នាយក​​រដ្ឋ​មន្ត្រី​ ព្រមាន​​ចាត់​វិធានការ​​អ្នក​​ដែល​​មាន​​គម្រោង​​ធ្វើ​បាតុកម្ម​​នៅ​​ថ្ងៃ​២៣​តុលា​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃពុធ​នេះ បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ក្រុម​ដែល​ចង់​ប្រមូល​ផ្តុំ​ធ្វើបាតុកម្មដាក់​ញត្តិ​នៅ​ស្ថានទូត​នានា នៅ​ថ្ងៃខួប​ទី២៩ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ថា កម្ពុជា​កំពុង​មានទុក្ខ​ដោយសារ​គ្រោះ​ទឹកជំនន់និង​បញ្ហា​ជំងឺ​កូ​វីដ១៩។

ក្នុង​ពិធី​ជួប​សួរសុខទុក្ខនិង​ជួយឧបត្ថម្ភ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា មាន​ចលនា​មួយ​ក្រុមត្រៀម​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​មួយនៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៣ ខែតុលា ដែល​ចលនា​នោះ​បាន​ប្រមូល​កម្លាំង​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត។ លោក​ថា លោក​ក្តាប់​បាន​មុខសញ្ញា​ចលនា​ដែល​ត្រៀម​ធ្វើបាតុកម្ម​នោះ​ហើយ គឺ​មានការ​រៀបចំ​ពីក្រៅ​ប្រទេស។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ផ្តាំ​អ្នក​ដែល​ចង់​មក​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ ប្រយ័ត្ន​ប្រយែង គេ​កំពុង​ទឹក​លិច​ណា កុំមក​រញ៉េរញ៉ៃ​វើយ ប្រាប់​ឱ្យ​ហើយ។ និយាយ​គ្នា​ស្តាប់​ឱ្យ​បាន តិច​ថា​ខន្តី​ញោម ​[…] មុខសញ្ញា​អ្នកឯង​ គេ​គ្រប់គ្រង​បាន​ហើយ ផ្តាំផ្ញើ​ទៅ កុំមក​ដាក់​ញត្តិ​អី​ថ្ងៃ២៣តុលា​ហ្នឹង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «អ្នកចុះហត្ថលេខា ​[លោក​ ហ៊ុន សែន​] ឈរ​នៅ​ទីនេះ​ម្នាក់ ហើយលោក ទៀ បាញ់ ម្នាក់ទៀត នៅតែ​ពីរ​នាក់​ហ្នឹង​ទេ សុទ្ធតែ​អ្នកចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អ្នកឯង​កិច្ច​ព្រមព្រៀង​ប៉ារីស​អី​នឹងគេ​ដែរបាន​មក​ធ្វើបាតុកម្ម​ហ្នឹង? ហើយ​ស្គាល់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ច្បាស់​ទេ? […] កំពុង​ទឹកជំនន់​ផង កូ​វីដ​ផង កុំ​មក​រញ៉េ​រញ៉ៃ»។

ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​អង្គការ​-សមា​គម ចំនួន២៣ស្ថា​ប័ន កាលពី​ថ្ងៃម្សិលមិញ បាន​ដាក់​លិខិត​ជា​លើក​ទី២ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួបជុំគ្នា​ប្រមាណ១ពាន់​នាក់ រៀបចំ​រំឭក​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី២៣ ខែតុលា​នេះ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​រាជធានី​បដិសេធ​ទទួលលិខិត។

អង្គការ​-សមាគម​ទាំងនោះ រួមមាន មជ្ឈ​មណ្ឌល​សម័្ពន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​ (CENTRAL) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC​) អង្គ​កា​រស​ម័្ពន្ធ​ការងារ​សិទ្ធិមនុស្ស​កម្ពុជា ​(CHRAC​) និង​អង្គការ​សមា​គម​ផ្សេង​ៗទៀត។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា បាន​បង្ហាញ​ការ​សោក​ស្តាយនិង​ខកចិត្ត​ចំពោះ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មិនព្រម​ទទួលលិខិត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិលនៅតែ​រក្សា​ជំហរ​ប្រារព្ធ​ពិធី​នេះ​ដដែល។

លោក​បន្ថែម​ថា៖ «ខាង​សង្គម​ស៊ីវិល យើង​គ្រាន់តែ​ធ្វើពិធី​រំឭក​ខួប​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស វា​មិនមែន​ជា​ការ​ធ្វើការ​បាតុកម្ម​ទាមទារ​អីដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ទេ។ វា​ជា​ការ​ប្រារព្ធ​ធ្វើឡើង​ដោយសន្តិវិធី ដោយមាន​ការ​អញ្ជើញ​ភ្ញៀវជា​វាគ្មិន​ពី​ខាង​រដ្ឋាភិបាល​ចូល​ដែរ និង​មាន​មន្ត្រី​ស្ថានទូត​នានា​ដែល​ជា​ប្រទេស​ហត្ថលេខី​ហ្នឹង​ដែរ ដើម្បី​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅលើ​ទិវា​ហ្នឹង​ជាដើម»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​ពីអភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ លោក ម៉េ​ត មាស​ភក្តី បានទេ នៅ​ថ្ងៃពុធ​នេះ។

ប៉ុន្តែ​តាម​កំណត់ហេតុ​ប្រជុំរវាង​តំណាង​អង្គការ​សង្គម​ស៊ីវិលនិង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែតុលា អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ស្នើ​ឱ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិលរក​កន្លែង​ឯកជននិង​យក​ទីស្នាក់ការ​របស់​ខ្លួនដើម្បី​រៀបចំ ឬលើកពេល​ការរៀបចំ​ពិធី​នេះ​ទៅ​ថ្ងៃក្រោយ​វិញ។

អភិបាល​រាជធានី​ភ្នំពេញ​ លោក កើត ឆែ បញ្ជាក់​ក្នុង​កំណត់ហេតុ​ថា ការ​មិន​អនុញ្ញាត​ឱ្យ​មានការជួប​ជុំ​មនុស្ស​ច្រើន ​ឬមិន​ឱ្យ​មានការ​រៀបចំ​ពិធី​រំឭក​ថ្ងៃទី២៣ ខែតុលា​នេះ គឺ​ដោយសារ​រាជធានី​ភ្នំពេញ​ កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​តម្រូវ​ឱ្យមន្ត្រី​ដោះស្រាយ​បន្ទាន់និង​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​លិចលង់។

ក្រុម​អង្គការ​សមាគម គ្រោង​ប្រារព្ធ​ពិធី​រំឭក​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា ​នៅ​ទីលាន​ប្រជាធិបតេយ្យនៅ​ចុង​សប្តាហ៍​នេះ គ្រោង​ធ្វើឡើង​ក្រោម​ប្រធានបទ «២៣តុលា ​នាំមក​នូវ​បង្រួបបង្រួម​ជាតិ សន្តិភាព ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ» ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​សំ​ខាន់​ៗដែល​បាន​កើត​ពី​ការអនុវត្ត​កិច្ច​ព្រមព្រៀងនិង​គោលការណ៍​ចម្បងនៃ​កិច្ច​ព្រមព្រៀង ដើម្បី​បន្ត​ធានា​នូវ​ដំណើរការ​សន្តិភាពនិង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ