មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានឱ្យដឹងថា សិស្សានុសិស្សដល់ទៅជាង៤ម៉ឺននាក់ បានខកការសិក្សាជាបណ្ដោះអាសន្ន បន្ទាប់សាលារៀនរាប់រយកន្លែងត្រូវទឹកជន់លិចនៅក្នុងរយៈពេលជាងកន្លះខែមកនេះ។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ខេត្ត-រាជធានីដល់ទៅ២០របស់កម្ពុជា បានរងទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ចន្លោះពីបង្គួរទៅច្រើនជាបន្តបន្ទាប់ និងទឹកហូរធ្លាក់មកពីប្រទេសជិតខាង។
តួលេខរបស់ គ.ជ.គ.ម. ចេញនៅថ្ងៃនេះ បង្ហាញថា សាលារៀនដល់ទៅ៩៥១កន្លែងនៅទូទាំងប្រទេស បានត្រូវទឹកជន់លិចនៅចន្លោះថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃចន្ទម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់វីអូឌីនៅថ្ងៃនេះថា សាលារៀនដល់ទៅ៤១៨កន្លែងនៅតាមបណ្ដាខេត្ត-រាជធានី ចំនួន១៩នៅទូទាំងប្រទេស ត្រូវទឹកជន់លិច ដែលភាគច្រើនជាសាលារៀនកម្រិតបឋមសិក្សា។
មន្ត្រីអប់រំរូបនេះ បានឱ្យដឹងទៀតថា ទឹកជំនន់ប៉ុន្មានសប្ដាហ៍មកនេះ បង្ខំឱ្យសិស្សានុសិស្សដល់ទៅ៤៤ ០០០នាក់ ត្រូវខកខានការសិក្សារបស់ពួកគេ។
លោក រស់ សុវាចា ប្រាប់ថា៖ «យោងតាមទិន្នន័យរបស់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ភាគច្រើននៃសាលារៀនលិចទឹកនេះ គឺស្ថិតនៅកម្រិតបឋមសិក្សា»។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងផងដែរថា ក្រសួងអប់រំក៏បានផ្ដល់ការណែនាំផងដែរទៅដល់គ្រឹះស្ថានសិក្សាទាំងអស់អំពីវិធានការទប់ស្កាត់និងការពារផលប៉ះពាល់នៃគ្រោះទឹកជំនន់។
លោក សុវាចា ប្រាប់បន្តថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ និងការការពារផលជះនៃគ្រោះទឹកជំនន់នៅតាមគ្រឹះស្ថានសិក្សា»។
មន្ត្រីអប់រំរូបនេះ បានឱ្យដឹងទៀតថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់មូលនិធិសាលារៀន សម្រាប់ជួសជុល និងរៀបចំដំណើរការឡើងវិញនូវសាលារៀនដែលត្រូវទឹកជន់លិច។
តួលេខរបស់ គ.ជ.គ.ម. បានឱ្យដឹងផងដែរថា ទឹកជំនន់បានសម្លាប់មនុស្សដល់ទៅ៤៣នាក់ហើយ ក្នុងនោះករណីស្លាប់ភាគច្រើនរហូតដល់២៦ករណី បានកើតឡើងនៅខេត្តបន្ទាយមានជ័យ ជាខេត្តស្ថិតនៅភាគពាយព្យដែលរងទឹកជំនន់ដោយសារទឹកភ្លៀងផង និងបាក់ទំនប់ស្តុកទឹកអូរខៃខន ស្ថិតនៅក្នុងក្រុងប៉ោយប៉ែតផង។
តួលេខរបស់ស្ថាប័នដដែលនេះ បានឱ្យដឹងទៀតថា ទឹកជំនន់បានប៉ះពាល់ប្រជាពលរដ្ឋដល់ទៅជិត១៥ម៉ឺនគ្រួសារ ឬស្មើនឹងពលរដ្ឋជិត៦០ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋជិត១ម៉ឺន២ពាន់គ្រួសារ ឬស្មើនឹងពលរដ្ឋជិត៥ម៉ឺននាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព៕