លោក​ ប្រា​យុទ្ធ​ ស្វាគមន៍​​ចរចា​​ជាមួយ​​ក្រុម​​យុវជន​

​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងឆ្លើយតបទៅក្រុមយុវជនដែលធ្វើការតវ៉ា។ (ហ្វេសប៊ុក៖ ประยุทธ์ จันทร์โอชา Prayut Chan-o-cha)

​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ​ថ្លែង​ថា បាតុករ​ជា​ក្រុម​យុវជន​សិស្ស​-និស្សិត​តវ៉ា​នោះ ​ធ្វើឡើង​ក្នុង​ចេតនា​ល្អ ហើយ​លោក​ប្រកាស​បើកចំហ​ការ​ជួប​ចរចា​ជាមួយ​ក្រុម​យុវជន​ទាំងនោះ​ដើម្បី​ដោះស្រាយ​បញ្ហា។

លោក ​ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ ​ដោយ​លុបចោល​ច្បាប់​ដាក់​ទីក្រុង​បាងកក​ក្នុង​គ្រា​មាន​អាសន្ន ហើយ​អំពាវនាវ​ឱ្យ​មានការ​ជួប​ចរចា​រវាង​ក្រុម​យុវជននិង​ភា​គី​ផ្សេង​ៗទៀត។ លោក​បញ្ជាក់​ថា ការ​ធ្វើបែប​នេះអាច​បន្ធូរ​ភាព​តានតឹង ហើយ​លោក​នឹង​ស្តាប់​មតិយោបល់​ពី​គ្រប់​ភាគី។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា ការសម្រេច​ចិត្ត​ប្រកាស​ឱ្យ​មានការ​ជួប​ចរចា​ជាមួយ​គ្រប់​ភាគី​នៅពេល​នេះ ដោយសារតែ​លោក​មើលឃើញ​ថា ចលនា​តវ៉ា​របស់​ក្រុម​សិស្ស​-និស្សិត​នេះ ​គឺ​ធ្វើឡើង​នៅក្នុង​ចេតនា​ល្អ។

ការ​សម្រុក​តវ៉ា​មិន​ដកថយ​របស់​ក្រុម​យុវជន​ក្នុងរយៈពេល៣ខែ​នេះ​ ក្រុម​យុវជន​ទាមទារ​ឱ្យ​បន្ថយអំណាច​ព្រះមហាក្សត្រ សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ និងទាមទារ​ឱ្យ​លោក ​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង ហើយ​រៀបចំ​ការបោះឆ្នោត​សារ​ជាថ្មី។

លោក​ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​រៀបចំ​ប្រឆាំង​ជាមួយ​ក្រុម​យុវជន​ដែល​នាំគ្នា​តវ៉ា​នោះ ​ឱ្យ​ពិនិត្យនិង​បន្ធូរបន្ថយ​តាម​ស្ថានភាព​ជាក់ស្តែង។ លោ​កក៏បាន​លើកឡើង​ទៀតថា ​បញ្ហា​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​ទាំងអស់ សមាជិកសភានឹង​បើ​កការប្រជុំ​នៅ​ថ្ងៃទី២៧ និង២៨ ខែតុលា​ខាងមុខនេះ។

កាលពី​ថ្ងៃទី១៦ ខែតុលា លោក​ ប្រា​យុទ្ធ​ ចាន់អូ​ចា បញ្ជាក់​ជំហរ​ថា លោក​មិន​ចុះចេញ​តាម​ការ​ទាមទារ​នោះ​ទេ ព្រោះ​លោក​មិនបាន​ធ្វើអ្វី​ខុស ហើយ​លោក​ព្រមាន​ប្រើ​ច្បាប់​ដើម្បី​ចាត់វិធានការ​លើ​អ្នក​តវ៉ា​ទាំងនោះ។

កាលពី​សប្តាហ៍​មុន​ សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​រាប់​សិន​នាក់ រួម​ទាំង​ថ្នាក់ដឹកនាំ​ក្រុម​តវ៉ា​ប្រមាណ១០នាក់​ផង និង​បាន​បំបែក​ក្រុម​តវ៉ា​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក។ ប៉ុន្តែ​ក្រោយ​ការ​បំបែកនិង​ចាប់ខ្លួន​តំណាង​ក្រុម​ដឹកនាំ​ការ​តវ៉ា​ហើយ ក្រុម​យុវជន​តវ៉ា​បំបែក​គ្នា​តវ៉ា​ជា​ក្រុ​មតូចៗ​នៅ​តំបន់​ផ្សេង​ៗក្នុង​ទីក្រុង​បាងកក ហើយ​ប្រជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​វិញ​ដដែល។

បន្ថែម​លើ​ការ​ទាមទារ​លក្ខខណ្ឌ៣ចំណុច ក្រុម​យុវជន​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ត្រូវបានចាប់ខ្លួនរាប់​សិប​នាក់ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ហេតុនៃ​ការ​តវ៉ា​ប្រឆាំង​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ