មន្ត្រី​​កម្ពុជា​​-​ថៃ​ រៀប​ចំ​​ស្នើ​​រដ្ឋា​ភិបាល​​ខ្លួន​បើក​​ច្រក​ព្រំដែន​​សម្រាប់​​បញ្ជូន​​និង​​ទទួល​​ពលករ​​ខ្មែរ​​

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

ភាគី​កម្ពុជា​-ថៃ គ្រោង​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​បើក​ច្រកព្រំដែន​សម្រាប់​បញ្ជូននិង​ទទួល​ពលករ​កម្ពុជា និង​ប្រកាស​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លងដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​អំឡុង​ពេល​​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

កាលពី​រសៀល​ថ្ងៃម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា លោក អ៊ិ​ត សំ​ហេង បាន​ជួប​ប្រជុំ​ជាមួយលោក Surachai Chattrakulthong អនុរដ្ឋ​មន្ត្រី​ក្រសួងការងារ​ថៃ តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​ការងារពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​វិស័យ​ការងារ និង​ការងារ​មួយចំនួន​ទៀតពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​និង​បញ្ជូន​ពលករ។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការងារ ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បានឱ្យ​ដឹង​ថា ជា​លទ្ធផល ភាគី​ទាំងពីរបាន​ឯកភាព​គ្នាបន្ត​កិច្ចសន្យា​រយៈពេល២ឆ្នាំ​ទៀត សម្រាប់​ពលករ​ដែល​បាន​បញ្ជូន​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ហើយ​ត្រូវ​បញ្ចប់​កិច្ចសន្យា​ការងារ​រយៈពេល៤ឆ្នាំ ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ អាច​គ្រប់គ្រង​បាន ដោយ​ពុំ​ចាំបាច់​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជូននិង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​តាម​រដូវ​កាល​នៅ​តាម​បណ្តា​ខេត្តជាប់​ព្រំដែន​កម្ពុជា​-ថៃ ក្រសួងការងារ​បញ្ជាក់​ថា ភាគី​ទាំងពីរ​បាន​រៀបចំ​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​បើក​ច្រកព្រំដែន សម្រាប់​បញ្ជូននិង​ទទួល​ពលករ​កម្ពុជា ដោយ​ត្រូវ​អនុវត្ត​តាម​វិធាន​សុខាភិបាល​នៃ​ប្រទេស​ទាំងពីរ។

ក្រសួង​បាន​បន្ត​ថា៖ «នឹង​រួមគ្នា​បង្ការនិង​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​ភាព​ស្របច្បាប់​ជូន​ពលករ និង​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លងដែន​ទៅ​ធ្វើការ​ខុសច្បាប់»។

ក្រៅពីនោះ ក្រសួងការងារបញ្ជាក់​ថា ភាគី​ទាំងពីរក៏បាន​ឯកភាព​គ្នាផ្តល់​ការ​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជាធ្វើការ​នៅ​បរទេស (TD​) ជូន​ពលករ​កម្ពុជាដែល​កំពុង​ស្នាក់នៅនិង​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​ប្រព័ន្ធ​ស្វ័យ​ប្រវ​ត្តិ​កម្ម​នៅពេល​ខាងមុខ និង​ពិភាក្សា​បច្ចេកទេស និង​នី​តិ​វិធី​នៃ​ការ​ជ្រើសរើស​និង​បញ្ជូន​ពលករ​កម្ពុជាទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​អនុស្សរ​ណៈ​នៃ​ការយោគយល់​គ្នា ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ