អ្នក​ភូមិ​ខ្ទង់​​៣០០​នាក់​ប្រមូល​ផ្តុំ​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង​ ខណៈ​តំណាង​ពួក​គេ​៥នាក់​​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​

ពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំគ្នាកាន់បដានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការដោះលែងតំណាងខ្លួននិងដោះស្រាយបញ្ហាដីធ្លីដែលកំពុងជួបប្រទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​អ្នកភូមិអះអាងថា ​ប្រជា​ពលរដ្ឋប្រមាណ៣០០នាក់ដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័រ គ្រុប ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាដំបូងខេត្ត​នេះ ខណៈតំណាងពួកគេ៥នាក់ចូលទៅបំភ្លឺក្នុង​តុលាការ​នៅ​ថ្ងៃ​នេះ។

ពលរដ្ឋ១០នាក់ដែលអះអាងថា តំណាងឱ្យ១៩៧គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ត្រូវបានតុលាការខេត្តកោះកុងកោះហៅឱ្យឆ្លើយបំភ្លឺ ចំនួន៥នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ខណៈ៥នាក់ទៀត នឹងឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ទៅ​តាម​បណ្តឹ​ងរ​បស់​លោក ហេង ហ៊ុយ ដែល​ចោទប្រកាន់​ពី​បទ ​«បរិហារ​កេរិ៍្តជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

លោក ឆាន់ ឈឿន ដែលអះអាងថា​ជាតំណាងពលរដ្ឋ និងកំពុងជាប់បណ្តឹងនៅតុលាការដែរនោះ ប្រាប់វីអូឌីថា អ្នកភូមិបានប្រមូល​គ្នា​ឈរលើកបដាមុខសាលាដំបូងខេត្តកោះកុង ដើម្បីមកគាំទ្រតំណាងពួកគេ៥នាក់ដែលចូលបំភ្លឺនៅថ្ងៃនេះ និងទាមទារទៅតុលាការឱ្យទម្លាក់ការចោទប្រកាន់លើតំណាងទាំងនោះផងដែរ។

ពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំគ្នាកាន់បដានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការដោះលែងតំណាងខ្លួននិងដោះស្រាយបញ្ហាដីធ្លីដែលកំពុងជួបប្រទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

តំណាងពលរដ្ឋរូបនេះ ឱ្យដឹងថា ក្នុងបដារបស់អ្នកភូមិ គឺពួកគេទាមទារមិនឱ្យយក​ប្រព័ន្ធតុលាការមកគំរាមកំហែងប្រជាពលរដ្ឋរងគ្រោះដីធ្លី ទាមទារឱ្យតុលាការផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដីធ្លី និងអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយនិង​ផ្តល់ដីធ្លីជូនពួកគេបានបង្កបង្កើនផលវិញ។

លោក ឆាន់ ឈឿន ​ប្រាប់ថា៖ «ករណីតុលាការកោះហៅតំណាងពលរដ្ឋទៅបំភ្លឺនេះ គឺជាការគំរាមកំហែងមិនឱ្យពួកយើងហ៊ានចេញតវ៉ាដីធ្លីទៀត។ ដូចខ្ញុំលើកឡើងអ៊ីចឹង បើសិនជាលោក ហេង ហ៊ុយ មិនរំលោភយកដីធ្លីរបស់ពួកខ្ញុំទេ ក៏ពួកខ្ញុំមិនដើរតវ៉ាដែរ។ អ៊ីចឹងហើយ ខ្ញុំឱ្យតុលាការពិចារណាទម្លាក់ចោលការចោទប្រកាន់ និងកុំឱ្យមានការកោះហៅតំណាងពលរដ្ឋបន្តទៀត»

ពលរដ្ឋម្នាក់ដែលចូលរួមប្រមូលផ្តុំនិងមកគាំទ្រតំណាងដែរនោះ អ្នកស្រី ទូច ធី និយាយថា វាជារឿងអយុត្តិធម៌បំផុតដែលពួកគាត់​ត្រូវបានលោកឧកញ៉ា ហេង ហ៊ុយ រំលោភយកដីធ្លីហើយ និងប្តឹងតំណាងពួកគេទៅតុលាការថែមទៀត។

អ្នក​ភូមិ​រូប​នេះបន្តថា អ្នកស្រីមកគាំទ្រតំណាង គឺដោយសារតំណាងទាំងនោះ​ពុំមានកំហុសដូចការចោទប្រកាន់។ អ្នកស្រីបារម្ភខ្លាចមានការឃាត់ខ្លួនពួកគេ។

អ្នកស្រី ទូច ធី និយាយថា៖ «ពួកខ្ញុំ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនេះ បានផ្តិតមេដៃឱ្យពួកគាត់ធ្វើជាតំណាង។ ដល់ពេលពួកគាត់ធ្វើតំណាងហើយ លោក ហេង ហ៊ុយ បានប្តឹងពួកគាត់ទៅតុលាការ ទាំងដែលតំណាងខ្ញុំ១០រូបនេះអត់មានលួច ហើយក៏អត់មានប្លន់ អត់បានបរិហារកេរ្តិ៍ អត់បានញុះញង់ អត់បានធ្វើឱ្យដូចឧកញ៉ា ហេង ហ៊ុយ ទេ ព្រោះពួកយើងបានបាត់បង់ដីធ្លីពិតប្រាកដមែន»

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកោះកុង លោក អ៊ិ​ន សុវណ្ណ​ធានី និង​ម្ចាស់​ក្រុមហ៊ុន លោក ហេង ហ៊ុយ បានទេ​ពាក់ព័ន្ធ​ករណីនេះ។

ប៉ុន្តែលោក ឆាន់ ឈឿន បាន​ឱ្យ​ដឹងថា តំណាងពលរដ្ឋដែលចូលបំភ្លឺនៅថ្ងៃនេះ មានអ្នកស្រី ដេត ហួរ អ្នកស្រី អ៊ិន ធូ អ្នកស្រី កើត នៅ អ្នកស្រី អើប វី និងលោក ពូ ហ៊ូន បានចូលទៅបំភ្លឺចំពោះមុខតុលាការតាំងពីម៉ោង៨ព្រឹករហូតមកដល់ម៉ោង១១កន្លះព្រឹកនេះ។

កាលពីថ្ងៃទី២២ ខែតុលា អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូ​ថង ប្រាប់​វីអូឌីថា អាជ្ញាធរ​ខេត្តមិន​អាច​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ក្រុម​ពលរដ្ឋ១៩៧គ្រួសារ​បានទេ។ អ្នកស្រី​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​ទាមទារ​នោះ គឺជា​ដី​មានកម្ម​សិទ្ធិ​ដែល​លោក ហេង ហ៊ុយ ជា​ម្ចាស់។

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន យល់ថា ការដែល​យក​ប្រព័ន្ធ​តុលាការ​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​បែបនេះ​ វាមិន​អាច​ដោះស្រាយ​បាន និង​មិន​អាច​បញ្ឈប់​ឱ្យប្រជាពលរដ្ឋ​ឈប់​តវ៉ា​នោះ​ទេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យមានការស្រាវជ្រាវនិងស៊ើបអង្កេតឱ្យបានច្បាស់លាស់ជាមុនសិន មុនបដិសេធមិនដោះស្រាយនិងធ្វើការចោទប្រកាន់ទៅលើប្រជាពលរដ្ឋ។

លោក ហ៊ួរ អ៊ី​ន ប្រាប់​ថា៖ «អ៊ីចឹង​ដំណោះស្រាយ​ដែល​ល្អ គឺ​សូម​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​សិន។ តើ​ប្រជាពលរដ្ឋ​មាន​ដី​ពិតមែនឬក៏​អត់​? ហើយ​បើ​ចោទ​ថា ប្រជាពលរដ្ឋ​ពិតជា​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ហើយ តើ​សំណង​នោះ​ទទួល​បាន​ដោយស្ម័គ្រចិត្ត​ទេ​? មានការ​បង្ខិតបង្ខំ មានការ​គំរាមកំហែង​ទេ​ ក្នុង​ការ​ទទួលយក​ហ្នឹង​?»

ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៩មក ពលរដ្ឋ១៩៧គ្រួសារ ​មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ដោយ​ចោទ​​ក្រុមហ៊ុន ហេង ហ៊ុយ ថាបាន​រំលោភ​យក​តាំងពី​ឆ្នាំ២០០៧។

ប៉ុន្តែត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​បដិសេធ​មិន​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ចំនួន៣ដង​ហើយ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ក្រសួង​ថា បាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះឡើង​មក​តវ៉ា​ទៀតផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ