លោក​ ហ៊ុន​ សែន​៖​ អា​ វ៉ាន់​ ល្មម​​បាន​​ហើយ កូន​​ប្រពន្ធ​​អ្ហែង​​នៅ​​ភ្នំពេញ​​ទេ​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទី​ក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​នរា និង​ពី​កោះ​នរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចំៗ​ទៅ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដែល​ថា បាន​បញ្ជា​ឱ្យ​មានការ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​កងទ័ព​ចិន​ដែល​ត្រូវ​បាន​រាយការណ៍​ថា មាន​វត្តមាន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ព្រមាន​បែបនេះ​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ដែល​តភ្ជាប់​តំបន់​កោះ​នរា ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ​ស្ថិត​ក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អា វ៉ាន់ អ្ហើយ ​ល្មម​បាន​ហើយ​! ឈប់​បាន​ក៏​ឈប់​ទៅ ​អា វ៉ាន់​! កូន​ប្រពន្ធ​អ្ហែង​នៅ​ភ្នំពេញ​ទេ។ សម្តី​អ្ហែង​បញ្ជា​ នៅក្នុង​ទូ​រសព្ទ​ទាំងអស់។ រឿង​អី​អ្ហែង​មក​បញ្ជា​ឱ្យ​ប្រឆាំង​ទូត​ចិន ប្រឆាំង​វត្តមានយោធា​ចិន។ ពួក​អ្ហែង​ឆ្កួត ប្រយ័ត្ន​ប្រពន្ធ​អ្ហែង​ កូន​អ្ហែង​ ដេក​អត់​សុខ​ទេ កំពុងតែ​ភ័យ។ អ្ហែង​ឈប់​បាន​ ឈប់​ទៅ​!»។

មេដឹកនាំ​រូប​នេះ​ថ្លែង​បន្ត​ថា៖ «អ្ហែងអត់រួចខ្លួនទេ តែអ្ហែងកុំរុញកូនអ្ហែង ប្រពន្ធអ្ហែងឱ្យចូលគុកថែម សូមកុំណា! សង្ឃឹមថា លោកជំទាវ ហូរ វ៉ាន់ [ភរិយា​លោក ហូរ វ៉ាន់​] មិន​ធ្វើជា​អ្នក​បែងចែក​លុយ​សម្រាប់​ក្រុម​ឧទ្ទាម​ក្នុង​ស្រុក​ទេ។ និយាយ​គ្នា​ឱ្យ​ច្បាស់​!»។

ក្នុង​ពិធី​ប្រារព្ធ​ខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​មនុស្ស​មួយ​ក្រុម ​រួម​ទាំង​ភរិយា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្យាយាម​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​បំណង​ដា​ក់ញត្តិទាមទារ​ឱ្យ​ដក​កងទ័ព​ចិន​ចេញពី​កម្ពុជា។ ប៉ុន្តែការ​ព្យាយាម​នោះត្រូវ​បាន​អាជ្ញាធរ​បំបែក ហើយ​មនុស្ស៣នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​សំដៅ​ដល់​អតីតមន្ត្រី​មួយ​រូប​ទៀត​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ដោយ​គ្រាន់តែ​បង្ហើប​ថា ប្រពន្ធ​របស់​គេ​រកស៊ី​ដូរលុយ​នៅក្នុង​រាជធានី។ បន្ថែម​ពីនេះ លោក​ថ្លែង​ថា ការ​បង្ហើប​សារ​ជា​សាធារណៈ​នេះ មិនមែន​មានន័យថា យក​ក្រុម​គ្រួសារ​អ្នក​ទាំងនោះ​ធ្វើជា​ចំណាប់ខ្មាំង​ទេ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ប្រតិកម្ម​ទាំង​មិន​បញ្ចេញ​ឈ្មោះ​ ឱ្យ​ប្រទេស​មហាអំណាច​មួយ​បង្ហាញ​ភស្តុតាង ដែល​បាន​ចោទ​កម្ពុជា​ពី​ការ​លួច​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​មហាអំណាច​ចិន​ដើម្បី​ដាក់​កងទ័ព​លើទឹក​ដី​កម្ពុជា​។

លោក ហូរ វ៉ាន់ ដែល​និរទេស​ខ្លួន​ក្រោយ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ ដោយ​ថា លោក​មិនទាន់​បាន​ស្តាប់​សំឡេង​របស់​នាយក​រដ្ឋមន្ត្រី​នៅឡើយ ហើយ​វី​អូ​ឌី​ក៏​មិន​អាច​ទាក់ទង​ភរិយា​របស់​លោក​បាន​នៅឡើយ​ទេ​ នៅ​ត្រឹម​រសៀល​ថ្ងៃនេះ។

ខ្មែរ​នៅ​ក្រៅប្រទេស ដូចជា​នៅ​សហរដ្ឋអាមេរិក បារាំង និង​នៅ​ប្រទេស​ស្វីស ជាដើម បាន​ធ្វើពិធី​ប្រារព្ធ​ខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តាម​ប្រទេស​ដែល​ពួក​គេ​រស់នៅ ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អតី​តមេ​ដឹ​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី២៥ ខែតុលា​ ថា៖ «កាលពី​ថ្ងៃ២៣ តុលា ២០២០កន្លងទៅ​នេះ ជនជាតិ​ខ្មែរ​មួយ​ក្រុមដែល​រស់នៅ​ប្រទេស​ស្វីស បាន​រៀបចំ​ធ្វើបាតុកម្មនៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​ថ្កោលទោស​នយោបាយ​ឈ្លានពាន​គេឯង និង​វាទីនិយម​របស់​ចិន​កុម្មុយនីស្ត​នៅ​តំបន់​អាស៊ីភាគអាគ្នេយ៍»។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃនេះ​ថា អ្នក​ទាំង៣រូបដែល​សមត្ថ​កិ​ច្ច​ចាប់ខ្លួន​អំឡុង​ព្យាយាម​តវ៉ា​មុ​ខស្ថា​តទូត​ចិន​នោះ ត្រូវ​បាន​ចោទប្រកាន់​ពី​«បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​សម្រេច​ឱ្យ​ឃុំខ្លួន​តាម​នីតិ​វិធី​នៅ​ពន្ធនាគារ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា បទ​ចោទ​នេះ​ដូចជា​ទម្លាប់ ព្រោះ​វា​ដូចគ្នា​ទៅ​នឹង​ករណី​ចោទប្រកាន់​អ្នក​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មុន​ៗ បើ​ទោះបី​ការ​ចាប់ខ្លួន​នោះ វា​កើត​ចេញពី​ការ​តវ៉ា​ដោយសន្តិវិធី តែ​អាជ្ញាធរ​អះអាង​ថា​ជា​វិធានការ​ច្បាប់។

ប៉ុន្តែលោក សំអាត ប្រាប់​ថា បើ​គេ​មើល​ពី​ទិដ្ឋភាព​ច្បាប់ ការចោទប្រកាន់​បាន វា​ទាល់តែ​មាន​ចេតនា​ក្នុង​ការប្រព្រឹត្ត ច្បាប់​ចែង និង​ព្យសនកម្ម​ដែលគេ​ហៅថា​ការខូចខាតឬវិនាសអន្តរាយ​ណាមួយ។

ប៉ុន្តែលោក​ថា ករណី​ចោទប្រកាន់​ទាំង​អស់​មិន​មាន​ព្យសនកម្ម​កើតឡើង​ទេ ដែល​ធ្វើ​ឱ្យ​ក្រុមសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​នៅតែ​មើលឃើញ​ថា​ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋដែលមាន​ចែង​ក្នុង​ច្បាប់​ស្ថិត​ក្នុង​ភាព​រឹត​ត្បិត ធ្វើ​ឱ្យ​ប៉ះ​ពាល​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ។

លោក អំ សំអាត ប្រាប់​ថា៖ «ការចោទប្រកាន់៣នាក់​បន្ថែម​ទៀត​នេះ វា​អាច​នឹង​បន្ថែម​ការ​ព្រួយបារម្ភ ហើយនិង​បន្ថែម​នូវ​ការរិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្សនិង​សិទ្ធិ​ជា​មូលដ្ឋាន»។

អ្នកវិភាគ​សង្គម លោក គឹម សុខ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស មានប្រសាសន៍​ថា សារ​ទម្លាយ​របស់​មេដឹកនាំ​កម្ពុជា អាច​ជា​យុទ្ធសាស្ត្រ​សម្លុត​មុន ដើម្បី​ទប់ស្កាត់​ការ​ងើបឡើង​ណាមួយ ដូច​ការ​ផ្ទុះឡើង​នៅ​ប្រទេស​ថៃ ខណៈ​លោក​ថា ការដឹកនាំ​បច្ចុប្បន្ន​កំពុង​បង្ក​ការឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ធ្ងន់ធ្ងរ។

លោក គឹម សុខ និយាយ​ថា៖ «លោក ហ៊ុន សែន បារម្ភ​ក្រែង​មាន​សិទ្ធិ​ងើប​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​មហាជន​ខែ្មរ​ដូច​នៅ​ប្រទេស​ថៃ ដែល​អាច​ធ្វើ​ឱ្យអំណាច​គ្រួសារ​ ហ៊ុន​ ដល់​ចំនុច​ក្ស័យ ​[…]។ មែនទែន​ទៅ លោក ហ៊ុន សែន គាត់​ប្រុង​ជើងការ​ទប់ស្កាត់ រហូត​ប្រើ​លេស​គ្រោះ​ទឹកជំនន់​ដាក់​ពង្រាយ​កងទ័ព​គ្រប់​ខេត្ត​ទាំងអស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ