អ្នក​កាសែត​និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​​មនុស្ស​​រង​ការ​គំរាម​មិន​ឱ្យ​ថត​រូប​អំឡុង​មាន​ការ​ប្រមូល​ផ្តុំ​

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

អភិបាលរងក្រុងភ្នំពេញម្នាក់ ស្ថិតក្នុងចំណោមក្រុមសមត្ថកិច្ចចម្រុះដែលបានរារាំងក្រុម​អ្នកសារព័ត៌មាននិងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដោយគំរាមដកយកម៉ាស៊ីន​ថត​រូបនិងទូរសព្ទរបស់ពួកគេ ក្នុងអំឡុងការប្រមូលផ្តុំតវ៉ាតូចមួយនៅ​មុខស្ថានទូតចិនប្រចាំ​រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃសុក្រ។ ស្ថាប័នតស៊ូមតិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចាត់ទុកសកម្មភាពរបស់អាជ្ញាធរ គឺជាការគំរាមកំហែ​ង​ដែលមិនអាចទទួលយកបាន។

កាលពីព្រឹកថ្ងៃសុក្រ​កាល​ពី​សប្ដាហ៍​មុន អ្នកតវ៉ាចំនួន៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ខណៈពួកគេកំពុងប្រមូលផ្តុំគ្នារំឭកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់ជម្លោះច្រើនឆ្នាំ និងកំណត់ឱ្យកម្ពុជាប្រើរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្រុមអ្នកតវ៉ាដែលមានគ្នាប្រមាណ១៥នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងទៅនឹងអ្វីដែលពួកគេថា រដ្ឋាភិបាលមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរំលោភលើគោលការណ៍​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃចន្ទនេះថា អ្នកតវ៉ា៣នាក់ រួមមាន ​អ្នកស្រី លឹ​ម សាន អាយុ៥៧ឆ្នាំ លោក សុន និមល អាយុ៤០ឆ្នាំ និងអ្នកស្រី យ៉យ ស្រីមុំ អាយុ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនយកទៅសួរនាំ បន្ទាប់មកត្រូវបានចោទប្រកាន់ពីបទញុះញង់​ប​ង្កឱ្យ​មានច​លា​ចលក្នុងសង្គម ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

គណបក្សសង្គ្រោះជាតិ គឺ​ជាបក្សប្រឆាំងធំ​ជាងគេ​នៅកម្ពុជាដែល​ត្រូវបានរំលាយដោយសាលក្រមតុលាការកំពូលនៅឆ្នាំ២០​១៧ ខណៈមានការបង្ក្រាបទៅលើក្រុមសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយនាំឱ្យគណបក្សប្រជាជន​កម្ពុជា​ដែលកំពុងកាន់​អំណាច ច្បាមយកអាសនៈទាំង១២៥នៅ​ក្នុងរដ្ឋសភា ​នៅឆ្នាំ២០១៨។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២០​នេះ សកម្មជន អ្នកគាំទ្របក្សប្រឆាំង និងមនុស្សដទៃទៀតជិត៥០នាក់ ត្រូវបានចាប់ខ្លួនជុំវិញការចូលរួមរបស់ពួកគេ ក្នុងសកម្មភាពប្រមូលផ្តុំគ្នាតវ៉ា បញ្ចេញមតិតាមប្រព័ន្ធអនឡាញ និងក្នុងបញ្ហាផ្សេងៗ។

បើតាមអ្នកយកព័ត៌មានស្ថិត​នៅ​កន្លែង​កើត​ហេតុ ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រហែល៨និង​១៥​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នោះ បុ​រសម្នាក់​ស្ថិត​ក្នុងឯក​សណ្ឋាន​សន្តិសុខ បាន​​ទះ​ទម្លាក់​ទូរសព្ទ​បុរស​ម្នាក់​ ខណៈ​ដែល​បុរស​នោះ​កាន់​ទូរសព្ទ​​ថត​ទិដ្ឋភាព​នៃ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​នោះ។ ៣០នាទីក្រោយមក ក្រុមមន្រ្តីស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល បានប​ញ្ជា​ទៅអ្នកយកព័ត៌មានពីរ​បី​នាក់ឱ្យបញ្ឈប់ស​កម្មភាពថតរូបជាបន្ទាន់។

នៅម៉ោងប្រមាណ៨និង៣០នាទី គេ​បាន​ផ្ដិត​យក​ទិដ្ឋភាព​អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដែល​បាន​បង្ខំ​ឱ្យ​អ្នក​កាសែត​ម្នាក់​នៅ​កាសែត ​ខ្មែរថាមស៍ ប្រគល់​ម៉ាស៊ីន​ថត​របស់​គេ ខណៈមន្រ្តីម្នាក់ឈរក្បែរលោក បាន​ដកខ្សែម៉ាស៊ីន​ថត​​ពី​​​អ្នកកាសែតរូបនោះ។ បន្ទាប់មក លោក ចាន់យ៉ាដា បានងាកមករក​​អ្នកយកព័ត៌មានបរទេសម្នាក់របស់ VOD ដែលកំពុងឈ​​រកាន់ទូរសព្ទដៃថតសកម្មភាពនោះ ហើយលោកបានស្រែកគំហកជាភាសាអង់គ្លេសក្នុងន័យថា «ឱ្យទូរសព្ទមកខ្ញុំមក» រួចក៏រុញអ្នកយកព័ត៌មានរូបនោះទៅចិញ្ចើមផ្លូវ។

(Matt Surrusco/VOD)

នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CCHR លោកស្រី ចក់ សុភាព ឱ្យដឹងថា ​មន្រ្តីសន្តិសុខខណ្ឌបានគំ​រា​មកំហែងមន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្សរបស់ស្ថាប័នលោកស្រី២រូប ខណៈពួកគេកំពុងធ្វើការ។

លោកស្រី ចក់ សុភាព ប្រាប់ថា៖ «នៅពេលដែលក្រុមការងារយើងព្យាយាមថតរូបសកម្មភាពនៃការបង្ក្រាបលើការជួបជុំហ្នឹង គឺខាងអាជ្ញាធរ [កងសន្តិសុខខណ្ឌ] ដេញមិនឱ្យយើងនៅទីហ្នឹងទេ ហើយគំរាមថា បើយើងនៅតែបន្ត [ថត] គាត់អាចនឹងដកហូតទូរសព្ទអ៊ីចឹង»

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់សម្ព័ន្ធអ្នកកាសែតកម្ពុជា ហៅកាត់ ខេមបូចា (CamboJA) និងមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែលជាស្ថាប័ន​គ្រប់​គ្រង​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ VOD បានលើកឡើងថា យ៉ាងហោចមានអ្នកកាសែត៦នាក់បានរងការគំរាមអំឡុងព្រឹត្តិ​ការ​ណ៍​ប្រមូលផ្តុំតវ៉ា។

ប្រភពដដែលបន្ថែមថា អ្នកកាសែតទាំងនោះត្រូវបានក្រុមសមត្ថកិច្ចប្រាប់ឱ្យឈប់ថតរូបនិងថតវីដេអូផ្សាយផ្ទាល់អំពីហេតុការ​ណ៍ដែលកំពុងកើតឡើង ហើយគំរាមថា បើនៅតែបន្តរឹងទទឹងទៀត ពួកគេនឹងដកហូតម៉ាស៊ីន​ថតឬទូរសព្ទ។

អ្នកកាសែតមកពីសារព័ត៌មាន ThmeyThmey លោក Gerry Flynn និយាយថា គាត់បានចុះទៅយកព័ត៌មានសម្រាប់ស្ថាប័នរបស់លោកនៅថ្ងៃសុក្រនោះដែរ ហើយ​ត្រូវ​គេ​រុញ​មិន​ឱ្យអង្កេត​មើល​អ្នក​តវ៉ា​ទេ នៅ​ពេល​នោះមានវិទ្យុទាក់​ទងមួយ​បុកចំមុខ​លោក។

លោក Gerry Flynn បន្ថែមថា ពេលគាត់បែរមក ក៏មានសន្តិសុខម្នាក់បានស្រែកគំហកដាក់គាត់។ លោកបន្តថា មន្ត្រី​ឃ្លាំ​មើល​ម្នាក់​របស់​អង្គការសហប្រជាជាតិបានជួយអន្តរាគមន៍ ហើយបកប្រែឱ្យគាត់ថា សន្តិសុខម្នាក់នោះបានស្រែកគំហកដាក់គាត់ថា «យកល្អប្រយ័ត្នខ្លួនទៅ ព្រោះលោកនៅលើដី​កម្ពុជា»

លោក Flynn ប្រាប់ឱ្យដឹងទៀតថា មានអ្នកថតរូបឯករាជ្យម្នាក់ដែលនៅជាមួយគាត់ ត្រូវបានគេចាប់កាណុងម៉ាស៊ីន​ថត​របស់រូបគេ ដើម្បីកុំឱ្យគេអាចបន្តថតបាន ហើយក្រុមអាជ្ញាធរបានព្យាយាមឆែកឆេរក្នុងកាបូបរបស់អ្នកថតរូបម្នាក់នោះ។

អ្នកយកព័ត៌មានពី VOD កញ្ញា​ ខាន់ លក្ខិណា និយាយថា កញ្ញាបានឃើញស្រ្តីអ្នកតវ៉ាម្នាក់ដួលនៅចិញ្ចើមផ្លូវម្ខាង ដោយមា​នកងសន្តិសុខប្រមាណជិត១០នាក់តាមពីក្រោយ រួចកញ្ញាក៏ទាញទូរសព្ទចេញដើម្បីផ្តិតយកហេតុការណ៍នោះ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលនិងសន្តិសុខ៣ទៅ៤នាក់ដើរសំដៅមករកកញ្ញា។

កញ្ញា លក្ខិណា ប្រាប់ថា៖ «គ្នាច្រើនមក ឆ្លងពីផ្លូវម្ខាងទៀតមករកយើងតែម្តង ហើយសួរយើងថា យើងថតអីៗអ៊ីចឹង ទូរសព្ទថតអីៗ? និយាយទៅ គាត់ចង់បានទូរសព្ទយើង នៅពេលដែលខ្ញុំលើកទូរសព្ទខ្ញុំថតរូប»

អ្នកយកព័ត៌មាន VOD ម្នាក់ទៀត លោក ម៉ិច ដារ៉ា និយាយថា គាត់និងអ្នកយកព័ត៌មានមួយចំនួនទៀត រាប់ទាំងអ្នកកាសែតពី​សារព័ត៌មានអង់គ្លេស Reuters ម្នាក់ ត្រូវបានអាជ្ញាធររារាំងនិងបញ្ជាឱ្យបញ្ឈប់សកម្មភាពផ្តិតយករូបថតជាច្រើនលើកច្រើនសារ។

អ្នកនាំពាក្យឱ្យសារព័ត៌មាន Reuters ប្រចាំតំបន់អាស៊ីម្នាក់ បានបដិសេធផ្តល់ការអត្ថាធិប្បាយ។ កាសែត ​ខ្មែរ​ថាមស៍ មិនបានឆ្លើយតបនឹងសំណួរតាមអ៊ីម៉ែល​ទេ។ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏មិនបានឆ្លើយតបនឹងសំណួរ​ផង​ដែរ។

លោកអភិបាលរងរាជធានី​ភ្នំពេញ លោក មាស​ ចាន់យ៉ាដា នៅថ្ងៃសៅរ៍​កន្លង​មក​នេះ បានបដិសេធថា លោកបាន​ដឹងពី​ហេតុការណ៍​កើតឡើងនៅមុខស្ថា​នទូតចិន ហើយលោកបង្វែរសំណួរទៅអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់ថា លោកមិនបានដឹងព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃសុក្រនោះទេ និងមិនបានឆ្លើយតបសំណួរអំពីការពាក់ព័ន្ធផ្ទាល់របស់លោកអភិបាលរង លោក ចាន់យ៉ាដា ក្នុងហេតុការណ៍រារាំងនោះដែរ។

លោក​ មាសភក្តី ប្រាប់ថា៖ «ជាទូទៅ ដូចជាមិនមានទេ ព្រោះបងប្អូនអ្នកសារព័ត៌មានរបស់យើងលោកមានសិទ្ធិនិងលទ្ធភាពក្នុងការផ្តិត​យករូបភាព ប្រសិនបើមិនប៉ះពាល់ដល់កិច្ចការរបស់អាជ្ញាធរ នាំឱ្យមានការរាំងស្ទះក្នុងការធ្វើកិច្ចការអី។ នេះខ្ញុំនិយាយជាទូទៅទេ»។

នាយក​ប្រព័ន្ធផ្សព្វផ្សាយនៃ​ស្ថាប័ន CCIM លោក អ៊ិត សូធឿត និយាយ​ថា៖ «ការគំរាមកំហែងនេះ នឹងកាន់តែដាក់សម្ពាធនិងរឹតត្បិតដល់សេរីភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ក្នុងការអនុវត្តវិជ្ជាជីវៈរបស់ពួកគេដែលត្រូវបានធានាដោយច្បាប់ជាតិនិងអន្តរជាតិ»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកកាសែតកម្ពុជា លោក ណុប វី និយាយថា ទង្វើ​របស់ក្រុមសមត្ថកិច្ច គឺ«មិនអាចទទួលយកបានទេ»

លោក ណុប វី និយាយថា៖ «នេះជាសញ្ញាគំរាមកំហែងដែលមិនអាចទទួលយកបាន នៅពេលដែលអ្នកសារព័ត៌មានកំពុងបំពេញវិជ្ជាជីវៈ​របស់ពួកគេ។ អាជ្ញាធរហាក់ចាត់ទុកថា អ្នកសារព័ត៌មានគឺជាអ្នកឃ្លាំមើលយ៉ាងសំខាន់ដែលអាចធ្វើឱ្យពួកគេពិបាកបង្រ្កាបលើក្រុមអ្នកតវ៉ា»

យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ការគំរាមកំហែង​ដោយប្រើសកម្មភាពឬការប៉ុនប៉ងយកទ្រព្យសម្បត្តិនរណាម្នាក់តាមរយៈកា​រប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង ឬការបង្ខិតបង្ខំ អាចនឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារចាប់​ពី២ទៅ​៥ឆ្នាំ៕

បកប្រែនិងកែសម្រួលពីអត្ថបទដើមភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ