ប្រធាន​​គណៈ​មេធាវី​​ផុត​​អាណត្តិ​​ប្ដេជ្ញា​​ជួយ​​កំណែ​ទម្រង់​​ប្រព័ន្ធ​​តុលាការ​​ក្រោយ​​ឡើង​ជា​​រដ្ឋ​លេខា​ធិការ​​ក្រសួង​​យុត្តិធម៌​

​ប្រធាន​គណៈមេធាវី​កម្ពុជា​ដែល​ត្រូវ​ផុត​អាណត្តិ លោក សួន វិសាល។ (ហ្វេសប៊ុក៖ Suon Visal)

​ប្រធាន​គណៈមេធាវី​កម្ពុជា​ដែល​ត្រូវ​ផុត​អាណត្តិ លោក សួន វិសាល បាន​ប្ដេជ្ញា​ថា នឹង​ប្រើប្រាស់​ជំនាញ​ផ្នែក​ច្បាប់និង​បទពិសោធន៍​ដ៏​យូរឆ្នាំ​របស់​លោក​ក្នុង​វិស័យ​នេះ ដើម្បី​ជួយ​ដល់​កិច្ចការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បន្ទាប់ពី​លោក​ត្រូវ​បាន​តែងតាំង​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌។

បើ​តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃម្សិលមិញ​នេះ លោក សួន វិសាល ដែល​ទើបតែ​ផុត​អាណត្តិ​ជា​ប្រធាន​គណៈមេធាវី​កម្ពុជា​កាលពី​ចុងខែ​តុលា​កន្លងមក​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ទៅតាម​សំណើ​​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សួន វិសាល ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា តំណែង​ជា​ប្រធាន​គណៈមេធាវី​កម្ពុជា​របស់​លោក បាន​ផុត​អាណត្តិ​នៅ​ត្រឹម​ថ្ងៃទី៣០ ខែតុលា​កន្លងមក​នេះ បន្ទាប់​តំណែង​នេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​លោក​មេធាវី លី ច័ន្ទ​តុលា ដែល​ទើប​ជាប់ឆ្នោត​កាលពី​ពាក់កណ្ដាល​ខែមុន។

លោក សួន វិសាល ប្រាប់​វី​អូ​ឌី​ថា លោក​មិនទាន់​ដឹង​ទេ​ថា លោក​នឹង​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ទទួល​កិច្ចការ​អ្វី​នៅ​ក្រសួង​យុត្តិធម៌ ក្រោយពី​លោក​ត្រូវ​បាន​តែងតាំង​ឱ្យកាន់​តំណែង​នេះ។

លោក សួន វិសាល អាយុ៥៥ឆ្នាំ ប្រាប់​ថា លោក​សប្បាយចិត្ត​ជាមួយ​តួនាទី​ថ្មីនេះ ដែល​លោក​ថា ស្រប​ទៅ​នឹង​បំណង​របស់​លោក​ដែល​ចង់​ឃើញ​វិស័យ​យុត្តិធម៌​ល្អ​ប្រសើរ​ផង​ដែរ។

លោក សួន វិសាល ប្រាប់​ថា៖ «អ៊ីចឹង ក្នុង​តំណែង​ថ្មីនេះ គឺ​វា​ស្រប​ទៅ​នឹង​បទពិសោធន៍​របស់ខ្ញុំនិង​បំណង​របស់ខ្ញុំ​ដែល​ចង់​ឱ្យប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ល្អ​ប្រសើរ​ដែរ»។

ជាមួយ​តំណែង​ថ្មីនេះ លោក វិសាល ប្រាប់​ថា លោក​បានសម្រេច​ដាក់ពាក្យសុំ​ព្យួរ​ឈ្មោះ​មេធាវី​របស់​លោក​រួចរាល់​ហើយ ដោយ​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​នោះ​ឡើយ ហើយ​លោក​ប្ដេជ្ញា​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ក្នុង​កិច្ចការ​កែទម្រង់​ច្បាប់និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក សួន វិសាល ប្រាប់​ថា៖ «ខ្ញុំ​គិតថា អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ស្រប​ទៅ​នឹង​ឯកឧត្ដម​រដ្ឋមន្ត្រី​ [កើត រិទ្ធ​] ព្រោះអី​ឯកឧត្ដម​រដ្ឋមន្ត្រី​គាត់​បាន​យកចិត្ត​ទុកដាក់​ធ្វើការ​កែទម្រង់​ច្បាប់និង​ប្រព័ន្ធ​យុត្តិធម៌។ ឯកឧត្ដម​រដ្ឋមន្ត្រី​គាត់​ចូលកាន់​តំណែង​ថ្មី​ភ្លាម គាត់​ចាប់ផ្ដើម​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​រឿងក្ដីនិង​ប្រព័ន្ធ​យុត្តិធម៌​តែម្ដង។ អ៊ីចឹង ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​មានបទពិសោធន៍​ច្រើន​នៅក្នុង​កិច្ចការ​ទាំងអស់​ហ្នឹង។ អ៊ីចឹង ខ្ញុំ​ជួយ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្នុង​ការកែទម្រង់​ប្រព័ន្ធ​តុលាការ​ហ្នឹង​ជាអាទិភាព​មុនគេ»។

លោក សួន វិសាល បាន​ឱ្យដឹង​ថា លោក​បាន​ចាប់ផ្ដើម​ប្រកបការងារ​ជា​មេធាវី​ការពារ​ក្ដី​ចាប់តាំងពី​ឆ្នាំ១៩៩៤ ហើយ​បាន​ក្លាយជា​មេធាវី​ពេញ​សិទ្ធិ​នៅ​ឆ្នាំ១៩៩៨ នៅពេល​ដែល​គណៈមេធាវី​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នា​ពេលនោះ។

លោក​មេធាវី​រូប​នេះ​ត្រូវ​បាន​សហភាតាឬសមាជិក​នៃ​គណៈមេធាវី​បោះឆ្នោត​ជ្រើសរើសឱ្យ​ដឹកនាំ​គណៈមេធាវី​នៅ​ឆ្នាំ២០១៦ សម្រាប់​អាណត្តិ​ដំបូង​របស់​លោក​ មាន​រយៈពេល២ឆ្នាំ មុននឹង​លោក​ជាប់ឆ្នោត​ជា​លើក​ទី២នៅ​ឆ្នាំ២០១៨ ហើយ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ២០២០នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ