ក្រសួង​ព្រមាន​ចាត់​​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​​បុគ្គល​មិន​អនុវត្ត​​វិធាន​សុខា​ភិបាល​ក្នុង​ការ​ធ្វើ​ចត្តា​ឡី​ស័ក​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ទៅលើបុគ្គល​ដែលមិនអនុវត្ត​តាមវិធាន​សុខាភិបាលក្នុងការធ្វើចត្តាឡីស័ក ដោយការពិន័យ​អន្តរការណ៍ជាទឹកប្រាក់ពី២០ម៉ឺនរៀលទៅ១លានរៀល និង​ផ្តន្ទាទោស​តាមច្បាប់ព្រហ្មទណ្ឌ។

យោងតាមសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បាន​ណែនាំនូវវិធានការ​សំខាន់​ៗមួយចំនួនសម្រាប់​​ការធ្វើចត្តាឡីស័ក ក្នុងនោះរួមមាន ត្រូវ​នៅក្នុងផ្ទះដាច់ដោយឡែក​​គ្រប់ពេល​ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ, តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅ​ជារៀងរាល់ថ្ងៃនៅពេលព្រឹកនិងពេលល្ងាច ហើយ​ក្នុងករណី​​កម្តៅលើសពី៣៧,៥អង្សារ ឬ​មាន​រោគសញ្ញា​ណាមួយដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍ ១១៥

សារអប់រំបន្តថា ត្រូវរស់នៅក្នុងបន្ទប់និង​ប្រើប្រាស់សម្ភារ​ដាច់ដោយឡែកពីសមាជិកគ្រួសារ ទាំងការសម្រាក ការប្រើប្រាស់បន្ទប់ទឹក និងការបរិភោគអាហារ ហើយ​ត្រូវពាក់ម៉ាស់ សម្អាតដៃជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច១,៥ម៉ែត្រ។

ក្រសួងបន្តទៀតថា ត្រូវខ្ទប់មាត់ច្រមុះនៅពេលក្អកឬកណ្តាស់ បរិភោគអាហារដែលចម្អិនបានល្អ អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ។

ក្រសួងបញ្ជាក់ថា ការអនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនមានការអនុវត្តត្រឹមត្រូវតាមវិធានការចត្តាឡីស័កតាមការកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់​​ដោយលទ្ធផលតេស្តកូវីដ១៩ «អវិជ្ជមាន» ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

ក្រសួងសុខាភិបាល បាន​ព្រមានថា៖ «បុគ្គលដែលមិនអនុវត្ត​តាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក​ ត្រូវ​ទទួលពិន័យ​អន្តរការណ៍ជាទឹកប្រាក់ពី២០០ ០០០រៀល ដល់ ១ ០០០ ០០០រៀល និងត្រូវផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជាធរមាន តាមមាត្រា៨ នៃអនុក្រឹត្យលេខ​១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៥ ព្រមទាំងតម្រូវ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​»។

វិធានការណែនាំរបស់ក្រសួង បានធ្វើឡើងក្រោយពីក្រសួង​បានរកឃើញអ្នកប៉ះពាល់ដោយ​ផ្ទាល់និង​ប្រយោល​ជាមួយរដ្ឋមន្ត្រីការបរទេស​ហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិចិ្ឆកា ចំនួន១ ១៦៦នាក់ គិត​មកដល់ថ្ងៃម្សិល​មិញ។

ក្នុងចំណោម​អ្នកទាំងនោះ លទ្ធផលវិភាគសំណាកបង្ហាញថា លោក សួស យ៉ារ៉ា សមាជិកសភា លោក ស ចិត្រា អគ្គ​លេខាធិការរងក្រសួងកសិកម្ម និង​ឯកអគ្គរដ្ឋទូត​ហុងគ្រីប្រចាំ​នៅ​កម្ពុជា រួមនឹងអង្គរក្ស​ផ្ទាល់គណៈប្រតិភូហុងគ្រី បាន​ឆ្លង​ជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍ថ្ងៃ៣វិច្ឆិកានោះ។

ក្រៅពីនោះ ក្រសួងថា​ អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១ ១៤០នាក់ ហើយ​វត្ថុសំណាកនៅសល់ នឹងត្រូវបន្តវិភាគនៅថ្ងៃនេះទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ