តុលាការ​ចេញ​ដីកា​កោះ​​ហៅ​​លោក​ សម​ រង្ស៊ី​ និង​​សមាជិក​​បក្ស​​ប្រឆាំង​៨​រូប​​ឱ្យ​​ចូល​ខ្លួន​ពី​​បទ​​ឧបឃាត​

ក្រុម​មន្ត្រី​សមត្ថកិច្ច​យក​ដីកាកោះហៅ​អតីត​មេដឹកនាំ​និង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ បិទ​នៅ​ទីតាំង​អតីត​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអង្គារ​នេះ បាន​ចេញដីកាកោះ​ហៅអតីត​មេដឹកនាំនិង​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប ឱ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​នៅ​សប្តាហ៍​ទី២ ខែវិច្ឆិកា ពាក់ព័ន្ធ​នឹង​បទ «ឧបឃាត» «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»

យោង​តាម​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញា​រង សេង ហៀង នៅ​ថ្ងៃអង្គារ​នេះ បាន​តម្រូវ​ឱ្យ​អតីត​មេដឹកនាំនិង​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន៩រូប ឱ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា​ម៉ោង៨ព្រឹក ជាកំហិត ដើម្បី​ឆ្លើយ​ដោះ​សារ​ពី​ការចោទប្រកាន់លើ​សំណុំរឿង «ឧបឃាត»នេះ។

អតីត​មេដឹកនាំនិង​សមាជិក​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង៩រូប​នោះ រួមមាន លោក សម រង្ស៊ី​, លោកស្រី ជូ​ឡុង សូ​មូរ៉ា ​(ភរិយា​លោក​ សម រង្ស៊ី​), លោក​ អេង ឆៃ​អ៊ា​ង, លោកស្រី មួរ សុខ​ហួរ​, លោក​អ៊ូ ចាន់​ឬទ្ធិ​, លោក​ ហូរ វ៉ាន់​, លោ​ក ឡុង រី​, លោ​ក ម៉ែ​ន សុ​ថា​វរិ​ន្រ្ទ និង​លោក នុត រំដួល។

វី​អូ​ឌី ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​ដីកាកោះ​នេះ​ពីអ្នកនាំពាក្យ​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​នេះ គ្រាន់តែ​បង្ហាញ​ពី​រូបភាព​ផ្លូវច្បាប់ ដើម្បី​កុំឱ្យ​គេ​មើលឃើញ​ថា ការចោទប្រកាន់​កន្លងទៅ​មាន​លក្ខណៈ​នយោបាយ​ប៉ុណ្ណោះ។

លោក​ថា៖ «បើសិនជា​អត់មាន​នីតិវិធី​ចោទប្រកាន់​ទេឬកាត់សេចក្តី​ទេ វា​ឃើញថា ការចោទប្រកាន់​នេះមាន​លក្ខណៈ​នយោបាយ​ពេក អ៊ីចឹង​ទេ ​យន្តការ​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ត្រូវតែ​ដំណើរការ​ទៅ មិន​អាច​ខកខាន​បានទេ ត្រូវ​ឱ្យ​មាន​នីតិវិធី​ជា​រូបភាព​មួយ»។

មួយវិញទៀត លោក​ថា យន្តការ​កោះ​នេះ នឹង​មិន​ធ្វើ​ឱ្យលោក​ សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ​ទេ ទោះ​លោក ​សម រង្ស៊ី ធ្លាប់​លើកឡើង​ពី​ការ​ចង់​វិល​ចូល​កម្ពុជា​វិញ ដើម្បី​តតាំង​នឹង​តុលាការ​ក៏ដោយ ដោយសារ​ការ​កៀរគរ​កម្លាំង​របស់​ក្រុមប្រឆាំងមិនទាន់​បាន​ពេញលេញ​នៅឡើយ។

កាលពី​ថ្ងៃទី០៣ ខែតុលា តុលាការ​ធ្លាប់​បាន​ចេញដីកា​ឱ្យ​ចាប់ខ្លួនលោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង៨រូប​ទៀត ពាក់ព័ន្ធ​នឹង​បទ​ចោទ «ឧបឃាត» ឬ «ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ម្តង​រួចមក​ហើយ តាមរយៈ​ផែនការ​នៃ​ការ​វិល​ត្រលប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែលោក សម រង្ស៊ី បាន​ចាត់ទុក​ការចោទប្រកាន់​នេះ​ថា គ្រាន់​ជា​លេស ដើម្បី​រារាំង​មាតុភូមិ​និវត្តន៍​របស់​លោក​ដោយសន្តិវិធី​តែប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ