ស្ត្រី​​សកម្ម​ជន​​ដី​ធ្លី និង​​ជា​​អ្នក​គាំ​ទ្រ​​បក្ស​​ប្រឆាំងត្រូវ​​ចាប់​ខ្លួន​​ដាក់​​ឃុំ​​ប៉ុន្មាន​​ថ្ងៃ​ក្រោយ​​ចូល​រួម​​តវ៉ា​​នៅ​មុខ​​ស្ថាន​ទូត​​ចិន​

អ្នកស្រី សាត ផា ត្រូវក្រុមកងសន្តិសុខខណ្ឌ លើកសែងអូសចេញពីកន្លែងតវ៉ានៅមុខស្ថានទូតចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

​សកម្មជន​ដីធ្លី​បឹងកក់ និង​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង អ្នកស្រី សាត ផា ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃនេះ មួយថ្ងៃ​ក្រោយពី​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា​«ញុះញង់​ឱ្យ​មាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ជា​បទចោទប្រកាន់​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់​ជាបន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ។

ការ​ចាប់ខ្លួន​នេះបាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​មុ​ខស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី២៣ ខែតុលា ដើម្បី​ប្រឆាំង​ទៅ​នឹង​កងទ័ព​ចិន​ដែល​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឱ្យឈរជើង​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កម្ពុជា និង​ទាម​ទារឱ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​គោរពនិង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កិច្ច​ព្រម​ព្រៀង​សនិ្ត​ភាព​ទីក្រុង​ប៉ារីស។

អំឡុង​ពេលធ្វើ​បាតុកម្ម មាន​សកម្មជន៣នាក់​រួចហើយត្រូវ​បាន​ចាប់ខ្លួននិង​ត្រូវ​បានសម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែតុលា ក្រោម​ការចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យមាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អ្នកស្រី សាត ផា អាយុ៤៧ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យមាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ត្រូវ​បាន​បញ្ជូនខ្លួនទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ឬពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃពុធ​នេះ។

លោក អ៊ី រិន្ទ ប្រាប់​ថា៖ «[គាត់​]ត្រូវ​បាន​ចោទប្រកាន់​ក្រោម​បទ​ចោទ​មាត្រា​ទី៤៩៤និង៤៩៥ ហើយ​ត្រូវ​បានសម្រេច​ឃុំ​នៅ​ថ្ងៃនេះ​តែម្តង»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានឱ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកស្រី សាត ផា តាម​ដីកា​របស់​តុលាការ ហើយ​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយសារតែ​អ្នកស្រី​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​បាន​ចោទ​ថា ការ​តវ៉ា​នោះ​ធ្វើឡើង​គ្រាន់តែជាការ​សម្តែង​ដែល​សមនឹង​ទទួលទោស​ទៅតាម​ផ្លូវច្បាប់។

លោក ឆាយ គឹម​ខឿន ប្រាប់​ថា៖ «សមត្ថកិច្ច​បាន​ឃាត់ខ្លួន ​[អ្នកស្រី សាត ផា​] តាម​ដីកា​តុលាការ ហើយ​ឥលូវនេះ​បាន​បញ្ជូន​ទៅ​ចូល​គុក​ហើយ ពី​បទ​ទៅ​រញ៉េរញ៉ៃ​ហ្នឹង​ណ៎ា! ឃើញ​រូប​នារី​ហ្នឹង​បាក់ជើង​ហើយ​តវ៉ា​ទេ? ហើយ​អាហ្នឹង​សម​ដាក់គុក​ហើយ។ នាំគ្នា​ទៅ​បង្កើត​ល្ខោន ហើយ​ឥលូវមក​វះ​ជើង​ទៀត»។

មុន​ពេល​ចាប់ខ្លួន អ្នកស្រី សាត ផា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អ្នកស្រី​តែងតែ​ចូលរួម​ការ​តវ៉ា​ជាបន្តបន្ទាប់​ជាមួយ​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង យុវជន​ខ្មែរ​ថាវរៈ ហើយ​ថា ការ​តវ៉ា​កន្លងទៅ អ្នកស្រី​តែងតែ​រង​ការ​វាយ​ដំ​ពីសំណាក់​កង​សន្តិសុខខណ្ឌ៧មករា ខណ្ឌដូនពេញ និង​សន្តិសុខ​ខណ្ឌចំការមន​ម្ដង។

អ្នកស្រី សាត ផា និយាយ​ថា៖ «នៅ​ស្ថានទូត​ចិន​ ដាក់​រាប់រាយ​[សន្តិសុខ]មក​បង្ក្រាប​ពួក​នាងខ្ញុំ ហើយ​ចាប់​ពួក​ខ្ញុំ៣នាក់​ឡើងលើ​ឡាន រហូត​គេ​ចាប់​ខ្ញុំ​បោក គេ​រុញ​ខ្ញុំ​ ប្រតាយប្រតប់​ខ្ញុំ ឱ្យ​ខ្ញុំ​ដួល ហើយ​គេ​ជាន់​ខ្ញុំ គេ​សែង​ខ្ញុំ​បោះ​ដូចជា​ខ្ញុំ​អ្នកទោស​ឧក្រិដ្ឋ។ និយាយទៅ ពួក​គាត់​សាហាវ​ចំពោះ​ខ្ញុំ​ណាស់​ ខាង​រដ្ឋាភិបាល​ហ្នឹង​សាហាវ​មែនទែន។ និយាយទៅ របប​គាត់​ផ្ដាច់ការ​យកមែន​ទែន។ គាត់​ធ្វើបាប​ប្រជាពលរដ្ឋ​ គ្រាន់តែ​មាន​ម្រាមដៃ១០ អត់មាន​អាវុធ​នៅ​លើ​ដៃទេ គឺ​សាហាវ​មែនទែន។ គាត់​ធ្វើបាប​ពួក​ខ្ញុំ​នេះ»។

កាលពី​ថ្ងៃទី២៦ ខែតុលា​កន្លង​ទៅ​ថ្មី​ៗនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចំៗ​ទៅ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដោយ​ចោទ​ថា បាន​បញ្ជា​ឱ្យ​មានការ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ​ ប្រឆាំង​នឹង​កងទ័ព​ចិន​ដែល​ត្រូវ​បាន​រាយការណ៍​ថាមាន​វត្តមាន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ព្រមាន​បែបនេះ​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ដែល​តភ្ជាប់​តំបន់​កោះ​នរា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិត​ក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អា វ៉ាន់ អ្ហើយ ល្មម​បាន​ហើយ​! ឈប់​បាន​ក៏​ឈប់​ទៅ អា វ៉ាន់​! កូន​ប្រពន្ធ​អ្ហែង​នៅ​ភ្នំពេញ​ទេ។ សម្តី​អ្ហែង​បញ្ជា នៅក្នុង​ទូរសព្ទ​ទាំងអស់។ រឿង​អី​អ្ហែង​មក​បញ្ជា​ឱ្យ​ប្រឆាំង​ទូត​ចិន ប្រឆាំង​វត្តមានយោធា​ចិន។ ពួក​អ្ហែង​ឆ្កួត ប្រយ័ត្ន​ប្រពន្ធ​អ្ហែង កូន​អ្ហែង ដេក​អត់​សុខ​ទេ កំពុងតែ​ភ័យ។ អ្ហែង​ឈប់​បាន ឈប់​ទៅ​!»។

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ថ្ងៃទី២៦ ខែតុលា​នេះ សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​បើក​សវ​នា​ការ​ជំនុំជម្រះ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ​ពាក់ព័ន្ធ​នឹង​ការកាប់គាស់​រុករាន ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ជា​កម្ម​សិទ្ធិ នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង កាលពី​អំឡុង​ឆ្នាំ២០១៥។

មន្ត្រី​អតីត​បក្ស​ប្រឆាំង៣រូប​នោះ មាន​លោក ចាន់ សុផល អាយុ៦២ឆ្នាំ លោក ទួន សំអាត អាយុ៦៨ឆ្នាំ និងលោក ណែម ណាត អាយុ៤០ឆ្នាំ គឺ​សុទ្ធតែ​ជា​អតីត​សមាជិក​ជាប់ឆ្នោត​នៃ​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់។

លោក ឡោ ជុន​ធី មេធា​វី​ការ​ពា​ឱ្យអតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៣រូប បាន​ប្រាប់​ថា សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​ករណី​ខាងលើ ​ដោយ​ពុំ​មាន​វត្តមាន​ជនជាប់ចោទ ហើយ​ថា សាលាដំបូង​ខេត្តពោធិ៍សាត់នឹង​ធ្វើការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៤ ខែ​វិច្ឆិកា ខាងមុខនេះ។

លោក​បាន​បន្ថែម​ថា ការ​បើក​សវ​នា​ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​សហ​គម​ន៍​អូរច្រឡៅ ដែល​បាន​ប្តឹង​ចោទ​អ្នក​ទាំង៣នាក់​ថា​ បាន​កាប់​រុករាន​ព្រៃ​សហគមន៍ ហើយ​បាន​អះអាង​ថា ភស្តុតាង​ដែល​តុលាការ​បាន​បង្ហាញ​នៅក្នុង​សវ​នា​ការ​កាលពី​ថ្ងៃ​ចន្ទ​នោះ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​ទៅលើ​កូន​ក្តី​របស់​គាត់​នោះ​ទេ។

លោក ឡោ ជុន​ធី ប្រាប់​ថា៖ «ភស្តុតាង​វា​តិចតួច​ណាស់។ អ្នកខ្លះ​បាន​ទៅ​ទិញ​របស់​គេ អ្នកខ្លះ​ក៏បាន​ទៅ​កាប់​រុករាន​ខ្លះ ដើម្បី​ធ្វើចម្ការ វា​តិចតួច​ប៉ុណ្ណឹង​ឯង ដោយសារ​គាត់​អត់មាន​ដីធ្លី។ មែនទែន​ទៅ​ ភស្តុតាង​វា​មិន​គ្រប់គ្រាន់​សម្រាប់​ចោទប្រកាន់។ គាត់​ទៅ​ទិញ​គេ ហើយ​ដី​ខ្លះ វា​វាល​ហើយ ហើយ​គាត់​ក៏បាន​ទៅ​ត្រួសត្រាយ​ធ្វើចម្ការ»។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR​) និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ដើមខែ​តុលា​នេះ​ថា ១ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​ខាងនយោបាយ​បាន​កើតឡើង​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​យ៉ាងហោចណាស់​មនុស្ស១៤០នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ