លោក​ រ៉ុង​ ឈុន​ ស្នើ​​តុលាការ​​កំពូល​​កុំ​​សម្រេច​​​ក្តី​​ក្រោម​​ឥទ្ធិពល​​នយោបាយ

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

​អ្នកជាប់ឃុំ​ដោយសារ​អត្ថា​ធិប្បាយ​បញ្ហា​ព្រំដែន លោក រ៉ុង ឈុន ស្នើ​តុលា​លា​ការ​កំពូល​កាត់សេចក្តី​ឈរ​លើ​វិជ្ជាជីវៈ កុំ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ខណៈ​លោក​ចូល​តតាំង​ក្តី​ប្រឆាំង​នឹង​បទ​ចោទលោក​ថា ​បាន​«ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

នៅ​ថ្ងៃពុធ​នេះ តុលាការ​កំពូល​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ​ចំនួន​ពីរ​របស់​លោក រ៉ុង ឈុន។ បណ្តឹង​ទី១ គឺ​ជំទាស់​ទៅ​នឹង​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លោក​ពីសំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បណ្តឹង​មួយទៀត លោក រ៉ុង ឈុន ទាមទារ​សុំ​នៅ​ក្រៅ​ឃុំ។

មាន​ពុកចង្កា​វែង ស្ថិត​ក្នុង​ឯកសណ្ឋាន​ពណ៌ស្លាទុំ ដែលគេ​សម្គាល់ថា​ជា​អ្នកជាប់ឃុំ លោក រ៉ុង ឈុន ឈរ​មុខ​ក្រចកសេះ និង​ប្រាប់​ចៅក្រម​ជំនុំជម្រះ​ថា ការ​ចាប់ខ្លួន​លោក​ទាំងយប់​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៣១ ខែកក្កដា ដោយ​មន្ត្រី​នគរ​បាល​យុត្តិធម៌​នោះ ត្រូវ​បាន​ធ្វើឡើង​ខុស​នីតិ​វិធី​ច្បាប់។

លោក រ៉ុង ឈុន និយាយ​ថា ការចោទប្រកាន់​ពី​បទល្មើស​ជាក់ស្តែង និង​ញុះញង់​ឱ្យ​វឹកវរ​សង្គម​ធ្ងន់ធ្ងរ ក៏​មិន​ត្រឹមត្រូវ​ដែរ ដោយ​ថា រយៈពេល១០ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​លោក​បង្ហោះ​សារ​ពី​រឿង​ព្រំដែន និង​ដល់​ថ្ងៃ​ចាប់ខ្លួន​នោះ មិន​មាន​ភាព​វឹកវរ​ណាមួយ​កើតឡើង​ដូច​ការចោទប្រកាន់​ទេ។

លោក រ៉ុង ឈុន ស្នើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​«កាត់ក្តី​ឈរ​លើ​វិជ្ជាជីវៈ កុំ​រង​ឥទ្ធិពល​នយោបាយ» ដោយ​ថា ការ​បន្ត​ឃុំខ្លួន​លោក មានតែ​ការរិះគន់និង​ថ្កោលទោស​ពី​មជ្ឈដ្ឋាន​ជាតិនិង​អន្តរជាតិ​ប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោកស្រី គិម សត្ថា​វី បាន​កាត់​ភ្លាម ​ដោយ​ថា លោក រ៉ុង ឈុន និយាយ​ខុស​ប្រធានបទ។

ប្រធាន​អង្គ​ជំនុំជម្រះ​រូប​នេះ និយាយ​ថា សវនា​ការ​នៅ​ថ្ងៃនេះ មិន​ពិចារណា​ទៅលើ​អង្គហេតុ​ទេ ដោយ​តម្រូវ​ឱ្យ​លោក រ៉ុង ឈុន និយាយ​តែ​ពី​មូលហេតុ​ដែល​លោក​ប្តឹង​សារទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ។

លោក រ៉ុង ឈុន ផ្អាក​បន្តិច ហើយ​រួច​និយាយ​បន្ត​ថា ក្នុងនាម​ជា​ជនជាប់ចោទ លោក​ចង់​ប្រាប់​អង្គ​ជំនុំជម្រះ​ឱ្យ​បានដឹង​ថា ការចោទប្រកាន់​របស់​តុលាការ​ថ្នាក់ក្រោម​ទៅលើ​រូបលោក មិន​ឆ្លុះបញ្ចាំង​ការពិត​ដែល​វា​បាន​កើតឡើង​ទេ ហើយ​ថា ក្នុងនាម​ជនជាប់ចោទ​មួយ​រូប លោក​ក៏​មិន​ចង់​ឆ្លើយ​សំណួរ​ណា​តាមតែ​តុលាការ​កំពូល​ចង់បាន ដោយ​មិនទាំង​បាន​ដោះបន្ទុក​ទៅ​នឹង​បទ​ចោទ​លោក​នោះ​ដែរ។

ក្រុម​មនុស្ស​ប្រមាណ២០នាក់​ដែល​ភាគច្រើន​ជា​គ្រូបង្រៀន បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន នៅមុខ​តុលាការ​កំពូល ក្នុង​ថ្ងៃ​សវនាការ​លើ​ករណី​លោក រ៉ុង ឈុន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ប្រធាន​ក្រុមប្រឹក្សា​ក្នុង​អង្គ​ជំនុំជម្រះ បាន​គូសបញ្ជាក់​ថា តុលាការ​កំពូល​នឹង​មិន​ពិចារណា​ទៅលើ​អង្គហេតុ​នៃ​សំណុំរឿង​ចោទប្រកាន់​នេះ​ទេ តុលាការ​ចង់​ដឹង​ថា សម្អាងលើ​មូលហេតុ​អ្វី​បាន​ជាលោក រ៉ុង ឈុន សុំ​នៅ​ក្រៅ​ឃុំ ហើយ​ថា ចៅក្រម​មាន​វិជ្ជាជីវៈ​របស់​ខ្លួនមាន​កិច្ចការ​តូចតាច​ច្រើន​ទៀត។

សំណុំរឿង​លោក រ៉ុង ឈុន ត្រូវ​បានការ​ពារ​ដោយ​មេធាវី៣រូប រួមមាន ​លោក​មេធាវី ជូង ជូ​ងី លោក​មេធាវី ឡោ ជុន​ធី និង​លោក​មេធាវី សំ សុ​គង់ ប៉ុន្តែលោក​សំ សុ​គង់ អវត្តមាន​នៅក្នុង​សវនាការ​ថ្ងៃនេះ។

លោក ជូង ជូ​ងី និយាយ​ថា ការចោទប្រកាន់​កូន​ក្តី​លោក​យោង​លើ​ឯកសារ​បង្ហោះ​លើ​ហ្វេសប៊ុក ខណៈ​រដ្ឋាភិបាល​មិនទាន់​មានច្បាប់​ស្តី​ការ​គ្រប់​គ្រង​អ៊ិ​នធឺណិ​តនៅឡើយ ម្យ៉ាងទៀត​ លោក​ថា កូន​ក្តី​លោក​មានផ្ទះ​សម្បែងនិង​មុខរបរ​ជាក់លាក់ ដែល​អាច​ឱ្យ​តុលាការ​ជឿ​បាន​ថា គាត់​នឹង​មិន​គេចវេះពី​នីតិវិធី​របស់​តុលាការ​លើ​សំណុំរឿង​នេះ​ឡើយ។ លោក​ស្នើសុំ​តុលាការ​កំពូល​ពិចារណា​ឱ្យ​កូន​ក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ។

លោក​មេធាវី ឡោ ជុន​ធី មានប្រសាសន៍​ថា វិបត្តិ​កូ​វីដ១៩ ការ​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ប្រទេសជិតខាង នៅ​បន្ត​បិទ​នៅឡើយ វា​ជាហេតុ​ផល​មួយទៀត​បញ្ជាក់​ថា កូន​ក្តី​នឹង​មិន​អាច​គេចខ្លួន​ទៅក្រៅ​ប្រទេស បង្ក​ផល​លំបាក​ដល់​នីតិវិធី​សំណុំរឿង​នេះ​ឡើយ។ លោក​ស្នើ​ចៅក្រម​ពិចារណា​ទាត់ចោល​សេចក្តី​សម្រេច​របស់​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង ដើម្បី​ឱ្យ​កូន​ក្តី​បាន​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ។

បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន ត្រូវ​បាន​សាលាដំបូង​ច្រាន​ចោល​កាលពី​ថ្ងៃទី៥ ខែសីហា​កន្លងមក​នេះ ហើយ​បន្ទាប់មក ​សាលាឧទ្ធរណ៍​ច្រានចោល​ដូចគ្នា។

ទោះជាយ៉ាងណា តំណាង​មហាអយ្យការ​អម​តុលាការ​កំពូល លោក ច័ន្ទ​ដារ៉ា រង្ស៊ី ថ្លែង​ចំពោះមុខ​ចៅក្រម​ថា ការ​ឱ្យ​លោក រ៉ុង ឈុន នៅ​ក្រៅ​ឃុំ​ អាច​បង្ក​ជាហា​និ​ភ័យ​ដល់​ដំណើរការ​នីតិ​វិធីបទល្មើស​ថ្មី និង​ចលាចល​សង្គម​អាច​នឹង​កើតឡើង​តាមរយៈ​អ្នក​ដែល​ជឿជាក់​លើ​លោក រ៉ុង ឈុន។

តំណាង​មហាអយ្យការ​រូប​នេះ និយាយ​ដែរ​ថា សេចក្តី​សម្រេច​របស់​សាលាដំបូងនិង​សាលាឧទ្ធរណ៍​កន្លងទៅ ​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ និង​ស្នើ​ក្រុមប្រឹក្សា​ជំនុំជម្រះទទួលយក​តាម​ការ​សន្និដ្ឋាន​របស់​ខ្លួន។

យ៉ាងណា នៅ​នាទី​ចុងក្រោយ លោក រ៉ុង ឈុន បាន​លើកដៃ​សុំ​ឡើង​តវ៉ា​ម្តង​ទៀត ប៉ុន្តែត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ហាមឃាត់​ជាថ្មី​ទៀត ដោយ​ថា សវនាការ​នេះមិន​សំខាន់​វត្តមាន​ជនជាប់ចោទ​ទេក្រៅពី​មេធាវី។

លោក រ៉ុង ឈុន មិន​អាច​សុំ​បញ្ជាក់​បន្ថែម​បាន ក្រោយ​ចេញពី​បន្ទប់​សវនាការ ដោយ​នគរបាល​បាន​អម​លោក​ជាប់ និង​ហាម​អ្នកសារព័ត៌មាន​សាកសួរឬថតរូប។ ប៉ុន្តែដើរ​ជិតដល់​រថយន្ត​ដែល​ត្រៀម​ដឹក​លោក​ត្រឡប់ទៅ​ពន្ធនាគារ​វិញ​នោះ លោក រ៉ុង ឈុន និយាយ​ថា សុខភាព​គាត់​នៅ​បន្ត​តតាំង​បាន។

លោក ជូង ជូ​ងី បង្ហាញ​ការ​ខកចិត្ត បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះរារាំង​កូន​ក្តី​ម្តង​ហើយ​ម្តង​ទៀត មិន​ឱ្យ​ថ្លែង​ពី​ភាព​ស្អាតស្អំ​របស់​កូន​ក្តី។

លោក​មេធាវី ជូង ជូ​ងី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត ក្រោយ​បញ្ចប់​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​ករណី​លោក រ៉ុង ឈុន នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក ជូង ជូ​ងី ប្រាប់​ថា៖ «មែនទែន​ សិទ្ធិ​របស់​គាត់ត្រូវ​សម្ដែង​ឱ្យ​អស់ ប៉ុន្តែការអនុវត្ត​របស់​តុលាការ​មានការ​រឹតត្បិត»។

សំណើសុំ​នៅ​ក្រៅ​ឃុំ​ជំទាស់​ទៅ​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា​ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក រ៉ុង ឈុន មិនមែន​ជា​មូលដ្ឋាន​ច្បាប់ដើម្បី​ការពារ​ខ្លួន​ទេ វា​ជា​ការចោទប្រកាន់​ដើម្បី​បិទបាំង​កំហុស មិន​មានហេតុ​ផល​ផ្លូវច្បាប់​រឹងមាំ​ដើម្បី​ការពារ​ខ្លួន​ទេ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ផ្ទុយទៅវិញ បើ​គាត់​ចង់​ការពារ​ខ្លួន គួរតែ​ស្វែងរក​ភស្តុតាង សក្ខីកម្ម​ផ្លូវច្បាប់​ឱ្យ​បាន​រឹងមាំ ដើម្បី​ដោះបន្ទុក ដើម្បី​ចៀសវាង​ការចោទប្រកាន់​គេ​ដោយ​គ្មាន​មូលដ្ឋាន»។

នៅ​ក្រៅ​តុលាការ​វិញ មាន​មនុស្ស​ប្រមាណ​ជា២០នាក់ដែល​ភាគច្រើន​ជា​គ្រូបង្រៀន បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​បទ​ចោ​ទប្រ​កាន់​លើ​លោក រ៉ុង ឈុន។

លោកគ្រូ ឡុង រឹម អាយុ៤៩ឆ្នាំ និយាយ​ថា លោក​ចង់​ឃើញ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ជា​របស់​ជាតិ មិន​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​ជន​ណាមួយ ដើម្បី​ធានា​យុត្តិធម៌​សង្គម។

លោកគ្រូ ឡុង រឹម អាយុ៤៩ឆ្នាំ ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងករណីលោក រ៉ុង ឈុន នៅមុខតុលាការកំពូល ក្នុងថ្ងៃសវនាការលោក រ៉ុង ឈុន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក ឡុង រឹម ប្រាប់​ថា៖ «យើង​អំពាវនាវ​ឱ្យ​តុលាការ​យក​វិជ្ជាជីវៈ​របស់​ខ្លួន​កាត់ក្តី​ឱ្យ​បាន​ត្រឹមត្រូវ បម្រើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ កុំ​ធ្វើឡើង​ក្រោមអំណាច​របស់​បុគ្គល​ណា​ម្នាក់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​យើង»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា បើ​គេ​និយាយ​ពី​គោលការណ៍​ឯករាជ្យ​ភាព​របស់​តុលាការ និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ការ​ការពារ​ខ្លួន​ចំពោះមុខ​ច្បាប់ សាម៉ីខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​បង្ហាញ​ហេតុផល​តាមផ្លូវ​ច្បាប់​បង្ហាញ​ភស្តុតាង។

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ និយាយ​ថា ក្នុងករណី​សុំ​នៅ​ក្រៅ​ឃុំ បើ​ការ​ទាមទារ​នោះ​ស្របតាម​លក្ខខណ្ឌ​នៃ​ច្បាប់ ហើយ​គាត់​អាច​ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ វា​គួរតែ​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ។ប៉ុន្តែលោក​ថា ជា​កា​រស​ង្កេត នៅ​កម្ពុជា ជនជាប់ចោទឬអ្នកទោស​នយោបាយ​ត្រូវ​បាន​ដោះលែងឬបាន​នៅ​ក្រៅ​ឃុំ វា​ដើរ​ទន្ទឹមគ្នា​ទៅ​នឹង​ស្ថាន​ការណ៍​នយោបាយ។

លោក អំ សំអាត ប្រាប់​ថា៖ «ជន​ដែល​ត្រូវ​ចោទឬក៏​ជាប់ចោទ​ដែល​ពាក់ព័ន្ធ​ស្ថានភាព​នយោបាយ​ទាល់​តែ​ស្ថានភាព​នយោបាយ​វា​ធូ​រស្រាល អ្នក​ដែល​ជាប់ឃុំ​ពាក់ព័ន្ធ​រឿង​នយោបាយ​ច្រើន​ដោះលែងឬឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ និង​ការលើកលែង​ទោស​អី​ជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ