ក្រសួង​​នឹង​​ចាត់​វិធានការ​​តឹង​​រ៉ឹង​លើ​​រថយន្ត​​ធុន​​ធ្ងន់​​ដែល​​នៅ​​បន្ត​​ដឹក​ទំនិញ​​លើស​​ទម្ងន់​​កំណត់​​

ប្រភេទរថយន្តធុនធ្ងន់មួយគ្រោះបើកបរដឹកទំនិញចូលមកក្នុងទីប្រជុំជនក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ក្រសួងសាធារណការ និង​ដឹកជញ្ជូន ព្រមាន​ជាថ្មី ដោយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តឹង​រ៉ឹងចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នក​បើក​បរ​ថយន្ត​ធុន​ធ្ងន់ ដែល​នៅ​បន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ដែល​បណ្តាល​ឱ្យ​ខូច​ផ្លូវ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​លើកឡើង​ថា កន្លងមក ក្រសួង ក៏​ដូច​ជា​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​សង្កេតឃើញ​មាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន នៅតែ​មិនទាន់​ចូលរួម​គោរពច្បាប់និង​លិខិត​បទដ្ឋាន​គតិ​យុត្តិឱ្យ​បាន​ពេញលេញ​នៅឡើយ។

ករណីនេះ ក្រសួងបាន​ណែនាំ​ជាថ្មីដល់​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​រថយន្ត​ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ត្រូវ​គោរពនិង​អនុវត្ត​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ឱ្យ​បាន​ត្រឹមត្រូវ។ 

ក្រសួង​បន្ត​ថា ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ណាមួយនៅតែ​បណ្តែតបណ្តោយ​ឱ្យ​ដឹកជញ្ជូនឬផ្ទុក​ទម្ងន់​លើស​ពី២០ភាគរយ នោះ​ប្រធាន​ស្ថានីយ​ជញ្ជីង​អចល័ត និង​/ឬប្រធាន​ក្រុម​ជញ្ជីង​ចល័ត ត្រូវ​ចាត់វិធានការ​តាមច្បាប់ ដោយ​ដក​បណ្ណ​បើកបរនិង​ព្យួរ​ទុក​ចំនួន២ឆ្នាំ និង​ត្រូវ​ឃាត់​យានជំនិះ​ទុក​ចំនួន១ឆ្នាំ ដោយ​រក្សាទុក​នៅ​ទីតាំង​ណាមួយ​សមស្រប ហើយ​ម្ចាស់​យានយន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​លើកដាក់​ទំនិញ និង​បង់ថ្លៃ​ឈ្នួល​កន្លែង ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយខ្លួនឯង។

ក្រៅពីនោះ ក្រសួង​ក៏បាន​ព្រមាន​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំនួន១ឆ្នាំ ក្នុងករណី​ទទួលរង​នូវ​ការ​ពិន័យ​អន្តរការណ៍​ម្តងរួច​ហើយ ហើយនៅតែ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៀត។

ក្រសួងសាធារណការ បន្ថែម​ថា ចំពោះ​មន្ត្រី​មានសមត្ថកិច្ច (ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត ​ក្រោម​ឱវាទ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​) ដែល​អនុញ្ញាត​ឱ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់កម្រិត​កំណត់ ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់ នឹង​ត្រូវ​ទទួលទណ្ឌកម្ម​វិន័យទៅតាមច្បាប់និង​អនុក្រឹត្យ​នានា​ដែល​ពាក់ព័ន្ធ​ផង​ដែរ។

បើ​តាម​ក្រសួង សេចក្តី​ជូនដំណឹង​នេះ មាន​ប្រសិទ្ធភាព​អនុវត្តចាប់ពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ