ្ញុំត្រូវឆ្លើយនឹងស្ថាប័នតុលាការនយោបាយ​ក្រោមអំណាចរបស់លោក ហ៊ុន សែន ទេ»

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា វិធានការរបស់តុលាការទៅលើអតីតសកម្មជន មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង រួមទាំងអ្នកវិភាគនយោបាយនាពេលនេះ លោកថា មិនមែនជារឿងថ្មីនោះទេ។ លោកបន្តថា ការប្រើវិធានការតុលាការ ដើម្បីចោទប្រកាន់លើអ្នកបញ្ចេញមតិនេះ នឹងធ្វើឱ្យមានការរិះគន់​ទៅ​លើ​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបន្ថែមទៀត។

លោក អំ សំអាត ប្រាប់ថា៖ «អ៊ីចឹង​ ដើម្បីចៀសវាងបញ្ហាហ្នឹង រដ្ឋាភិបាលដែលបានផ្ដល់សច្ចាប័ន​ជាច្រើន​ទៅ​លើ​បទដ្ឋានអន្តរជាតិស្ដីអំពីសិទ្ធិមនុស្ស​ ហើយក៏មានចែងនៅក្នុងធម្មនុញ្ញជាតិ​។ អ៊ីចឹង រដ្ឋាភិបាលមួយដែលជាសមាជិក​ឬជាភាគីនៃហត្ថលេខី​ដែលបានផ្ដល់ហ្នឹង ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសមាជិកនិងបទដ្ឋានទាំងអស់នោះ»

លោក គឹម សុខ អាយុ៤០​ឆ្នាំ កំពុង​រស់នៅ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​នា​ពេល​សព្វថ្ងៃ​នេះ បន្ទាប់​ពី​ភៀស​ខ្លួន​ជាមួយ​កូន​ស្រី​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​ជា​ថ្មី​ជុំ​វិញ​ការ​រិះគន់​របស់​លោក។

អ្នក​វិភាគ​នយោបាយ​មិន​សំចៃ​មាត់​រូប​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ១៨​ខែ និង​ពិន័យ​ជាប្រាក់៨​លាន​រៀល​ ហើយ​ថែម​ទាំង​តម្រូវ​ឱ្យ​បង់​សំណង​ជំងឺ​ចិត្ត២០​ម៉ឺន​ដុល្លារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧​កន្លង​មក។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​បែប​នេះទៅ​តាម​បណ្ដឹង​របស់​បក្សកាន់​អំណាច ដែល​ចោទ​អ្នក​វិភាគ​រូប​នេះ​​ពី​បទ​ «បរិហារ​កេរ្តិ៍​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ថ្លែង​ថា បក្ស​មួយ​នេះ​ស្ថិត​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​ លោក​បណ្ឌិត កែម ឡី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។

លោក គឹម សុខ ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ក្រោយ​ពី​ជាប់​ឃុំ​អស់​រយៈ​ពេល១៨​ខែ ​តាម​សាល​ដីកា​របស់​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ