រដ្ឋាភិបាល​កាត់​ផ្ទៃបឹង​តាមោក​ជាង​១០​ហិកតា​បន្ថែម​ទៀត​ឱ្យ​ក្រុម​ហ៊ុន​ឯកជន

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាល​បាន​កាត់​ដី​បឹង​តាមោក​ជាង​១០​ហិកតា​បន្ថែម​ទៀត​ទៅ​ឱ្យ​លោក​ស្រី ជា សុផាម៉ាដែន ដែល​ធ្វើ​ឱ្យ​ផ្ទៃ​បឹង​ដែល​កាត់​ឱ្យ​ទាំង​ឯកជន និង​រដ្ឋ​នៅពេល​នេះកើនឡើងទំហំជិត៦០០ហិកតា។​

ក្នុង​អនុក្រឹត្យ​ចុះកាល​ពី​​ថ្ងៃ​១៧ខែ មិថុនា ដែលវីអូឌី​​ទើប​នៅ​សប្ដាហ៍​នេះ លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ ក្រសួង​ដែន​ដី ក៏ដូច​ជាអាជ្ញាធរ​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​អនុវត្តន៍​អនុក្រឹត្យប្រគល់ដីឱ្យលោកស្រី ជា សុផាម៉ាដែន​នេះ​ភ្លាម​ៗ​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​លោក​ស្រី ជា សុផាម៉ាដែន គឺ​ជា​ប្រធាន​ក្រុម​ហ៊ុន​ The Park Development ដែល​មាន​ទី​តាំង​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា​រាល់​ការ​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទាំង​អស់​រដ្ឋាភិបាល​ត្រូវ​តែ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ពី​តម្លៃ​ដែល​រដ្ឋលក់​ឱ្យ​ឯកជន ហើយ​គោល​ដៅ​នៃ​ការ​ផ្ដល់​ឱ្យ​នោះ​ផង​ដែរ។

លោក​ថ្លែង​ថា៖ « រឿង​ដែល​សំខាន់​គឺ​តម្លាភាព និង​គណនេយ្យ​ភាព ពេល​ដែល​ផ្ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ទៅ​ឱ្យ​បុគ្គល​ឯកជន ឬ​ក្រុម​ហ៊ុន​ឯកជន។ គ្រប់​ព័ត៌មាន​ត្រូវ​តែ​បើក​ចំហ​ និង​អាច​រក​បាន​យ៉ាង​ទូលំទូលាយ។ […] ជា​ធម្មតា​យើង​បាន​ដឹង​ត្រឹម​តែ​ឈ្មោះ​របស់​ក្រុម​ហ៊ុន ហើយ​មិន​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​ក្រុម​ហ៊ុន​ហ្នឹង​ផង » ។

លោក​បន្ថែម​ថា​ បញ្ហា​លុប​បឹង​នៅ​ភ្នំពេញ​កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​បារម្ភ​ជា​ខ្លាំង​ដោយ​សារ​កង្វះ​តម្លាភាព​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​សង្ស័យ​ថា​មាន​ការ​ឃុប​ឃិត​គ្នា​ក្នុង​រឿង​នេះ។

លោក​បន្ថែម​ថា៖ « ប្រសិន​ជា​យើង​លុប​បឹង​តាមោក​អស់​វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​កាន់ខ្លាំង » ។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថាលោក​មិន​បាន​ដឹងថា​រដ្ឋ​មាន​ការ​ដោះ​ដូរ​អ្វី​ជា​ក្រុម​ហ៊ុន​ឯក​ជន​ជា​មួយ​ដី​​មួយ​កន្លែង​នេះ​ឡើយ​។

លោក​ថា៖ « វា​អាច​ជា​ការ​ដោះ​ដូរខ្ញុំ​មិន​ដឹង​ តែ​ពេល​ខ្លះ​រដ្ឋ​ត្រូវ​ការ​ដី​នៅ​កន្លែង​ល្អ​ហើយ​យើង​អាច​ដោះដូរ​បាន​ » ។

លោក​បន្ថែមថា​ ជា​ឧទាហរណ៍​ថា​នៅ​ភាគ​ខាង​ត្បូង​បឹង​ទំពុន​​ដែល​ត្រូវបាន​ចាក់​បំពេញ​គឺ​ត្រូវ​បាន​ដោះដូរ​ជា​មួយ​លុយ​សម្រាប់​កសាង​ប្រព័ន្ធ​លូ​សម្រាប់​រំដោះ​ទឹក​ក្នុង​ទីក្រុង។

លោក​ថា៖ « ពេល​ខ្លះ​រដ្ឋ​ផ្ដល់​ដី​តែ​រដ្ឋ​ទទួល​ប្រយោជន៍​ដែល​ទទួល​បាន​មក​វិញ » ។

លោកបានបន្ថែមថា ក្រសួងពាក់​ព័ន្ធ​បានពិភាក្សារួចហើយអំពីផលប៉ះពាល់បរិស្ថានដែលអាចកើតមានដោយសារការលិចលង់បឹងនៅក្នុងរាជធានីភ្នំពេញ។ លោកបាននិយាយថាទឹកជំនន់ក្នុង​ទីក្រុង គឺ​កើត​មាន​ដោយ​សារ​ប្រព័ន្ធ​លូ​បង្ហូរទឹកមិនមែនមក​ពី​ការ​លុប​បឹងនោះ​ទេ។

ទាក់ទង​នឹង​សំណួរ​អំពី​កង្វះ​តម្លាភាព​ក្នុង​ការ​ផ្ដល់​ដី​នេះ​លោក​ផៃ ស៊ីផាន ថា​គ្រប់​ដំណើរ​ការ​នៃ​ការ​ផ្ដល់​ឱ្យ​ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​តម្លាភាព​គ្រប់​គ្រាន់។

លោក​ថា៖ « ខ្ញុំ​បាន​ឮពី​ព័ត៌មាន​ដែរ​ តែ​យើង​មិន​មាន​ភស្ភុតា​ច្បាស់​លាស់​។ ហើយ​ប្រសិន​ជា​មាន​ភស្ភុតាង​ច្បាស់​លាស់​តុលាការ​នឹង​ចាត់​ការ​ហើយ » ។ 

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃ​បឹង​តាមោក ជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុក​ទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។ ​

ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកសរុបជាង ៥៨០​​ហិក​តា ទៅ​ឱ្យស្ថាប័នរដ្ឋ និង​​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារ និង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត​ កាលពី​ថ្ងៃទី២៦ ខែ​ធ្នូ​ ឆ្នាំ២០១៩ បង្ហាញ​​ថា បឹង​​ធម្មជាតិ​ទាំងអស់​ ​នៅ​រាជធានី​ភ្នំពេញ ​កំពុង​ប្រឈម​នឹង​ការចាក់​ដី​លុប​អស់​ទាំង​ស្រុង។

របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន​១៦ ហើយត្រូវ​បាន​ចាក់​ដី​លុប​​ទាំងស្រុង ខណៈ​បឹង​ចំនួន ១០​ទៀត ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ៕

អត្ថបទដោយ ម៉ិច ដារ៉ា និង ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ