នាយក​​រដ្ឋ​មន្ត្រី​ ចង់​​បង្កើត​​សមាគម​​មួយ​ដើម្បី​​ការពារ​​ជន​​ពិការ​​ពី​​ការ​ប្រមាថ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពេលចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​បង្កើត​ «សមាគម​ការពារ​សេចក្តី​ថ្លៃថ្នូរ​ជន​ពិការ» ដើម្បី​ការពារ​ជន​ពិការ​ពីការ​ប្រមាថ​នានា ដែល​ធ្វើ​ឱ្យ​ប៉ះទង្គិច​អារម្មណ៍និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​ពិការ។

ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​អំឡុង​ពេល​ដែល​លោក​ចុះ​ជួប​សួរសុខទុក្ខនិង​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា កន្លងមក មានការ​ប្រមាថ​មួយចំនួន​ទៅលើ​ជន​ពិការ រួម​ទាំង​រូបលោក​ផង​ដែរ ដែល​ករណីនេះ លោក​មិន​អាច​អត់ឱនបានទេ។ លោក​បាន​អំពាវនាវ​ឱ្យ​មានការ​យោគយល់និង​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ជន​ពិការ និង​ចៀសវាង​ការប្រមាថ​ទៅលើ​ជន​ពិការ។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​អំពាវនាវ សូម​មេត្តា​យោគយល់​ចំពោះ​ជន​ពិការ បើ​ទោះបី​មិនបាន​ផ្តល់​អ្វី​ឱ្យ​ជន​ពិការ​ទេ សូម​មេត្តា​កុំ​ប្រមាថ​ជន​ពិការ ដូចជា​ការ​ហៅ​គ្នា អា​កំបាក់ អា​កំ​បុត»។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា លោក​ក៏​មានបំណង​ចង់​បង្កើត​សមាគម​មួយ​ដើម្បី​ការពារ​ជន​ពិការពី​ការប្រមាថ​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ក៏​ចង់​បង្កើត​សមាគម​ការពារ​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ជន​ពិការ ដើម្បី​ចៀសវាង​ការប្រមាថ​ [លើ​ជន​ពិការ​] នេះ​ជា​រឿង​មិនធម្មតា​មួយ​សម្រាប់​អារម្មណ៍​ជន​ពិការ វា​ប៉ះទង្គិច​អារម្មណ៍ ​[របស់​ពួក​គាត់​] ដោយ​ការប្រមាថ​ពី​អ្នកដទៃ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ