រដ្ឋសភា​អនុម័ត​​សេចក្តី​​ព្រាង​ច្បាប់​​ពាក់​ព័ន្ធ​​ឯកសារ​​ព្រំដែន​​រវាង​​កម្ពុជា​និង​​វៀតណាម​

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​លោក ហេង សំ​រិន ប្រធាន​រដ្ឋសភា ដោយមាន​វត្តមាន​សមាជិក​-សមាជិកា​រដ្ឋសភា ចំនួន១១៦រូប។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

​រដ្ឋសភាបាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​សំឡេង១១៦លើ១១៦សំឡេង ខណៈ​អតីត​បក្ស​ប្រឆាំង​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ការ​អនុម័ត​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ស្តី​ពី លទ្ធផល​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ បានឱ្យ​ដឹង​ថា សម័យប្រជុំ​រដ្ឋសភា នៅ​ថ្ងៃទី០២ ខែវិច្ឆិកា​នេះ បាន​ពិភាក្សានិង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ចំនួន៦ ក្នុង​នោះក៏​មាន​សេចក្តី​ព្រាងច្បាប់ ស្តី​ពី ការអនុវត្ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ សេចក្តី​ប្រកាស​ព័ត៌មាន បន្ត​ថា អង្គរ​ដ្ឋ​សភាបាន​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​ទាំងនោះ ដោយ​សំឡេង១១៦លើ១១៦សំឡេង។

យោង​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាឯក​សារ​បច្ចេកទេសដែល​បាន​កត់ត្រា​ទុក​យ៉ាង​លម្អិត​នូវ​ខ្សែ​ព្រំដែន​គោករវាង​ប្រទេស​ទាំងពីរ និង​អម​ដោយ​ផែនទីឋានលេខា​ព្រំដែន​គោក​ខ្នាត ១/២៥០០០ ចំនួន ៩២ផ្ទាំង។

នៅ​ថ្ងៃនេះ​ដែរ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយដោយ​ចាត់ទុក​ការ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ពីសំណាក់​រដ្ឋសភា​កម្ពុជា ថា​ជា​ការយល់ព្រម​កាត់ទឹក​ដីខ្មែរ​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ជា​ផ្លូវការ។ 

គណបក្ស​នេះ​បន្ត​ថា ច្បាប់​ស្តី​ពីការអនុវត្ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ធ្វើឡើង​តាម​សន្ធិសញ្ញាកំណត់ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ដែល​ជា​សន្ធិសញ្ញា​ខុសច្បាប់ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា បាត់បង់​បូរណភាពទឹកដី​លើ​ប្រទេស​វៀតណាម​ម ហើយដែល​ត្រូវ​មោឃភាព​ដោយ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ឆ្នាំ១៩៩១ និង​មាត្រា៥៥នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គណបក្ស​នេះ​បញ្ជាក់​ថា៖ «គណបក្សសង្គ្រោះ​ជាតិ ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ច្បាប់​ស្តី​ពីការអនុវត្ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម»។ 

ទោះ​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង ធ្លាប់​បាន​អះអាង​ហើយ​ថា ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជានិង​វៀតណាម ត្រឹមត្រូវ១០០ភាគរយ ហើយ​លោក​ជំរុញ​អ្នក​អះអាង​ថាមាន​បញ្ហា ឱ្យ​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​ទៅកាន់​គណៈកម្មាធិការ​របស់​លោក។

លោក វ៉ា គឹ​មហុង មានប្រសាសន៍​ថា៖ «បើ​ថា​បាត់​ សូម​ប្រាប់​ផង ហើយក៏​សូម​ថា កុំ​ថា​ខ្ញុំ​អគតិ។ ខ្ញុំ​អត់មាន​នេះ​ទេ ខ្ញុំ Open [បើក​ចំហ​] គឺថា​ប្រាប់​មក​ល្អ ថា​វា​បាត់​អី​មែន ខ្ញុំ​នឹង​ដាក់​ឱ្យ​ស្រាវជ្រាវ ជាជាង​ពិបាក​ស្វែងរក ទៅ​រក​អា​ប្រភព​បាត់​មែន​ឬមិន​មែន។ មិន​ជឿ​ គាត់​ចេះតែថា ចេះតែថា​ទៅ ​ប្អូន​ឯង! អាង​គណបក្ស​ប្រឆាំង​ផង វា​ចេះតែថា​សំអុយ​រដ្ឋាភិបាល​ទៅ។ អា​ពួក​អង្គការ​ខ្លះ​ប្រឆាំង​យើង វា​ចេះតែថា​ឱ្យ​រួចខ្លួន​ទៅ»។

គួរ​បញ្ជាក់​ថា កម្ពុជានិង​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង១ ២៧០គីឡូម៉ែត្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ