រដ្ឋ​មន្ត្រី​​បរិស្ថាន​ ប្រាប់​​មន្ត្រី​​ឱ្យ​​ពង្រឹង​​ការងារ​​អភិរក្ស​​និង​​ពន្លឿន​​ការ​​បោះ​បង្គោល​​ព្រំ​​ដី​​តំបន់​​ការពារ​​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទី​ស្តី​ការក្រ​សួង​បរិស្ថាន។ (ជន ចាន់​រ៉ែ​ន)

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ពង្រឹង​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ត្រូវ​ពន្លឿន​ការងារ​បោះបង្គោល​ព្រំ និង​ចុះបញ្ជី​ដី​រដ្ឋ​នៅ​តំបន់ការពារធម្មជាតិ​ទាំងអស់ ដើម្បី​ឱ្យ​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព។ 

នៅក្នុង​ពិធី​បើក ​«សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១» នាទី​ស្តី​ការក្រ​សួង​បរិស្ថាន នៅ​ថ្ងៃអង្គារ​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ថ្លែង​ថា កន្លងមក ក្រសួង​បាន​រៀបចំ​បង្កើត​តំបន់ការពារធម្មជាតិ និង​បាន​រៀបចំ​កំណត់និង​បែងចែក​តំបន់​គ្រប់គ្រង បោះបង្គោល​ព្រំ បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​និង​ឧទ្យានុ​រក្ស បំពាក់​ឧបករណ៍ មធ្យោបាយ​និង​សម្ភារ​ចាំបាច់ ពង្រឹង​ការងារ​ល្បាត និង​អនុវត្ត​វិធានការ​ច្បាប់​លើ​បទល្មើស​ធនធាន​ធម្មជាតិ។

លោក​បន្ត​ថា ក្រសួង​ក៏បាន​រៀបចំ​តំបន់ការពារធម្មជាតិ​ទាំងនោះឱ្យទៅ​ជា​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​មួយដែល​មាន​លក្ខណៈ​ស៊ីសង្វាក់​គ្នា​ផ្នែក​អេកូឡូស៊ី ដើម្បី​បំពេញ​តួនាទី​ទ្រទ្រង់​ជីវិត​សត្វ សន្តិសុខ​ស្បៀង និង​សេដ្ឋកិច្ច​-សង្គម​នៅ​កម្ពុជា​ផង​ដែរ។

តែ​យ៉ាងណា លោក​ថា ក្រសួង​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួនដោយសារ​កត្តា​ផ្សេង​ៗ ដូចជា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ ក៏ដូចជា​តម្រូវការ​ជាក់​ស្តែង​ផ្សេង​ៗ ដែល​តម្រូវ​ឱ្យ​មានការ​ដោះស្រាយ​កែសម្រួល​ឱ្យ​បាន​សមស្រប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន ដើម្បី​ធានា​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ អភិរក្ស​ជីវចម្រុះ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ។

លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិនិង​អភិរក្ស​ជីវចម្រុះ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដោយធ្វើ​ការ​កែសម្រួល​ព្រំ​តំបន់ការពារធម្មជាតិនិង​កាត់​ឆ្វៀល​ចេញ​នូវ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់និង​អាស្រ័យផល​ជាក់ស្តែង​ជា​យូរ​ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ហើយ​ត្រូវ​ពន្លឿន​ការងារ​បោះបង្គោល​ព្រំនិង​ចុះបញ្ជី​ដី​រដ្ឋ​នៃ​តំបន់ការពារធម្មជាតិ​ទាំងអស់ ព្រមទាំង​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់​ឱ្យ​កាន់តែ​តឹង​រ៉ឹង»។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ផៃ ប៊ុ​នជឿន មានប្រសាសន៍​ថា តំបន់ការពារធម្មជាតិ​បច្ចុប្បន្ន បាន​កើន​ដល់៦៥កន្លែង គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ៧,២លាន​ហិ​កតា ស្មើនឹង៤១​%នៃ​ផ្ទៃដី​ប្រទេស។ លោក​បន្ត​ថា ក្នុង​ឆ្នាំនេះ ក្រសួង​បាន​ចុះបញ្ជី​ដី​សាធារណៈ​របស់​រដ្ឋ សម្រាប់​តំបន់​ស្នូលនិង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ពាមក្រសោប លើ​ផ្ទៃដី​ជាង៤ ៦៧២ហិ​កតា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ លើ​ផ្ទៃដី​ជាង១១៩ ៥៥៤ហិ​កតា។

ចំពោះ​ការទប់ស្កាត់និង​បង្ក្រាប​បទល្មើស​វិញ លោក​ថា មន្ត្រី​ជំនាញ​និង​ឧទ្យានុ​រក្សបាន​បង្ក្រាប​ការ​លួច​កាប់​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ការ​បរបាញ់​និង​ដាក់អន្ទាក់​សត្វព្រៃ និង​ការទន្ទ្រាន​យក​ដី​ក្នុង​តំបន់ការពារធម្មជាតិ​ដោយ​ខុសច្បាប់ ក្នុង​នោះ បាន​ដោះ​អន្ទាក់​២៩ ៤២៦អន្ទាក់​, រឹបអូស​វត្ថុ​តាង​រណារ​យន្ត៣ ៤៩២គ្រឿង​, ត្រាក់ទ័រ៨៥គ្រឿង​, រថយន្ត១៤៨គ្រឿង​, គោយន្ត​កន្ត្រៃ​៦៩៧​គ្រឿង​, ម៉ូតូ៤២៩គ្រឿង និង​កាំភ្លើង​កែច្នៃ៦៣៣ដើម។ 

លោក ផៃ ប៊ុ​នជឿន បាន​បន្ថែម​ថា ទន្ទឹម​នឹង​នោះ បទល្មើស​ចំនួន៦ ០៣៧ករណី ត្រូវ​បាន​បង្ក្រាប ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​និង​កិច្ចសន្យា១ ៧៨០ករណី​, ពិន័យ​អន្តរការណ៍៧៣១ករណី និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​ចំនួន៤៥២ករណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ