ប្រទេស​​ស៊ុយ​អែ​ត​ប្រកាស​អនុវត្ត​​សកម្ម​ភាព​​សាច់​ប្រាក់​​ពលកម្ម​​នៅ​​កម្ពុជា​

ស្ត្រី​ម្នាក់​ឈរ​កាន់​កូនឈើ​មួយ​ដើម និង​ពលរដ្ឋ​សហគមន៍​ជាច្រើន​ទៀត នាំគ្នា​ដាំ​កូនឈើ​នៅក្នុង​ដី​សហគមន៍​របស់​ពួក​គេ​នៅក្នុង​កម្មវិធី​មួយ​នា​ពេល​កន្លងទៅ។ (Embassy of Sweden in Phnom Penh​)

​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ចាប់ផ្តើម​អនុវត្ត​នូវ​កម្មវិធី​សាច់ប្រាក់​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​ដាំ​ដើមឈើ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ១៩។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ UNDP នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បាន​លើកឡើង​ថា កម្មវិធី​នេះមាន​គោលបំណង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជនបទ​ចំនួន១ ៦០០គ្រួសារ នៅ​ខេត្តពោធិ៍សាត់ និង​សៀមរាប ដាំ​ដើមឈើ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួននិង​បង្កើត​ស្ថានីយបណ្តុះ​កូនឈើ ព្រមទាំង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ដទៃទៀត​ទូទាំង​ប្រទេស។

សេចក្តី​ប្រកាស​ព័ត៌មាន បន្ត​ថា កម្មវិធី​នេះនឹង​ត្រូវ​អនុវត្ត​ក្រោម​ការដឹកនាំ​របស់ក្រ​សួង​បរិស្ថាន ដោយមាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី UNDP តាមរយៈ​គម្រោង​កសាង​បរិយាកាស​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (BESD​)។

ឯកអគ្គ​រាជទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊្យន ហេ​កម៉ាក បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ការ​គាំទ្រ​របស់​ប្រទេស​ស៊ុយអែត នូវ​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​ក្នុង​ទំហំ​ទឹកប្រាក់៤ ៣០០ ០០០ SEK ឬស្មើ​ប្រមាណ​កន្លះ​លាន​ដុល្លារ​អាមេរិក​នេះ នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​ផលវិបាក​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា។

លោក​បន្ត​ថា៖ «កញ្ចប់​ថវិកា​នេះ នឹង​ផ្តល់​ឱ្យ​សហគមន៍​ដែល​ងាយ​រងគ្រោះ នូវ​ឱកាស​រក​ប្រាក់ចំណូល​បា​នភ្លាមៗ តាមរយៈ​ការ​ដាំ​ដើមឈើ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​ទប់ទល់​ជាមួយនឹង​វិបត្តិសេដ្ឋកិច្ច​ដែល​កំពុង​កើតមាន ហើយ​សកម្មភាព​នេះក៏​នឹង​រួមចំណែក​ដល់​ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​មាន​សារៈសំខាន់​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា កម្មវិធី​នេះនឹង​បន្ត​អនុវត្ត​រហូតដល់​ខែមិថុនា ឆ្នាំ២០២១ ដែល​នឹង​ផ្ដល់​ឱកាស​ការ​ងារ​ភ្លាម​ៗដល់​សហគមន៍ដែល​មាន​តម្រូវការ​ចាំបាច់​ជាងគេ តាមរយៈ​សកម្មភាព​ដាំ​ដើមឈើនិង​បណ្តុះ​កូនឈើ​នៅ​រដូវប្រាំង។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ទិន ពន្លក មានប្រសាសន៍​ថា កម្មវិធី​សាច់ប្រាក់​ពលកម្ម​នេះ ជា​ការ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩ បាន​ទាន់ពេល​វេលានិង​ស្ដារ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សំ​ខាន់​ៗដែល​កំពុង​ទទួលរង​សម្ពាធ។

លោក​ថា៖ «ការងារ​នេះនឹង​ជួយ​បង្កើន​គម្រប​ព្រៃ​ក្នុង​តំបន់​គោលដៅដែល​ជា​ប្រភព​ស្រូប​យក​កាបូន រួមចំណែក​ដល់​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​យើង»។

ចំណែកតំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ​នៅ​កម្ពុជា លោក នីក បេ​រ៉េ​សហ្វ​ត (Nick Beresford​) បាន​ថ្លែង​ថា ប្រទេស​ស៊ុយ​អែ​ត និង UNDP ប្ដេជ្ញា​រួមគ្នា​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា អំឡុង​ពេល​មានការ​រាតត្បាត​ជាស​កល​នេះ។

លោក​ថា៖ «កម្មវិធី​ដាំ​ដើមឈើ​នេះជួយ​ផ្ដល់​ជា​សាច់ប្រាក់​ជា​ថ្នូរនឹង​កម្លាំង​ពលកម្ម នៅពេល​ដែលគេ​ត្រូវការ​សាច់ប្រាក់​ជាងគេ​បំផុត ហើយ​តាមរយៈ​ការ​វិនិយោគ​លើ​គម្រប​ព្រៃឈើ យើង​អាច​រួមចំណែក​ដល់​ការ​កសាង​អនាគត​កាន់តែ​បៃតងនិង​កាន់តែ​ស្អាត​សម្រាប់​គ្រប់គ្នា»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត និង UNDP ព្រៃឈើនិង​ជីវចម្រុះ​នៅ​កម្ពុជា នៅ​បន្ត​រង​សម្ពាធ​ក្នុង​កម្រិតខ្ពស់ ហើយ​វា​កំពុង​មានការ​កើនឡើង​ដោយសារតែ​ការ​រាតត្បាត​ជាស​កលនៃ​ជំងឺ​កូ​វីដ​-១៩។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ទៀត​ថា មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា បានបាត់បង់​ការងារ​ធ្វើ ហើយ​ពលករ​ចំណាកស្រុក​ជាង១០ម៉ឺន​នាក់ បាន​វិលត្រឡប់​ពី​ប្រទេសជិតខាង​ទៅកាន់​ស្រុកកំណើត​នៅ​តំបន់ជនបទ​វិញ ដែល​ធ្វើ​ឱ្យ​ការស្វែងរក​ប្រាក់ចំណូលនិង​ស្បៀងអាហារ​កាន់តែ​លំ​បា​កទៅៗ​សម្រាប់​ប្រជាជន​មួយចំនួន។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា ដើម្បី​ជីវភាពរស់នៅ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ជំងឺរាតត្បាត​នេះ ប្រជាជន​កាន់តែ​ច្រើន​ចាប់ផ្ដើម​ចូលព្រៃ ដើម្បី​កាប់​ឈើ បរបាញ់​សត្វព្រៃ និង​នេសាទ​ជាដើម ដែល​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កំពុង​មាន​ភាព​ផុយ​ស្រួយ​រួច​ទៅ​ហើយ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ