ក្រោយ​​នាយក​​រដ្ឋ​មន្ត្រី​​គំរាម​ លោក​ ហូរ​ វ៉ាន់​ អះអាង​​ថា​ ភរិយា​​គាត់​​ជា​​អ្នក​ដាំ​បាយ​​មិន​​ពាក់​ព័ន្ធ​​រឿង​​នយោ​បាយ​​

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ នៅក្នុងកម្មវិធីមួយកាលពីអំឡុងខែមីនា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ Vann Ho)

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដែល​រង​ការ​គំ​រាម​ធ្ងន់​ៗពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ថា ភរិយា​គាត់​ជា​អ្នកដាំបាយឬមេផ្ទះ មិន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​នយោបាយ​ណាមួយ​នោះ​ទេ។

លោក ហូរ វ៉ាន់ សរសេរ​រៀបរាប់​ថា៖ «ភរិយា​ខ្ញុំ កូន​ខ្ញុំ​ […]​ ពួក​គាត់​ជា​អ្នកដាំបាយ ​[…] តែ​ម្សិលមិញ​ ថ្ងៃទី២៦ តុលា ២០២០ ស្រាប់តែ​ខ្ញុំ​បានឮ​សម្ដី​ដែល​អ្នកនយោបាយ​ដូចគ្នា ប្រើពាក្យ​រាលដាល​ដល់​អ្នកដាំបាយ​ដែល​គាត់​មិនដែល​រវល់​នឹង​រឿង​នយោបាយ​សោះ»។

ជាង​នេះ​ទៀត អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ចោទសួរ​វិញ​ថា «តើ​នេះ​គឺជា​ចំណាប់ខ្មាំង​ឬ?»

លោក ហូរ វ៉ាន់ បាន​សរសេរ​បែបនេះ បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ទៅលើ​រូបលោក​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដោយ​ចោទ​លោក​ថា ជា​អ្នក​ស្ថិត​ពីក្រោយ​នៃ​ការ​ប្រមូលផ្ដុំ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន នៅ​ចំ​ថ្ងៃរំឭក​ខួប២៩ឆ្នាំ ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក្រុម​អ្នក​តវ៉ា បាន​សម្ដែង​ការជំទាស់​របស់​ពួក​គេ​ទៅ​នឹង​កងទ័ព​ចិន ដែល​ត្រូវ​បាន​រាយការណ៍​ថា ឈរជើង​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កម្ពុជា។

លោក ហូរ វ៉ាន់ បាន​សរសេរ​បែបនេះ បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ទៅលើ​រូបលោក​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដោយ​ចោទ​លោក​ថា ជា​អ្នក​ស្ថិត​ពីក្រោយ​នៃ​ការ​ប្រមូលផ្ដុំ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន នៅ​ចំ​ថ្ងៃរំឭក​ខួប២៩ឆ្នាំ ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក្រុម​អ្នក​តវ៉ា បាន​សម្ដែង​ការជំទាស់​របស់​ពួក​គេ​ទៅ​នឹង​កងទ័ព​ចិន ដែល​ត្រូវ​បាន​រាយការណ៍​ថា ឈរជើង​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អ្ហែង​អត់​រួចខ្លួន​ទេ​! តែ​អ្ហែង​កុំ​រុញ​កូន​អ្ហែង ប្រពន្ធ​អ្ហែង​ឱ្យ​ចូល​គុក​ថែម។ សង្ឃឹមថា លោកជំទាវ ហូរ វ៉ាន់ [ភរិយា​លោក ហូរ វ៉ាន់​] មិន​ធ្វើជា​អ្នក​បែងចែក​លុយ​សម្រាប់​ក្រុម​ឧទ្ទាម​ក្នុង​ស្រុក​ទេ។ និយាយ​គ្នា​ឱ្យ​ច្បាស់​!»។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ ប្រាប់ VOD បន្ថែម​ថា គិត​ត្រឹម​ថ្ងៃពុធ​នេះ ភរិយានិង​ក្រុម​គ្រួសារ​គាត់​មាន​សុវត្ថិភាព​នៅឡើយ ប៉ុន្តែស្ថិត​ក្នុង​ស្ថានភាព​ភ័យខ្លាច។

លោក ហូរ វ៉ាន់ ប្រាប់​ថា៖ «មកដល់ពេលនេះ គ្រួសារ​ខ្ញុំ​គា​ត់​សម្ងំនៅតែ​ក្នុង​ផ្ទះ គាត់​អត់​ដើរចេញ​ទៅណា ហើយក៏​អត់​ជួប​ឧបសគ្គ​អ្វីមួយ​ដែរ ព្រោះ​គាត់​នៅតែ​ក្នុង​ផ្ទះ គាត់​អត់​ចេញ​ដើរទៅ​ក្រៅ ព្រោះ​ដោយសារ ព្រោះ​គាត់​រក្សា​សុវត្ថិភាព​គាត់​ដែរ»។

លោក​ឱ្យដឹង​បន្ថែម​ថា ភរិយា​លោក​ធ្លាប់​ព្រួយបារម្ភ​បញ្ហា​នេះ​យូរ​មក​ហើយ ដោយ​ចាត់ទុក​វត្តមាន​លោកជាគ្រាប់​បែក​មួយ​គ្រាប់​នៅក្នុង​ផ្ទះ ដែល​មិនដឹង​ថា នឹង​ត្រូវ​ផ្ទុះ​នៅ​ថ្ងៃណា។ តែ​លោក​ថា វា​ជាការល្អ​ដែល​លោក​បាន​និរទេស​ខ្លួន​ទៅក្រៅ​ប្រទេស​ទាន់។

យ៉ាងណា លោក​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស មិន​រើសអើង​និន្នាការ​នយោបាយ និង​មិន​រណប​បរទេស​ណាមួយ។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​ណាមួយ​ទៅលើ​អ្នក​ដែល​មិន​បា​នប្រ​ព្រឹត្តកំហុស​ទេ ហើយ​លោក​ថា ចំណាត់ការ​ទៅលើ​ក្រុមប្រឆាំង ​រួម​ទាំង​លោក ហូរ វ៉ាន់ ជា​វិធានការ​ទប់ស្កាត់​អំពើ​ចលាចល ដើម្បី​រក្សា​សន្តិភាពនិង​ស្ថិរភាព​នយោបាយ។

លោក ផៃ ស៊ី​ផាន ប្រាប់​ថា៖ «ឯកឧត្តម ហូរ វ៉ាន់ គេ​ចាត់ទុកថា ជា​អ្នក​បង្ករឿង​ដែល​ស្ថិត​ក្រោម​កាតព្វកិច្ច​របស់​តុលាការ​ចោទប្រកាន់ រី​ឯក្រុម​គ្រួសារ​របស់​ឯកឧត្តម ហូរ វ៉ាន់ គាត់​អត់មាន​ពាក់ព័ន្ធ គាត់​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា។ សុំ​កុំឱ្យ​មានការ​បារម្ភ​អ៊ីចឹង ហើយក៏​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង កុំទៅ​ប៉ះពាល់​គាត់ ពីព្រោះ​គាត់​អត់មាន​ដឹង​អី​ទេ»។

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទ​រឿន មានប្រសាសន៍​ថា សារ​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​កាន់តែ​បង្ហាញថា ស្ថានភាព​នយោបាយដើរ​ដល់​ចំណុច​ធ្ងន់ធ្ងរ ចាត់ទុក​អ្នកនយោបាយ​ដូចគ្នា​ជាស​ត្រូវ តាមរយៈ​ប្រើពាក្យ «ក្រុម​ឧទ្ទាម​ក្រៅច្បាប់»

លោក​មានប្រសាសន៍​ទៀត​ថា ជម្លោះ​នេះ ភាគី​ទាំងពីរ​ហាក់​ខិតខំ​ធ្វើអ្វី​គ្រប់យ៉ាង ទោះ​ចំណាយធនធាន​ក្នុង​ទំហំ​ណាក៏ដោយ ឱ្យ​តែ​សម្រេច​គោលដៅ​របស់​ពួក​គេ ដោយ​មិន​គិត​រឿង​គុណធម៌ សីលធម៌ ឬយក​ច្បាប់​ជាធំ ដើម្បី​ប្រយោជន៍​សង្គម​ទេ។

អ្នកឃ្លាំមើល​រូប​នេះ ផ្តល់​យោបល់​ថា អាជ្ញាធរ​មិន​គួរ​បង្ក​ការឈឺចាប់​ណាមួយ​ដល់​ក្រុម​មនុស្ស ដែល​មិនបាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ រួម​ទាំង​ក្រុម​គ្រួសារ​អ្នកនយោបាយ​ប្រឆាំង​នេះ​ផង​ដែរ។

លោក ប៉ា ចន្ទ​រឿន និយាយ​ថា៖ «ប្រសិន​សមាជិក​ក្រុម​គ្រួសារ កូន​ប្រពន្ធ​របស់​អ្នកនយោបាយ​ណាមួយ​ដែល​គាត់​មិនបាន​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​របស់​គ្រួសារ​គាត់ឬក៏​ប្តី​គាត់​ទេ យើង​មិន​ត្រូវ​ទៅ​ប្រកាន់ទោស​អូស​ដំណើរ​គាត់​ទេ សូម្បីតែ​ការ​គំរាមកំហែង​ហ្នឹង។ អាហ្នឹង​ជា​អំពើ​អសីលធម៌​ហើយ។ អាហ្នឹង យើង​មិនទាន់​គិតដល់​ផ្លូវច្បាប់​ផង»។

យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅលើ​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​ថ្នា​ក់ដឹ​កនាំ ដែល​រង​ការ​គំរាម​ពី​នាយក​រដ្ឋមន្ត្រី។

ភ្ជាប់នឹង​បញ្ហា​នេះ លិខិត​ដែល​ផ្សាយ​ចេញពី​ក្រៅប្រទេស បាន​អំពាវនាវ​ទៅ​ក្រុម​សិទ្ធិមនុស្ស​ជាតិនិង​អន្តរជាតិ ឱ្យ​ជួយ​ឃ្លាំមើល​សន្តិសុខនិង​សុវត្ថិភាព​ក្រុម​គ្រួសារ​ដែល​រង​ការ​គំរាម និង​បាន​និយាយ​ថា បើ​អ្នក​ទាំងនោះ​ជួប​គ្រោះថ្នាក់​ក្នុង​រូបភាព​ណាមួយ វា​ជា​ការទទួលខុសត្រូវរបស់​មេដឹក​នំា​គណបក្ស​ដែល​កំពុង​គ្រប់គ្រង​អំណាច។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR​) និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ដើមខែ​តុលា​នេះ​ថា ១ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​ខាងនយោបាយបាន​កើតឡើង​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។

អង្គការ​មួយ​នេះ និយាយ​ថា យ៉ាងហោចណាស់​មនុស្ស១៤០នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន។ ចំណែក​សំណុំរឿង​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​«ក្បត់ជាតិ» អង្គការ OHCHR ចាត់ទុកជា «ហេតុផល​នយោបាយ​នៃ​លំនាំ​ដ៏​ធំ​មួយ​នៃ​ការប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ»

តែ​យ៉ាងណា តំណាង​រដ្ឋាភិបាល​នៅ​អង្គការសហប្រជាជាតិ បាន​ច្រានចោល​របាយការណ៍​នេះ ដោយ​ចាត់ទុកថា ការ​កឃើញ​នេះ​ឆ្លុះបញ្ចាំង​តែមួយ​ជ្រុង មើល​រំលង​ពី​ការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ