ជនជាតិ​​ដើម​​ភាគ​តិច​​នៅ​​មណ្ឌល​គិរី​ ស្នើ​​អាជ្ញាធរ​​ទប់​ស្កាត់​​ការ​ទន្ទ្រាន​​ដី​​នៅ​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​ណាមលៀ​រ​

មន្រ្តី​ឧទ្យានុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​មលៀរ បាន​ចុះ​ល្បាត​នៅ​ចំណុច​ភ្នំត្បែង ស្ថិតនៅ​ក្នុង​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី​)

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង ខេត្តមណ្ឌលគិរី អំពាវនាវ​ដល់​ក្រសួងបរិស្ថាននិង​ស្ថាប័ន​ពាក់ព័ន្ធ ទប់ស្កាត់ការ​កាប់​ទន្រ្ទាន​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ណាមលៀរឱ្យ​មានប្រសិទ្ធភាព ខណៈ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​នៅតែ​កើតមាន​ក្នុង​តំបន់​ការពារ​មួយ​នេះ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ពូនង នៅក្នុង​ភូមិ​ពូលុ ឃុំប៊ូស្រា ស្រុក​ពេជ្រាដា លោក ក្លា​ង ថុល លើកឡើង​ថា ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធនិង​អាជ្ញាធរមិន​ទប់ស្កាត់​ទេ ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ណាម​លៀរនឹ​ងប្រឈម​ការបាត់បង់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វនិង​ប៉ះពាល់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ។

លោក​ថា៖ «ព្រៃ​ហ្នឹង ជា​ព្រៃ​សហគមន៍​ស្ថិតនៅ​ក្នុង​ដែន​អភិរក្ស​ អ៊ីចឹងបើសិន​យើង​និង​អាជ្ញាធរ​មិន​ទប់ស្កាត់ ថ្ងៃក្រោយ​ទៅ​កូនចៅ​អត់មាន​កន្លែង​ធ្វើចម្ការនិង​ធ្វើការ​អភិរក្ស។ ឥលូវ​ហ្នឹង បើ​យើង​ម្នាក់​សម្រុក​ទៅ​កាប់​ កូនចៅ​យើង​អត់មាន​អី​ធ្វើ។ គេ​កាប់​ទន្ទ្រាន​រុករាន​រាល់ថ្ងៃ យក​ជា​កម្មសិទ្ធិ​ម្នា​ក់ៗ​ អ៊ីចឹង​ម៉េច​កើត»។

លោក ក្លា​ង ថុល បញ្ជាក់​ថា បច្ចុប្បន្ន​ដី​ព្រៃ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរ ប្រហែល​៤០ទៅ៥០ហិ​កតា ត្រូវ​បាន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិពីសំណាក់​ពលរដ្ឋ​នៅ​ក្បែរ​តំបន់​នោះនិង​អ្នក​ចំណាកស្រុក។

អ្នក​ប្រឹក្សា​យោបល់​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្តមណ្ឌលគិរី លោក គ្រើ​ង តុលា បាន​ស្នើ​ក្រសួងបរិស្ថាននិង​ស្ថាប័ន​ពាក់ព័ន្ធ​ការពារនិង​ទប់ស្កាត់​ការ​កាប់​ទន្រ្ទាន​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរឱ្យ​មានប្រសិទ្ធភាព ខណៈ​បច្ចុប្បន្ន​សកម្មភាព​នៃ​ការទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់នៅតែ​កើតមានឡើង​ដដែល។

ក្រៅពីនោះ លោក​ស្នើ​ទៅ​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធចាត់វិធានការ​ទៅលើ​អាជ្ញាធរ​ណា​ដែល​បាន​ឃុបឃិតជាមួយ​ប្រជាពលរដ្ឋ​កាប់​ទន្រ្ទាន​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​នេះ​ផង​ដែរ។

លោក​ថា៖ «ខ្ញុំ​គិតថា គួរតែ​ចាត់វិធានការ​មន្ត្រី​ជំនាញ​ដែល​គ្រប់គ្រង​នៅកន្លែង​នោះ ព្រោះ បើសិនជា​មេ​ប៉ុស្តិ៍ឬស្នាក់​ការ​នៅ​ទីនោះ​មិន​អនុញ្ញាត ប្រជាពលរដ្ឋ​ធម្មតាគ្មាន​អ្នកណា​ហ៊ាន​ទេ។ អ៊ីចឹង​បើសិនជា​សមត្ថកិច្ចនិង​មន្ត្រី​ជំនាញ​គាត់​មិន​បើកដៃ​ទេ ប្រជាពលរដ្ឋនិង​អ្នក​ផ្សេងទៀត​នឹង​មិន​ហ៊ាន​ធ្វើ​ទេ»។

នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ណាមលៀរ លោក វុធ សា​រុំ មានប្រសាសន៍​ថា មន្ត្រី​បរិស្ថាន​តែងតែ​ធ្វើការ​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​នេះ។

លោក​ថា៖ «ពួក​ខ្ញុំ​គឺ​មន្ត្រី​ជំនាញ​អនុវត្ត​នីតិវិធីតាមច្បាប់ អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ការ​ដឹករណារ​យន្ត យក​ចូលព្រៃ​ យក​អី! តែ​គាត់​ដឹក​កាត់​កន្លែង​ខ្ញុំ​ ឱ្យ​តែ​ខ្ញុំ​ឃើញ គឺ​ខ្ញុំ​ចាប់​ហើយ​ ទោះ​នៅ​លើ​ដងផ្លូវ​សាធារណៈ​ក៏ដោយ»។

ដែន​ជម្រក​សត្វ​ព្រៃ​ណាមលៀរ ត្រូវ​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​ដែនជម្រកសត្វព្រៃកាលពី​ឆ្នាំ២០១៦ ដោយ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន​ ដែល​មានផ្ទៃ​ដី​ជាង២ម៉ឺន​ហិកតា ​(២១ ៩៣៣ហិ​កតា​)។

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្តមណ្ឌលគិរី លោក អ៊ា​ង ម៉េ​ងលី សង្កេតឃើញ​ថា ការ​កាប់​រុករាន​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រ​កសត្វព្រៃបាន​ថយ​ចុះ​មួយ​រយៈ​នេះ បន្ទាប់ពី​ក្រុមការងារ​មក​ពី​ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងបរិស្ថាន បាន​ចុះទៅ​ពិនិត្យ​និង​វាស់វែង​កំណត់​ដី​រដ្ឋ​នៅក្នុង​ខេត្ត​នោះ។ 

លោក​ថា៖ «បទល្មើស​មានការ​ថមថយ ប៉ុន្តែ​បន្ទាប់ពី​គណៈកម្មការ​ហ្នឹងខកខាន​មិនបាន​ចុះ​ផ្ទាល់ ការ​កាប់​ទន្រ្ទាន​ដី​ព្រៃ​មាន​ឡើងវិញ នេះ​ជា​រូបភាព​មួយ យើង​ឃើញថា អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ហើយ​ឈ្មួញមានអំណាច​ផង ដែល​ប្រើប្រាស់​ឱ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុកនិង​អ្នក​នៅ​នោះ​ផ្ទាល់ ​រំលោភ​យក​ដី​រដ្ឋ​នេះ»។ 

ក្រសួងបរិស្ថាន ធ្លាប់​បាន​ព្រមាន​ជា​រឿយ​ៗនិង​បាន​ចាត់វិធានការ​ផ្លូវច្បាប់ចំពោះ​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋនិង​ដី​តំបន់​ការពារដោយ​ខុសច្បាប់។ ក្រសួង​ក៏បាន​ដាក់ចេញ​វិធានការនិង​ការណែនាំ​ជាបន្តបន្ទាប់មិន​ឱ្យ​មានការ​ទិញ​លក់​ដី និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់រាល់​សកម្មភាព​ខុសច្បាប់នៅ​តំបន់ការពារធម្មជាតិ​និង​ដី​រដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ