តំណាង​​ពលរដ្ឋ​១០​នាក់​​មាន​​ជម្លោះ​ដីធ្លី​​ជា​មួយ​​ឧកញ៉ា​​នៅ​​កោះកុង​​ សុំ​​ពន្យារ​​ចូល​​បំភ្លឺ​​នៅ​​តុលាការ​

ពលរដ្ឋជាប់បណ្ដឹងជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឈរកាន់លិខិតកោះហៅរបស់តុលាការពាក់ព័ន្ធទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ។ (ផ្ដល់ឱ្យ)

​ពលរដ្ឋ១០នាក់​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័រ គ្រុប ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​សុំ​ពន្យារពេល​ចូល​បំភ្លឺ​ចំពោះមុខ​តុលាការ ដោយសារ​អវត្តមាន​មេធាវី​ការពារ​ក្តី​របស់​ពួក​គេ។

កាល​ពីថ្ងៃទី២៩ ខែកញ្ញា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង លោក ឡោ ក្រឹម បាន​បង្គាប់​ឱ្យ​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី១០នាក់​ ចូល​បំភ្លឺ​នៅ​ថ្ងៃទី២០ និង​ថ្ងៃទី២៧ ខែតុលា ទៅ​តាម​បណ្តឹ​ងរ​បស់​លោក ហេង ហ៊ុយ ដែល​ចោទប្រកាន់​ពី​បទ ​«បរិហារ​កេរិ៍្តជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ប៉ុន្តែតំណាង​ពលរដ្ឋ​ទាំង១០នាក់​នោះ បាន​ដាក់ពាក្យសុំ​ពន្យារពេល​ចូល​បំភ្លឺ​ជាបន្តបន្ទាប់។

អ្នកស្រី ដេត ហួរ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ និង​កំពុង​រង​បណ្តឹង​ដែរ​នោះ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍នេះ​ថា កាលពី​ថ្ងៃទី១៥ ខែតុលា ពួក​គាត់​ទាំង១០នាក់ បាន​ដាក់ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​រហូត​ទៅដល់​ខែវិច្ឆិកា ដោយសារ​មេធាវី​ការពារ​ក្តី​ជាប់រវល់។

តំណាង​ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា ករណី​តុលាការ​កោះហៅ​ពួក​គាត់​ឱ្យ​ចូល​បំភ្លឺ​ ជា​រឿង​អយុត្តិធម៌​បំផុត ​ដោយសារ​ពួក​គាត់​ត្រូវ​បាន​ឧកញ៉ា​រំលោភ​យក​ដីធ្លី​ហើយ ថែមទាំងត្រូវ​បាន​គេ​ប្តឹង​ទៅ​តុលាការ​ថែមទៀត។

អ្នកស្រី ដេត ហួរ ប្រាប់​ថា៖ «ឱ្យ​តែ​មាន​ប្រជាពលរដ្ឋ​ឡើង​ទៅ​តវ៉ា​ដីធ្លី គឺ​គេដាក់​ពាក្យចោទ​ប្រកាន់​គាត់​ថា គាត់​ជា​អ្នក​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សង្គម។ ចុះ​ចំណែក ហេង ហ៊ុយ ប្លន់​ដី​ប្រជាពលរដ្ឋ​ទាំង​រស់​ទាំង​ភូមិ​ហ្នឹង អត់​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ទេឬយ៉ាងម៉េច។ លោក ហេង ហ៊ុយ គឺជា​ចោរ​ពិតប្រាកដ បាន​ប្លន់​ដី​ពលរដ្ឋ មិន​គួរ​ចោទប្រកាន់​ពលរដ្ឋ​ទេ។ បើ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​រួចស្រេច គឺ​ពួក​គាត់​មិន​ឡើង​មក​តវ៉ា​ទេ»។

តំណាង​ពលរដ្ឋ​ម្នាក់ទៀត​ លោក ឆាន់ ឈឿន ដែល​រង​បណ្តឹង​ដែរនោះ និយាយ​ថា ករណី​តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ចូល​បំភ្លឺ​នេះ គឺជា​ការ​គំរាមកំហែង​បំបាក់ស្មារតី​ពលរដ្ឋ​មិន​ឱ្យ​ហ៊ាន​ចេញ​តវ៉ា​ទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ​អំពាវនាវ​ទៅ​តុលាការឱ្យចាត់ការនិង​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​ពួក​គាត់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​។

លោក ឆាន់ ឈឿន និយាយ​ថា៖ «ខ្ញុំ​មិនឈប់​តវ៉ា​ទេ ទោះ​មានការ​គំរាមកំហែងឬមានការ​ចាប់ខ្លួន​យ៉ាងណាក៏ដោយ ពីព្រោះ​ពួក​ខ្ញុំ​បាន​រងគ្រោះនិង​បាត់បង់​ដីធ្លី​ពិតប្រាកដ​មែន ហើយ​តុលាការ​ចុះ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ផង»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកោះកុង លោក អ៊ិ​ន សុវណ្ណ​ធានី និង​លោក ហេង ហ៊ុយ បានទេ​ពាក់ព័ន្ធ​ករណីនេះ។

អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូ​ថង ប្រាប់​ថា អាជ្ញាធរ​មិន​អាច​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ក្រុម​ពលរដ្ឋ១៩៧គ្រួសារ​នោះ​បានទេ។ អ្នកស្រី​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​ទាមទារ​នោះ គឺជា​ដី​មានកម្ម​សិទ្ធិ​ដែល​លោក ហេង ហ៊ុយ ជា​ម្ចាស់ និង​ម្យ៉ាងទៀត​ក្រសួង​រៀបចំ​ដែនដី បាន​ចេញ​លិខិត​ជាច្រើន​ដង​ហើយ ​បដិ​សេ​ធមិ​នដោះ​ស្រាយ​ជូន​ពលរដ្ឋ​ទាំងនោះ។

អ្នកស្រី មិថុនា ភូ​ថង ប្រាប់​ថា៖ «ករណីនេះ ខ្ញុំ​មិន​អាច​ដោះស្រាយ​បានទេ ពីព្រោះ​មានការ​បដិសេធ​មិន​ដោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី​រួច​ទៅ​ហើយ ប៉ុន្តែយើង​បាន​ព្យាយាម​ពន្យល់​ពលរដ្ឋ​ឱ្យពួក​គាត់​យល់​អំពី​ការ​បដិសេធ​នេះ ហើយ​អាជ្ញាធរ​ខេត្ត​យើង​នឹង​ខិតខំ​ពន្យល់​បន្ថែម​ទៀត​ពាក់ព័ន្ធ​បញ្ហា​ផ្លូវច្បាប់»។

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន យល់ថា ករណី​ប្តឹង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទៅ​តុលាការ​នេះ វា​គឺជា​ការ​គំរាមកំហែង​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​តវ៉ា។ លោក​បន្ត​ថា ការដែល​យក​ប្រព័ន្ធ​តុលាការ​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​បែបនេះ​វា​មិន​អាច​ដោះស្រាយ​បាន និង​មិន​អាច​បញ្ឈប់​ឱ្យប្រជាពលរដ្ឋ​ឈប់​តវ៉ា​នោះ​ទេ។

លោក ហ៊ួរ អ៊ី​ន ប្រាប់​ថា៖ «អ៊ីចឹង​ដំណោះស្រាយ​ដែល​ល្អ គឺ​អាជ្ញាធរ​ខេត្តនិង​ក្រសួង​ដែនដី សូម​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​សិន។ តើ​ប្រជាពលរដ្ឋ​មាន​ដី​ពិតមែនឬក៏​អត់​? ហើយ​បើ​ចោទ​ថា ប្រជាពលរដ្ឋ​ពិតជា​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ហើយ តើ​សំណង​នោះ​ទទួល​បាន​ដោយស្ម័គ្រចិត្ត​ទេ​? មានការ​បង្ខិតបង្ខំ មានការ​គំរាមកំហែង​ទេ​ ក្នុង​ការ​ទទួលយក​ហ្នឹង​? អ៊ីចឹង​សូម​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​សិន​ មុន​ធ្វើការ​បដិសេធឬក៏​ធ្វើការ​ច្រានចោល​មិន​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួក​គាត់»។

ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៩មក ពលរដ្ឋ១៩៧គ្រួសារ​មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក​តាំងពី​ឆ្នាំ២០០៧។

ប៉ុន្តែត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​បដិសេធ​មិន​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ចំនួន៣ដង​ហើយ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ក្រសួង​ថា បាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះឡើង​មក​តវ៉ា​ទៀតផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ