តុលាការ​​កំពូល​​តម្កល់​​សេចក្ដី​សម្រេច​​តុលាការ​​ថ្នាក់​ក្រោម​បញ្ជា​​ឱ្យ​ស៊ើប​អង្កេត​​ឡើង​វិញ​​សំណុំ​រឿង​​អតីត​​បុគ្គលិក​ RFA​

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុ​ធារិ​ន្ទ ក្រោយបញ្ចប់សវនាការជំនុំជម្រះក្ដីនៅតុលាការកំពូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

តុលាការ​កំពូល​ច្រានចោល​ការ​ទាមទារ​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប ដែល​ប្ដឹង​ប្រឆាំង​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​បើក​ការស៊ើបអង្កេត​សំណុំរឿង​របស់​ពួក​គេ​ឡើងវិញ។

កាលពី​ថ្ងៃទី៣ ខែតុលា​​ឆ្នាំមុន សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញនូវ​សំណុំរឿង​ប្រឆាំង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុ​ធារិ​ន្ទ ដោយ​ថា ការស៊ើបអង្កេត​កន្លងមក​នៅ​មាន​ចំណុច​ខ្វះខាត។

ប៉ុន្តែអតីត​បុគ្គល​វិទ្យុ​អាស៊ី​សេរី​ទាំង២រូប​នេះ បាន​ប្ដឹងទៅតុលាការ​ថ្នាក់លើ​ជាបន្តបន្ទាប់ ដោយ​ជំទាស់​នឹង​សេចក្ដីសម្រេច​បែបនេះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

៦ថ្ងៃបន្ទាប់​ពី​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃនេះ បានសម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ទុកជា​បានការ​ដដែល ដោយ​សម្អាងថា ការ​ឱ្យ​បើក​ការស៊ើបអង្កេត​វិញ​នេះ ដើម្បី​ឱ្យ​តុលាការ​ស្វែងរក​ភស្តុតាង​បន្ថែម។

លោក និល ណុន បាន​ប្រកាស​សេចក្ដីសម្រេច​នេះ​នៅចំពោះមុខ​លោក អ៊ួន ឈិន និង​លោក យាង សុ​ធារិ​ន្ទ ដែល​បាន​បង្ហាញខ្លួន​ក្នុង​បន្ទប់​សវនាការ​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃនេះ។

ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅរបង​តុលាការ លោក អ៊ួន ឈិន សម្ដែង​ការ​ខកចិត្ត​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ ដោយ​ថា ការសម្រេច​នេះ​មិនបាន​ផ្ដល់​យុត្តិធម៌ និង​ធ្វើ​ឱ្យ​ពួក​គាត់​បន្ត​បាត់បង់​សិទ្ធិ​សេរីភាព​ទៀត។

លោក អ៊ួន ឈិន ប្រាប់​ថា៖ «អ្វី​ៗរួម​ទាំង​ឧបករណ៍​របស់ខ្ញុំ​ រហូត​ដល់​ខ្ញុំ​មិនមានលទ្ធភាព មិន​មាន​របស់​ប្រើប្រាស់ ព្រោះ​ពួក​គាត់​យក​ទៅ​ក្ដោបក្ដាប់​រក្សាទុក​អស់ហើយ។ ខ្ញុំ​គិតថា ពួក​គាត់​គួរតែ​ធ្វើការ ហើយ​បញ្ចប់រឿង​រ៉ាវ និង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ឱ្យ​មាន​សេរីភាព​ពេញលេញ​ជា​ពលរដ្ឋ​ដូចគេដូចឯង ធ្វើដំណើរ​ទៅណាមកណា​បាន​ដោយសេរី ប្រកបការងារនិង​រកស៊ី​អី​បាន​ស្រួល វា​មិន​គួរណា​មាន​អ៊ីចឹង​តទៅទៀត»។

លោក យាង សុ​ធារិ​ន្ទ ប្រាប់​ថា គិត​ត្រឹម​ខែក្រោយ​នេះ សំណុំរឿង​របស់​ពួក​គាត់​មាន​រយៈពេល​៣ឆ្នាំ​ហើយ ប៉ុន្តែតុលាការ​នៅតែ​បន្ត​បើក​ការស៊ើបអង្កេត​ទៀត បើ​ទោះ​តុលាការ​បាន​យក​ឧបករណ៍​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ទៅ​អស់ហើយ​ក៏ដោយ។ លោក​លើកឡើង​ថា ការសម្រេច​បែបនេះ បញ្ជាក់​ថា តុលាការ​រក​ភស្តុតាង​ដាក់បន្ទុក​លើក​ពួក​គាត់​មិនបាន។

លោក យាង សុ​ធារិ​ន្ទ ប្រាប់​ថា៖ «យើង​ធ្វើការ​ស្ថិតនៅ​ក្នុង​ការ​រឹតត្បិត​ខ្លួនឯង​ខ្លាំង ហើយ​បើ​ផ្លូវចិត្ត​កូន​ប្រពន្ធ​វិញ​ចេះតែ​មាន​ជាប់​រហូត។ កូន​ចេះតែ​សួរ​ដែរ​ពី​បញ្ហា​តុលាការ​ហ្នឹង រហូតដល់​គាត់​ថា បើ​មាន​លុយ​សឹង​ទិញ​សេរីភាព​ហ្នឹង​ទៀត»។

លោក សុ​ធារិ​ន្ទ បន្ត​ថា៖ «ខ្ញុំ​សំណូមពរ​ពេល​ហ្នឹង សូម​ឱ្យ​តុលាការ​ថ្នាក់ក្រោម​លោក​ធ្វើការ​ឱ្យ​បាន​លឿនចំពោះ​បញ្ហា​រឿង​ខ្ញុំ​ហ្នឹង ហើយ​ទី២ ខ្ញុំ​ឃើញថា ក្រសួង​យុត្តិធម៌​តែងតែ​ប្រកាស​ពន្លឿន​នីតិវិធី ធ្វើ​ម៉េច​សំណុំ​ដែល​កប់​ចោល​ឱ្យ​បាន​លឿន​បាន​អីហ្នឹង ខ្ញុំ​គាំទ្រ​អាហ្នឹង សូម​ឱ្យធ្វើ​បាន​ដូច​មាត់​គាត់​និយាយ​ផង ហើយ​កុំ​សើរើ​តែ​សំណុំ​រឿង​ផ្សេង​ៗ សម្រាប់​សំណុំ​ពួក​ខ្ញុំ​ដែល​ជា​រឿង​នយោបាយ​ហ្នឹង កប់​ចោល ហើយ​ចេះតែ​រក្សាទុក​ វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ»។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR អ្នកស្រី ចក់ សុភាព សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការសម្រេច​បែបនេះ​របស់​តុលាការ​កំពូល។ អ្នកស្រី​បន្ត​ថា ការសម្រេច​បែបនេះ បង្ហាញ​ច្បាស់​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់បន្ទុក​លើ​ពួក​គាត់។

អ្នកស្រី ចក់ សុភាព ប្រាប់​ថា៖ «កន្លងមក យើង​សង្ឃឹមថា តុលាការ​គួរតែ​ធ្វើការ​សម្រេច​ជាស្ថាពរ​លើ​ករណីនេះ ដើម្បី​ធានា​ថា ពួក​គាត់​ទាំងពីរ​ទទួល​បាន​នូវ​យុត្តិធម៌ ប៉ុន្តែយើង​ឃើញថា តាំងពី​ដំណាក់​សាលាដំបូង ចុងក្រោយ​តុលាការ​កំពូល នៅតែ​តម្កល់​នូវ​សេចក្ដី​ដែលគេ​ហៅថា ចាត់​របៀបឬបើក​ការស៊ើបអង្កេត​ឡើងវិញ»។

អ្នកស្រី ចក់ សុភាព បន្ត​ថា ការសម្រេច​របស់​តុលាការ​បង្ហាញ​ឱ្យ​ឃើញថា យុត្តិធម៌​នឹង​មិន​ត្រូវ​បាន​ផ្ដល់​ឱ្យ​អ្នក​ទាំងពីរ​នោះ​ទេ ប្រសិនជា​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​ត្រូវ​បាន​យក​មក​ដើម្បី​ប្រឆាំង​នឹង​មតិ​រិះគន់​នោះ។

អ្នកស្រី ចក់ សុភាព ប្រាប់​បន្ត​ថា៖ «វា​ជា​សារ​មួយ​បង្ហាញថា អ្នក​ដែល​មាន​មតិ​ជំទាស់ឬក៏​អ្នក​ដែល​បំពេញ​តួនាទី​ជា​អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ នឹង​ត្រូវ​ប្រឈម​នឹង​ការប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ជា​ការ​ដៅ​មុខសញ្ញា»។

លោក អ៊ួន ឈិន និង​លោក យាង សុ​ធារិ​ន្ទ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ក្រោយមក ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការចោទប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស ហើយ​ក្រោយមក ត្រូវ​បាន​ចោទប្រកាន់​មួយ​ករណី​ទៀត​ពី​បទ​ផលិតនិង​កាន់កាប់​រូបភាព​អាសអាភាស។

អ្នក​ទាំងពីរ​ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ចាប់តាំងពី​ខែសីហា ឆ្នាំ២០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ