មន្ត្រី​​ថា​ រយៈ​ពេល​៩​ខែ​ មន្ត្រី​​ឧទ្យា​នុ​រក្ស​​បង្ក្រាប​​បទ​ល្មើស​​ធនធាន​​ធម្មជាតិ​​ជាង​៦​ពាន់​​ករណី​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន ចុះទស្សនកិច្ច ស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ (ពេជ្រ សុធារី)

​ក្រសួងបរិស្ថានឱ្យ​ដឹង​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ មន្ត្រី​ឧទ្យានុ​រក្សបាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ជិត៦ ៦០០ករណី ក្នុង​នោះ បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ជាង​៤៥០ករណី រួម​នឹង​រឹបអូស​បាន​វត្ថុ​តាង​ជាច្រើន​ទៀត។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី២៦ ខែតុលា នៅ​ទី​ស្តី​ការក្រ​សួង​ថា គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា មន្ត្រី​ឧទ្យានុ​រក្ស​បាន​ចុះ​ល្បាត​ចំនួន១៨ ៧៩៥លើក ក្នុង​នោះ បង្ក្រាប​បទល្មើស​បាន​ចំនួន៦ ៥៩៧ករណី។

លោក​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ​ដែរ មន្ត្រី​ក្រសួងបាន​រឹបអូស​រណារ​យន្ត​ចំនួន៣ ៥១៨គ្រឿង រឹបអូស​រថយន្ត​ចំនួន១៥០គ្រឿង ត្រាក់ទ័រ​ចំនួន៨៦គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន​៨៦៨គ្រឿង ដោះ​អន្ទាក់​បាន​ចំនួន២៩ ៤៨៣អន្ទាក់ ដកហូត​កាំភ្លើង​កែច្នៃ​ចំនួន៦៣៧គ្រឿង និង​ដកហូត​ម៉ូតូ​បាន​ចំនួន៥៣៣គ្រឿង។

លោក​ នេត្រ ភក្ត្រា បាន​បន្ថែម​ថា ក្រៅពីនោះ មន្ត្រី​រឹបអូស​ឈើ​បាន​ចំនួន២ ៦២០ម៉ែត្រគូប និង​បានឱ្យ​ធ្វើ​កិច្ចសន្យា និង​អប់រំ​ដល់​ជនល្មើស​កម្រិត​ស្រាល​ចំនួន២ ០៦២ករណី ពិន័យ​អន្តរការណ៍​ចំនួន៧៣៤ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន៤៥៤ករណី។ 

បើ​តាម​មន្ត្រី​រូប​នេះ ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គោលនយោបាយ​កែទម្រង់​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ បច្ចុប្បន្ន កម្ពុជា​មាន​តំបន់ការពារធម្មជាតិ​ចំនួន៦៨តំបន់ លើ​ផ្ទៃដី​ប្រមាណ​៧,៣លាន​ហិ​កតា នៅ​ខេត្ត​ចំនួន២០ ឬស្មើនឹង៤១​%នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ មន្ត្រី​ឧទ្យានុ​រក្ស​ចំនួន១ ២៤០នាក់ កំពុង​ឈរជើង​ការពារ​នៅក្នុង​តំបន់ការពារធម្មជាតិនិង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ