ក្រសួង​​ព្រមាន​​មិន​​ទូរ​ទាត់​​ប្រាក់​ បើ​​អង្គភាព​​សាង​សង់​​ផ្លូវ​៣៨​ខ្សែ​​នៅ​​សៀម​រាប​ ធ្វើ​​ផ្លូវ​​គ្មាន​​គុណ​ភាព​​

សកម្មភាព​ធ្វើការ​កាត់​ជួសជុល​កំណាត់ផ្លូវ​ជាតិ​លេខ៦៤ Pk21​-22 ស្ថិតនៅ​ឃុំ បឹងមាលា ស្រុក​ស្វាយលើ ខេត្តសៀមរាប​កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេ​ត្ដ​សៀមរាប​)

ក្រសួងសាធារណការ ព្រមាន​មិន​ទូរ​ទាត់​ប្រាក់ ប្រសិនបើ​រក​ឃើញថា ការស្ថាបនា​ផ្លូវ​ចំនួន​៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប មិន​អនុវត្ត​តាម​ស្តង់​ដារ​បច្ចេកទេសនិង​សៀវភៅបន្ទុក។

រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​សៀមរាប កាលពី​ថ្ងៃម្សិលមិញ និង​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ក្រសួងស្រង់​ប្រសាសន៍​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង៣៨ខ្សែ​នេះ នឹង​ត្រូវ​សាងសង់​ឡើងដោយ​អង្គភាព​ចំនួន៦ សមស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការ​ដឹកទំនិញ​ធ្ងន់ឬស្រាល និង​ផ្ដោត​ជា​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព និង​បញ្ចប់​គម្រោង​បាន​ទាន់ពេល​វេលា​តាម​ការ​គ្រោងទុក។

លោក​បន្ត​ថា ដើម្បី​ទទួល​បាន​ផ្លូវ​មានគុណ​ភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេសនិង​បញ្ចប់​គម្រោង​តាម​ការ​គ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រដ្ឋនិង​ឯកជន ត្រូវ​សហការ​គ្នា​ឱ្យ​បានជិតស្និទ្ធ​ក្នុង​ទិសដៅ​តែមួយ គឺ​សាងសង់​ផ្លូវ​ឱ្យ​មានប្រសិទ្ធភាពនិង​គុណភាព​រឹងមាំ ព្រមទាំង​ប្រើប្រាស់​សម្ភារ​មាន​ស្តង់ដារនិង​ការ​ផ្គត់ផ្គង់​សម្ភារ​បាន​ទាន់​តម្រូវការ​ជាដើម។

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា៖ «ប្រសិនបើ​អង្គភាព​សាងសង់​ណាមួយត្រូវ​បាន​រក​ឃើញថា ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​របស់​ខ្លួន មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេសឬសៀវភៅបន្ទុក អង្គភាព​នោះនឹង​មិន​ទទួល​បានការ​ទូរទាត់ប្រាក់​ជាដាច់ខាត»។

កាលពី​ថ្ងៃទី៤ ខែកញ្ញា រាជរដ្ឋាភិបាលបាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវ​ចំនួន៣៨ខ្សែ ប្រវែង​សរុប​ប្រមាណ១០០គីឡូម៉ែត្រ នៅក្នុង​ទីរួមខេត្ត​សៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង៣៨ខ្សែ​នេះ គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្រោម​អធិបតីភាព​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ