ប្រព័ន្ធ​​បោះ​ឆ្នោត​​អាមេរិក​​អាច​​បង្ខំ​​បេក្ខជន​​បាន​​សំឡេង​​គាំ​ទ្រ​ច្រើន​​ពី​​ពលរដ្ឋ​​បាត់​​បង់​​ឱកាស​​ដឹក​នាំ​​ប្រទេស​

បុរសម្នាក់លើកមេដាំគាំទ្រដល់លោក ត្រាំ អំឡុងពេលលោក ត្រាំ ថ្លែងក្នុងសន្និសីទមួយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Donald J. Trump)

នៅ​ពេល​និយាយ​អំពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក លោក​អ្នក​អាច​យល់​ឃើញ​ថា ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ទីនោះ​អាច​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជាឬ​ក៏​ខុស​គ្នា​ទាំង​ស្រុង​។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក ត្រូវ​បាន​កំណត់​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នៅ​រៀង​រាល់៤​ឆ្នាំ​ម្ដង ឬ​នៅ​រៀង​រាល់​ចុង​អាណត្តិ​ដឹកនាំ​នៃ​ប្រធានាធិបតី​នីមួយៗ។

សម្រាប់​កម្ពុជា​ដែល​ប្រកាន់​យក​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​ប្រយោល​នោះ ​ពលរដ្ឋ​តម្រូវ​ឱ្យ​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ ហើយ​បន្ទាប់​មក​ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើន​លើស​ពី ៥០​បូក១ នឹង​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាលឬ​ដឹកនាំ​ប្រទេស​ជាតិ។

ខុស​ពី​កម្ពុជា នៅ​ឯ​សហរដ្ឋ​អាមេរិក ប្រព័ន្ធ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដែល​មាន​ន័យ​ថា ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​ផ្ទាល់ ហើយ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល​ផង​ដែរ។

មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ដែល​ជា​បក្ស​នយោបាយ​ធំ​តែ​២​គត់​នៅ​អាមេរិក ត្រូវ​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន​ពី​ក្នុង​ចំណោម​បុគ្គល​នយោបាយ​មាន​ឥទ្ធិពល​មួយ​ចំនួន។

មុន​នឹង​ក្លាយ​ខ្លួន​ជាបេក្ខជន​ប្រធានាធិបតី បេក្ខជន​ម្នាក់​​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ៣​ចំណុច​សំខាន់ៗ រួម​មាន បេក្ខជន​ត្រូវ​តែ​ជា​ពលរដ្ឋ​អាមេរិក​ពី​កំណើត មាន​អាយុ​យ៉ាង​តិច៣៥​ឆ្នាំ និងត្រូវ​តែ​ជា​ពលរដ្ឋ​រស់​នៅ​អចិន្ត្រៃយ៍​នៅ​អាមេរិក​យ៉ាង​តិច១៤​ឆ្នាំ។

សម្រាប់​ដំណើរការ​ជ្រើស​រើស​បេក្ខជន​នៅ​ក្នុង​គណបក្ស​សម្រាប់​ឈាន​ទៅ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​នោះ បុគ្គល​ម្នាក់​ដែល​ចង់​ឈរ​ឈ្មោះ អាច​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស ដើម្បី​ស្វែង​រក​ការ​បោះ​ឆ្នោត​គាំ​ទ្រ​ដោយ​ផ្ទាល់​ពី​សមាជិក​បក្ស​របស់​ខ្លួន ដែល​វិធីនេះ​គេ​ហៅ​ថា ការ​ជ្រើស​រើស​ដំបូង (primary vote)។

នៅ​ក្នុង​ដំណើរការ​មួយ​ទៀត​ដែល​គេ​ហៅ​ថា caucuses​ នោះ សមាជិក​បក្ស​នយោបាយ​មួយ អាច​ជួប​ប្រជុំ​គ្នា ពិភាក្សា និង​បោះ​ឆ្នោត​ជ្រើស​រើស​នរណា​ម្នាក់​ដែល​ពួកគេ​គិត​ថា ជា​ជម្រើស​ល្អ​បំផុត​សម្រាប់យក​ទៅ​ប្រកួត​ប្រជែង។

បន្ទាប់​ពីជ្រើស​រើស​បឋម​នេះ​ហើយ គណបក្ស​នយោបាយ​នីមួយៗ​រៀបចំ​សន្និបាត​ថ្នាក់​ជាតិ​របស់​ខ្លួន​ ដើម្បី​ជ្រើស​រើស​​បេក្ខជន​ប្រធានាធិបតី ហើយ​​បេក្ខជន​ប្រធានាធិបតី​ក៏​អាច​ជ្រើស​រើស​បេក្ខជន​ជា​អនុ​ប្រធានាធិបតី​របស់​ខ្លួន​ផង​ដែរ។

បន្ទាប់​មក​ទៀត បេក្ខជន​ប្រធានាធិបតី​បក្ស​នីមួយៗ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​អំឡុង​ការ​បោះ​ឆ្នោត​សកល​ដែល​ត្រូវ​បាន​កំណត់​រៀបចំ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។

នៅ​ថ្ងៃ​បោះ​ឆ្នោត ពលរដ្ឋ​អាមេរិក​ចេញ​ទៅ​សម្ដែង​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​តាម​រយៈ​ការ​គូស​​សន្លឹក​ឆ្នោត ហើយ​ដាក់​ចូល​ក្នុង​ហិប​ឆ្នោត។

ទោះជាយ៉ាងណា នេះ​មិន​មែន​មាន​ន័យ​ថា ពលរដ្ឋ​អាមេរិក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​ទេ ប៉ុន្តែពួកគេ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​មនុស្ស​ឱ្យធ្វើ​ជា​តំណាង​ នៅ​ក្រោម​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ទៀត​ហៅ​ថា ការ​បោះ​ឆ្នោត​ដោយ​ប្រតិភូ ឬ Electoral Vote។

ប្រតិ​ភូ​តំណាង​ដែល​​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​​គាំ​ទ្រ​ពី​ពលរដ្ឋ​អាមេរិក​នោះ ​នឹង​ក្លាយ​ទៅ​ជា​សមាជិក​ព្រឹទ្ធ​សភា និង​ជា​សមាជិក​រដ្ឋ​សភា​តំណាង​ឱ្យរដ្ឋ​នីមួយៗ​អាស្រ័យ​ទៅ​តាម​ចំនួន​អាសនៈ​ដែល​ត្រូវ​បាន​បែង​ចែក​រួច​ហើយ។

នៅ​អាមេរិក​ ប្រតិភូ​ជា​តំណាង​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​សកល​នោះ មាន​ចំនួន​សរុប​ដល់​ទៅ៥៣៨​រូប ហើយ​ប្រតិភូ​មួយ​រូបមាន​សិទ្ធិ​បោះ​ឆ្នោត​មួយ​សន្លឹក​​សម្រាប់​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​នយោបាយ​មួយឱ្យកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​អាមេរិក។

បេក្ខជន​ប្រធានាធិបតី​ណា​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​យ៉ាង​តិច២៧០​សំឡេងឬ​ច្រើន​ជាង​នេះ នឹង​ត្រូវ​ប្រកាស​ថា ជា​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត ហើយ​ឈាន​ទៅ​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នៅ​ឆ្នាំ​បន្ទាប់។

តាម​រយៈ​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​តំណាង​នេះ បេក្ខជន​ប្រធានាធិបតី​ម្នាក់​​អាច​ទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើន​ពី​ពលរដ្ឋ ប៉ុន្តែបើ​មិន​ទទួល​បាន​សំឡេង​គាំ​ទ្រ​គ្រប់​គ្រាន់​ពី​ប្រតិភូ​ជា​តំណាង​នោះ មាន​ន័យ​ថា បេក្ខជន​រូប​នេះមិន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ទេ។

ជា​ឧទាហរណ៍ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៦​កន្លង​មក បេក្ខនារី​ប្រធានាធិបតី អ្នកស្រី ហ៊ីលឡារី គ្លីនតុន ទទួល​បាន​សន្លឹក​ឆ្នោត​​គាំ​ទ្រ​ពី​ពលរដ្ឋអាមេរិក​ដល់​ទៅ​ជិត៦៦​លានសំឡេង ខណៈ​លោក ត្រាំ ទទួល​បាន​ត្រឹម​តែ​ជិត៦៣​លាន​សំឡេង​ប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រី គ្លីនតុន ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​បោះ​ដោយ​ប្រតិភូ​តំណាង​ត្រឹម​តែ២២៧​សំឡេង​ប៉ុណ្ណោះ ហើយ​លោក ត្រាំ វិញ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រតិភូ​ជា​តំណាង​ដល់​ទៅ៣០៤​សំឡេង។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​ប្រតិភូ​ជា​តំណាង​នា​ពេល​នោះ នាំ​ឱ្យ​អ្នកស្រី គ្លីនតុន ចាញ់​ការ​បោះ​ឆ្នោត ហើយ​ឱកាស​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​​ដឹកនាំ​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ទៅ​លោក ត្រាំ ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ