រដ្ឋមន្រ្តីកម្ពុជា២រូបដាក់ខ្លួននៅដាច់ដោយឡែកក្រោយជួបរដ្ឋមន្រ្តីហុងគ្រីដែលមានកូវីដ១៩

រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ភីធើ ស៊ីចាតូ នាវិមានសន្តិភាពរាជធានីភ្នំពេញនាថ្ងៃទី៣​ខែវិច្ឆិកាឆ្នាំ២០២០។ (រូបថត៖ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន)

រដ្ឋមន្រ្តីក្រសួងកសិកម្ម  និង​រដ្ឋមន្រ្តី​ក្រសួងធនធានទឹកបាន​អះអាងថា​ពួកគាត់រួមទាំងមន្រ្តីមួយ ចំនួន​ទៀតចាប់ផ្តើមដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ក្រោយពីទទួល​ព័ត៌មានថា​រដ្ឋមន្រ្តីក្រសួង ការបរទេសហុងគ្រីដែល​ពួកគាត់បាន​ជួបកាលពីម្សិលមិញ​មាន​ផ្ទុកកូវីដ១៩។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ វីអូឌីនៅរសៀល នេះថា​លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការពីក្រសួងក្រសួងសុខាភិបាល​កម្ពុជានៅឡើយទេ ។ ទោះយ៉ាងណាក៏ដោយលោកថា​លោក​និងមន្រ្តីក្រសួងដែលបានជួប​ ភីធើ សឺចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រីកាលពីម្សិលមិញនឹងធ្វើចក្តាឡីស័ក។

លោក វេង សាខុន ដែល​ទើបតែត្រលប់​មកពីជួបពលរដ្ឋដែល​រងគ្រោះដោយទឹក​ជំនន់​នា ខេត្តពោធិ៍សាត់នារសៀលនេះបាន​ប្រាប់យ៉ាងដូច្នេះថា៖ «ហ្នឹងហើយ បាទៗ[ខ្ញុំនឹងដាក់ខ្លួន ឯងដាច់ដោយឡែក១៤ ថ្ងៃ] ត្រូវតែគោរពទៅតាមអ្វីដែលជាវិធានការក្រសួងសុខាភិបាល»។

ដោយឡែករដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បាន​ប្រាប់ថា​លោកក៏ទើបតែទទួល បានដំណឹងនេះដែរ។ លោកបានឱ្យដឹងថា​លោក​បានជួបផ្ទាល់​ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រីនោះតែរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏មិនមានមន្រ្តីច្រើនចូលរួមដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំទើបតែដឹងមុនហ្នឹងដែរ។…ជួបតែមួយភ្លែតទេ ចាប់ដៃហើយដើរ​មកកន្លែងអង្គុយវិញ រួចបាញ់អាល់កុលដៃ។… ជួប[ផ្ទាល់]ច្រើន។ ខាងខ្ញុំ២-៣នាក់ ខាង[ក្រសួង]ផ្សេងៗមាន២-៣នាក់ទៀត»។

លោក លឹម គានហោ បានបន្ថែមថាមន្រ្តី​ក្រសួងការបរទេសកម្ពុជាបានទាក់ទងមករូបលោក​ដោយប្រាប់ឱ្យរូបលោក និង​មន្រ្តី​ដែលបានជួបប្រាស្រ័យ​ផ្ទាល់​ជាមួយរដ្ឋមន្រ្តីការបរទេសហុង​គ្រីរូបនោះ​ធ្វើតេស្តរកកូវីដ១៩។

សារព័ត៌មាន Associated Press (AP) បានស្រង់ប្រភពពីមន្រ្តីថៃ និងហុងគ្រី មកចុះផ្សាយថា លោក​ Peter Szijjarto និងគណៈប្រតិភូដែលមានសមាជិក ១២នាក់ត្រូវ បាន​ធ្វើតេស្តរកវីរុស​កូវីដ១៩ ប៉ុន្តែមានតែលោករដ្ឋមន្ត្រីការបរទេស ភីធើ ស៊ីចាតូ តែម្នាក់ប៉ុណ្ណោះ មានលទ្ធផលវិជ្ជមាន​វីរុសកូវីដ១៩។

រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីល្ងាចថ្ងៃម្សិលមិញ ក្រោយពីបានបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពេញមួយថ្ងៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ភីធើ ស៊ីចាតូ បានជួបពិភាក្សាការងារជាមួយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោកវេង សាខុន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងអនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា រួមទាំងមន្រ្តីកម្ពុជាមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ