អតីត​​មន្រ្តី​ CNRP​ ម្នាក់​​ត្រូវ​​វះ​​ឈាម​កក​​ក្នុង​​ក្បាល​​បន្ទាប់​ពី​​ត្រូវ​​គេ​​វាយ​​នឹង​​ដុំ​ឥដ្ឋ​

អតីត​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោក ឌិន វ៉ារិន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ក្រោយ​កើតហេតុ​ការណ៍​ត្រូវ​ជន​មិន​ស្គាល់​មុន​វាយ​នឹង​ដុំឥដ្ឋ​កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (ផ្ដល់​ឱ្យ​)

បុរស​ម្នាក់​ដែល​ជា​អតីត​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មក​ពីអ​តី​តគណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ធ្វើការ​វះកាត់​យក​ឈាមកក​ក្នុង​ក្បាល បន្ទាប់ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញា​ណបាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​បាន​ប្រើ​ដុំឥដ្ឋ​វាយ​លើ​គាត់។ 

អតីត​ក្រុមប្រឹក្សា​ខណ្ឌមានជ័យមក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោក ​ឌិន វ៉ារិន ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ដុំឥដ្ឋ​វាយ​ចំក្បាល បណ្ដាល​ឱ្យ​រង​របួសធ្ងន់ធ្ងរ​ កាលពី​ព្រឹកម៉ោង១០ ថ្ងៃទី១៩ ខែតុលា នៅក្នុង​ផ្សារ​ចាក់​អង្រែ។

ភរិយា​របស់​លោក ឌិន វ៉ារិន គឺ​អ្នកស្រី ចាន់ សុ​ភក្តិ ថ្លែងប្រាប់​វី​អូ​ឌី​ថា ប្ដី​របស់​គាត់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នា​រាជធានី​ភ្នំពេញ បន្ទាប់ពី​គ្រូពេទ្យ​បាន​វះកាត់​យក​ឈាមកកចេញពី​ក្បាល​រួចមក​នោះ។

អ្នកស្រី​ ចាន់ សុ​ភក្តិ បាន​ប្រាប់​ថា៖ «វះ​យប់មិញ ​[ថ្ងៃទី១៩ ខែតុលា​] ពេទ្យ​គេ​ថត​ឱ្យ​យើង​មើល​បើ​អត់​វះ​ទេ ឈាម​នឹងចេញ​ច្រើន​ទៅៗ ពេទ្យ​ថា​ វះ​ទៅ​ យក​ឈាម​ហ្នឹង​ចេញ។ ហើយ​ឆ្អឹង ចិញ្ចឹម​ហ្នឹង​បាក់​ខុប​ចូល ចិញ្ចើម​បាក់​ទៀត ត្រូវរបួស​មួយ​ចំហៀង​មុខ ជាំ​ភ្នែក​ទាំងពីរ ពីលើ​ភ្នែក​តែម្ដង ភ្នែក​គាត់​បើក​អត់​រួច​ទេ»។

អ្នកស្រី ចាន់ សុ​ភក្តិ បាន​រំឭក​ពី​ព្រឹត្តិ​ការណ៍​វាយប្រហារ​លើ​ស្វាមី​របស់​ខ្លួន​ថា៖ «ដុំឥដ្ឋ! ដុំឥដ្ឋ​ប្រហោងបួនជ្រុង​ ហើយ​មាន​ ហើយ​វា​មាន​បន្តក់​ស៊ីម៉ង់​សម្រាប់​វាយ​ឱ្យ​ធ្លុះ​ហ្មង មក​វាយ​ប្ដី​ខ្ញុំ​ ប្ដី​ខ្ញុំ​ដើរ​ស្ដាំ ​វា​ជិះ​ឆ្វេង វាយ​មួយ​ទំហឹង​ហ្នឹង​ណា។»

ស្ត្រី​អ្នកលក់សាច់​ជ្រូក​ម្នាក់​ រៀបរាប់​ហេតុការណ៍​ប្រាប់​វី​អូ​ឌី​ថា លោក ឌិន វ៉ារិន បាន​ដួល​នៅ​ម្ខាង​ផ្លូវ​ចំមុខ​តូប​លក់​របស់​អ្នកស្រី​កាលពី​ព្រឹក​ថ្ងៃចន្ទ ដោយមាន​ឈាម​ហូរតាម​ច្រមុះ។ អ្នកស្រី​បានឃើញ​មាន​ម៉ូតូ​មួយ​បើក​កាត់។ មុនដំបូង អ្នកស្រី​គិតថា គេ​បើកកៀរ​លោក ​វ៉ារិន ប៉ុន្តែ​ក្រោយមក​អ្នកស្រី​ឃើញ​មាន​ដុំ​ថ្ម​មួយដុំ​នៅ​ក្បែ​កន្លែង​ដែល​គាត់​ដួល។

អ្នកស្រី​បាន​និយាយ​ថា វ៉ារិន ខំប្រឹង​ក្រោក​ឡើង ប៉ុន្តែ​ខ្លួន​គាត់​មាន​សភាព​ញ័រ​ ហើយ​ដួល​ទៅវិញ។ អ្នកលក់សាច់​ជ្រូក​ដែល​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ ដោយសារ​ជា​អ្នកលក់​ដូរ​នៅ​ទីផ្សារ​នេះ​ បាន​និយាយ​ថា ប្តី​របស់​អ្នកស្រី​ស្ទុះ​ទៅ​លោត​កន្លង​លើ​លោក វ៉ារិន ពីរបី​ដង ជា​ជំនឿ​ដែល​មនុស្ស​មួយចំនួន​ធ្វើ​ ដើម្បីឱ្យ​អ្នក​សន្លប់​ដឹងខ្លួន​ឡើងវិញ​និង​បណ្តេញ​គ្រោះចង្រៃ ស្រប​ពេល​ក្រុម​មនុស្ស​ចាប់ផ្តើម​មក​ចោមរោម​មើល។

អាជីវករ​រូប​នេះ​បាន​និយាយ​ថា អ្នកស្រី​គ្រាន់តែ​ដឹង​ថា លោក វ៉ារិន គឺជា​អ្នកលក់​បន្លែ​នៅ​កាច់ជ្រុង​ផ្សារ ហើយ​អាជីវករ​ខ្លះ​ស្រែកហៅ​ប្រពន្ធ​របស់​លោក វ៉ារិន ដែល​កំពុង​លក់​បន្លែ​នៅ​ស្តង់​របស់​គាត់។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​ប្រាប់​ថា គាត់​មិនបាច់​ស្រែក​ឱ្យជួយ​ទេ យក​គាត់​ទៅ​ពេទ្យ​ភ្លាម​ៗទៅ ពីព្រោះ​គ្មាន​នរណា​អាច​ជួយ​គាត់​បានទេ»។

អ្នកស្រី​រៀបរាប់​ថា មាន​ឈាម​ហូរ​ច្រើនណាស់​នៅពេល​នោះ។

ឌី ឡា​ប៉ុច អាយុ៣៧ឆ្នាំ ជា​អ្នក​លក់អង្ករ​នៅ​ស្តង់​ក្បែរ​អ្នកលក់សាច់​ជ្រូក​នោះ​ បាន​និយាយ​ថា អ្នកស្រី​បានឃើញ​លោក វ៉ារិន ដួល ប៉ុន្តែ​មិនដឹង​ថា គាត់​មាន​ឈាម​ហូរ​តាម​ច្រមុះ​និង​ត្រ​ចៀក​ទេ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​អត់​ហ៊ាន​មើល​ទេ ក្រោយពី​ខ្ញុំ​ឃើញ​មាន​ឈាម​ហូរ»។

អាជីវករ​ទាំងនោះ​អះអាង​ថា នគរបាល​បាន​មក​សុំ​ឆែកមើល​កា​មេ​រ៉ា​សុវត្ថិភាព​នៅ​ហាងអ៊ុតសក់​ទល់មុខ​ស្តង់​របស់​ពួក​គាត់ ប៉ុន្តែ​ក្រុម​មន្ត្រី​ដែល​ខ្លះ​ស្លៀកពាក់​ស៊ីវិល​និង​ខ្លះ​មាន​ឯកសណ្ឋាន​នោះ​មិនបាន​សួរនាំ​ពួក​គាត់​ទេ។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍​ថា នគរបាល​មូលដ្ឋាន​កំពុងធ្វើការ​លើ​រឿង​នេះ និង​ថា ​ពួក​គេ​កំពុង​តាមដាន​ស្រាវជ្រាវ​ចំពោះ​ករណីនេះ​ដើម្បី​វែកមុខ​រក​អ្នក​ប្រព្រឹត្ត។

លោក សាន សុខសីហា មានប្រសាសន៍៖ «សមត្ថកិច្ច​កំពុងធ្វើការ​លើ​រឿង​ហ្នឹង តាំងពី​ពេល​កើតហេតុ តាំងពី​យើង​ទទួល​បាន​ព័ត៌មាន​ភ្លាម។ សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​កើតហេតុ តាម​ជំនាញ​ស្រាវជ្រាវ​រឿង​ហ្នឹង ប៉ូល​ិសបាន​ទទួលការ​ផ្ដល់​ចម្លើយ​ពី​ប្រពន្ធ​គាត់​ មិនទាន់​ទទួល​បាន​ចម្លើយ​ពី​ជនរងគ្រោះ​ទេ។»

នាយករង​អង្គការ​លី​កាដ​ូ លោក អំ សំអាត ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ស៊ើបអង្កេត​ករណី​ហិង្សា​ជាបន្ទាន់​ពិសេស ត្រូវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទា​ទោស​តាមច្បាប់។

លោក អំ សំអាត បាន​លើកឡើង​ថា៖ «យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​រក​ជន​ដៃដល់​មក​ផ្តន្ទា​ទោស​តាមច្បាប់ ទី១ គឺ​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ទី២ គឺ​បំបាត់​វប្បធម៌​និ​ទណ្ឌ​ភាព ទី៣ គឺ​បំបាត់​មន្ទិល​ដែលគេ​រិះគន់ថា​ជា​រឿង​នយោបាយ»។

ទោះ​យ៉ាងណាក៏ដោយ ​អ្នកស្រី ចាន់ សុ​ភក្តិ ចាត់ទុកថា ​អំពើ​ហិង្សា​លើ​ប្ដី​របស់​អ្នកស្រី​មិនមែន​ជា​ករណី​គំនុំ​គំ​កួនឡើយ​ ដោយសារតែ​គ្រួសារ​គាត់​មិនដែល​មាន​ទំនាស់​ពីមុន​មក​ជាមួយ​អ្នកណា​នោះ​ទេ។

អ្នកស្រី ចាន់ សុ​ភក្តិ បាន​និយាយ​ថា៖ «គ្រួសារ​ខ្ញុំ​តាំងពី​ចេញ​ពី​អា​ពតមក​ដល់​ឥលូវ ​មិនដែល​ឈ្លោះ​ជាមួយ​អ្នកណា​ទេ! ខ្ញុំ​កំពុង​ភ័យ​បារម្ភ​ពី​សុវត្ថិ​ភា​ពកូន​ៗផង ព្រោះ​គិតថា ​គេ​អាច​ជីក​ស្មៅ​ជីក​ទាំង​ឫសផង។»

បើ​តាម​លោក អំ សំអាត ចាប់ពី​ឆ្នាំ២០១៨ រហូតមកដល់​ថ្ងៃទី២០ ខែតុលា​នេះ សកម្មជន​និង​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង១០នាក់​រួចហើយ​ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ប្រើប្រាស់​ហិង្សា​វាយ​បណ្ដាល​ឱ្យ​រង​របួស។ 

មន្ត្រី​ជាន់ខ្ពស់គណបក្ស​ប្រឆាំង ​ធ្លាប់​បាន​ចាត់ទុកថា អំពើ​ហិង្សា​មក​លើស​មា​ជិ​កគណបក្ស​សង្គ្រោះ​ជាតិ ជា​ករណី​ហិង្សា​ផ្នែក​នយោបាយ ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​ការចោទប្រកាន់​នេះ។ ទោះជាយ៉ាងណា​ក្ដី​ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ​ក្នុង​សំណុំរឿងមន្ត្រី​បក្ស​ប្រឆាំង​រង​នូវ​អំពើ​ហិង្សា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ