រដ្ឋាភិបាលស្នើកែសម្រួលផ្ទៃជាង៣០០ហិកតាធ្វើអភិវឌ្ឍន៍ក្រុងរណប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅប្រមុខរដ្ឋស្តីទី​កែសម្រួលដីនៅព្រំប្រទល់រវាងរាជធានី និងខេត្តកណ្តាល​ដោយកាត់យកផ្ទៃដីទំហំជាង៣០០ហិកតាដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងរណប។

ក្នុងលិខិតរបស់រដ្ឋាភិបាលចុះហត្ថលេខាដោយលោក ហ៊ុន សែន ផ្ញើទៅប្រមុខស្តីទី លោក សាយ ឈុំ កាលពីថ្ងៃ១៣ ខែតុលាថា សំណើនេះធ្វើឡើង ដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេ សម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក រួមទាំងជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ។

លិខិតដដែលបញ្ជាក់ថា ផ្អែកលើរបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាពលរដ្ឋ និងការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ការស្នើសុំកែសម្រួលនូវទំហំ៣០២ហិកតា (៩៣៩១ម៉ែត្រការ៉េ) ដោយកាត់យកភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី, ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជីនៃសង្កាត់ព្រែកហូរ និងសង្កាត់ចំនួន៤ទៀត ស្មើនឹង៥ភូមិ ដែលមានលំនៅឋានសរុប១៣៩ខ្នងផ្ទះ ស្មើនឹង១៧៧គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋសរុប៧៥៣នាក់។

បន្ថែមពីនេះ រដ្ឋាភិបាលក៏ស្នើសុំកាត់ផ្ទៃដីទំហំ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលវិញ ដើម្បីឱ្យផ្ទៃដីវត្តទាំងមូល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួលចុះបញ្ជីវិញ្ញាបនបត្រម្ចាស់សម្គាល់អចលនវត្ថុជូនវត្ត។

យោងតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា៦ វាក្យខណ្ឌទី១ បានចែងថា «ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ